តើសិស្សានុសិស្សថ្នាក់ទី 12 គួរត្រៀមខ្លួនយ៉ាងដូចម្តេចក្នុងរយៈពេល 2 ខែមុនប្រទ្បងបាក់ឌុប?

September 07, 2023
Visitor/s 1.7K
background image

ក្នុងរយៈពេល២ខែទៀត ការប្រទ្បងបាក់ឌុបនឹងមកដល់សម្រាប់សិស្សានុសិស្សថ្នាក់ទី ១២។ សិស្សានុសិស្សខ្លះអាចនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រទ្បង ចំណែកឯសិស្សានុសិស្សមួយចំនួនទៀតអាចនឹងមានភាពពិបាកចំពោះការត្រៀមខ្លួនប្រទ្បងក្នុងរយៈពេល២ខែនេះ។ ក្នុងអត្ថបទនេះ យើងនឹងចែករំលែកគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនប្រទ្បងបាក់ឌុបនាពេល២ខែខាងមុខនេះ។

1. ការធ្វើស្វ័យសិក្សា

ការទន្ទេញមេរៀន និងការអនុវត្តលំហាត់

អ្នកអាចចាប់ផ្តើមពីការទន្ទេញមេរៀន និងការអនុវត្តលំហាត់ ដោយជាដំបូងអ្នកគួរកំណត់កាលវិភាគសិក្សាឲ្យត្រឹមត្រូវ និងផ្តល់ពេលវេលាឪ្យខ្លួនឯងអោយបានគ្រាប់គ្រាន់ក្នុងការទន្ទេញមេរៀន និងការអនុវត្តលំហាត់តាមមុខវិជ្ជា។ អ្នកអាចសាកល្បងទន្ទេញ 5 សំណួរ និងអនុវត្ត 2 ទៅ 3 លំហាត់ក្នុងរយៈពេលមួយថ្ងៃទៅតាមកាលវិភាគសិក្សារបស់អ្នក។

សម្រាប់អ្នកសិក្សាមុខវិជ្ជាសង្គម អ្នកអាចចាប់ផ្តើមពីការទន្ទេញមេរៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា និងផែនដី និងបរិស្ថានវិទ្យា។ទន្ទឹមនឹងនេះអ្នកគួរអនុវត្តការសរសេរតែងសេចក្តី និងការអនុវត្តលំហាត់គណិតវិទ្យាដើម្បីពង្រឹងសមត្ថភាពខ្លួនឯងលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ និងចងចាំរូបមន្តគណិតវិទ្យាសំខាន់ៗ។

សម្រាប់អ្នកសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត អ្នកអាចចាប់ផ្តើមពីការអនុវត្តលំហាត់មុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងជីវៈវិទ្យា។ ដោយការអនុវត្តលំហាត់ អ្នកអាចចងចាំរូបមន្តសំខាន់ៗនិងគន្លឹះដោះស្រាយលំហាត់ក្នុងមុខវិជ្ជាទាំងនោះ។ បន្ថែមពីនេះ អ្នកគួរអនុវត្តការសរសេរតែងសេចក្តី ដើម្បីចងចាំឈ្មោះតួអង្គសំខាន់ៗ និងប្រភេទអក្សរសិល្ប៍។ ទន្ទឹមនឹងនេះ អ្នកគួរបែងចែកពេលវេលាមួយចំនួនសម្រាប់ការទន្ទេញមេរៀនប្រវត្តិវិទ្យា និងជីវៈវិទ្យា។

ការស្វែងរកជំនួយពីលោកគ្រូ អ្នកគ្រូ និង មិត្តភក្តិ

នៅពេលអ្នកមានចម្ងល់ពីលំហាត់ និងប្រធានណាមួយ អ្នកអាចពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ និងមិត្តភក្តិដើម្បីឲ្យពួកគាត់ជួយដោះស្រាយចម្ងល់ទាំងនោះ និងបