តើអ្នកបានដឹងអ្វីខ្លះពីជំនាញជីវវិទ្យា? មានមនុស្សភាគច្រើនបានគិតថា ឲ្យតែរៀនមុខវិជ្ជាជីវៈនឹងហា គឺចេញមកដឹងតែធ្វើជាគ្រូម៉ង។ ហើយប្រហែលជាអ្នកដែលកំពុងអាននឹង ក៏គិតចឹងដែរ? មែនអត់? តែវាមិនចឹងទាំងអស់នោះទេ ហើយក៏មិនមែនមានន័យថា ឲ្យតែអ្នករៀនជំនាញជីវវិទ្យា សុទ្ធតែធ្វើគ្រូជាណា យើងក៏អាចធ្វើការងារផ្សេង ក្រៅពីគ្រូបង្រៀនក៏ថាបាន។ ជាក់ស្ដែងដូច លោករដ្ឋមន្ដ្រីក្រសួងអប់រំសព្វថ្ងៃយើងចឹង ដឹងអត់ថា កាលពីមុន គាត់ក៏ធ្លាប់រៀនជំនាញជីវៈ ហើយក៏ធ្លាប់ធ្វើជាគ្រូជីវវិទ្យាម្នាក់ដែរ តែដល់ឥឡូវគាត់អាចក្លាយជារដ្ឋមន្រ្ដីមួយរូប ដែលមានមនុស្សជាច្រើនបានស្គាល់ក្នុងវិស័យអប់រំ។
លើកឧទាហរណ៍តែប៉ុននឹងបានហើយ ឥឡូវចូលដល់រឿងយើងវិញម្ដង ប្រសិនជាអ្នកចង់រៀនមុខជំនាញនឹងមែន អ្នកគួរតែយល់ដឹងពីរឿងខ្លះៗអំពីវា។ ហើយអ្នកសរសេរម្នាក់នេះសង្ឃឹមថា សំណួរខាងក្រោមនឹងបង្ហាញប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងខ្លះៗពីជំនាញមួយនេះ។
១. អ្វីទៅជាជំនាញជីវវិទ្យា?
ជំនាញជីវវិទ្យា គឺជាជំនាញមួយក្នុងផ្នែកវិទ្យាសាស្រ្ដ ដែលសិក្សាអំពីជីវិត ដែលរាប់បញ្ចូលទាំងមនុស្ស សត្វ និងរុក្ខជាតិ។ ហើយការសិក្សានូវជំនាញនេះ វាទាមទារឲ្យយើងយល់ដឹងខ្លះៗអំពីរចនាសម្ព័ន្ធ (Structure), មុខងារ (Function), ការលូតលាស់ (Growth), ដើមកំណើត (Origin), ការវិវត្ដន៍ (Evolution) របស់ភាវៈទាំងអស់ ទាំងមានជីវិត និងឥតជីវិត។ លើសពីនេះទៅទៀត ជំនាញនេះ ក៏បានផ្តោតយ៉ាងខ្លាំងទៅនឹងការស្រាវជ្រាវនៅមន្ទីរពិសោធន៍ ជាពិសេស គឺការចុះទៅធ្វើកម្មសិក្សាផ្ទាល់តែម្ដង។ ហើយក្នុងនោះដែរ ជំនាញនេះ ក៏ទាក់ទងយ៉ាងខ្លាំងទៅនឹងការសិក្សាលើបរិស្ថាន ព្រោះថា បរិស្ថានគឺត្រូវតែផ្សារភា្ជប់ទៅនឹងជីវិត ហើយកាលណាមានបរិស្ថានល្អ នោះជីវិតទាំងឡាយក៏រស់នៅបានប្រសើរដូចគ្នា។
២. តើជំនាញជីវវិទ្យាសិក្សាពីអ្វីខ្លះ?
ជំនាញនេះត្រូវផ្ដោតសំខាន់ទៅលើមូលដ្ឋានគ្រឹះ ៥យ៉ាងគឺ ទ្រឹស្ដីកោសិកា (Cell Theory), ថាមពល (Energy), ការបន្ដពូជ (Heredity), លំនឹងនៃសារពាង្គកាយ (Equilibrium) និងការវិវត្ដន៍នៃភាវៈ (Evolution)។ ហើយមូលដ្ឋានគ្រឹះទាំង ៥នេះ បានធ្វើឲ្យមានការបែងចែកជាមុខវិជ្ជាយ៉ាងច្រើនដូចជា៖
- គីមីសរីរាង្គវិទ្យា (Organic Chemistry) គឺជាការសិក្សាអំពីសម្ភារៈ សមាសធាតុ សម្ព័ន្ធ លក្ខណៈ និងប្រតិកម្មរបស់សារធាតុសរីរាង្គ
- កោសិកាវិទ្យា (Cytology) គឺជាការសិក្សាអំពីសម្ព័ន្ធ និងមុខងាររបស់សែន
- សត្វសាស្រ្ដវិទ្យា (Zoology) គឺជាការសិក្សាអំពីសត្វ
- កាយវិភាគវិទ្យា (Anatomy) គឺជាការសិក្សាសរីរាង្គ របស់មនុស្ស និងរុក្ខជាតិ
- ពន្ធុវិទ្យា (Genetics) គឺជាការសិក្សាអំពីសែន
- រុក្ខវិទ្យា (Botany) គឺជាការសិក្សាអំពីរុក្ខជាតិ
- ប្រព័ន្ធស៊ាំវិទ្យា (Immunology) គឺការសិក្សាអំពីភាពស៊ាំរបស់មនុស្ស
- សរីរវិទ្យា (Physiology) គឺជាការសិក្សាអំពីកោសិកា ជាលិកា និងសារពាង្គកាយ
- ថនិកសត្វវិទ្យា (Mammalogy) គឺការសិក្សាអំពីថនិកសត្វ
- ឧរង្គសាវិទ្យា (Herpetology) គឺការសិក្សាអំពីសត្វល្មូន និងមណ្ឌុកសត្វ
- បរាសិតវិទ្យា (Parasitology) គឺជាការសិក្សាអំពីពពួកបរាសិត
- ក្សេត្រសាស្រ្ដ (Agronomy) គឺជាការសិក្សាអំពីកសិកម្ម
- វិទ្យាសាស្រ្ដជលផល (Fisheries Science) គឺជាការសិក្សាអំពីធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី)
- បរិស្ថានវិទ្យា (Ecology) គឺជាសិក្សាអំពីទំនាក់ទំនងរវាងសារពាង្គកាយទៅនឹងបរិស្ថាន។ល។
៣. តើជំនាញជីវវិទ្យាអាចផ្តល់ឱកាសការងារអ្វីខ្លះ ក្រោយពេលបញ្ចប់ការសិក្សា?
មុខជំនាញជីវវិទ្យា បានផ្តល់ឱកាសការងារជាច្រើនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាឲ្យក្លាយជា៖
- សាស្ដ្រាចារ្យជីវវិទ្យា
- អ្នកបរិស្ថានវិទ្យា (Environmentalist)
- អ្នកស្រាវជ្រាវ (Researcher)
- អ្នកបើកកសិដ្ឋានចិញ្ចឹមសត្វ
- អ្នកបើកកសិដ្ឋានបណ្ដុះកូនរុក្ខជាតិ
- អ្នកធ្វើការក្នុងរោងចក្រផលិតម្ហូបអាហារ
ហើយបើយើងបានបញ្ចប់ការសិក្សាជំនាញឯកទេសនៅថ្នាក់ឧត្ដមសិក្សាទៀត យើងនឹងអាចក្លាយទៅជា៖
- ជីវវិទូកោសិកា (Cellular Biologist)
- ជីវវិទូមីក្រូប៊ី (Microbial Biologist)
- ឧតុនិយមវិទូ (Meteorologist)
- ភូគព្ភវិទូ (Geologist)
- រុក្ខវិទូ (Arborist or Tree Surgeon)
- សែនវិទូ (Geneticist)
៤. តើអ្នកអាចសិក្សាជំនាញជីវវិទ្យា នៅសាកលវិទ្យាល័យណាខ្លះ?
អ្នកអាចសិក្សាជំនាញជីវវិទ្យានេះ នៅសាកលវិទ្យាល័យជាច្រើនដូចជា
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
- សាកលវិទ្យាល័យបាត់ដំបង (បាត់ដំបង)
- សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ (ព្រៃវែង)
- សាកលវិទ្យាល័យកម្ពុជាអន្ដរជាតិ (CamIU)
- សាកលវិទ្យាល័យអន្ដរជាតិ (IU)
- សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)
- សាកលវិទ្យាល័យបញ្ញាជាតិ (PCU)
- សាកលវិទ្យាល័យខេមរៈ (Khemarak University)
- សាកលវិទ្យាល័យអង្គរខេមរា (កំពត)
- វិទ្យាស្ថានខេមរាសាស្រ្ដ (ព្រៃវែង)
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60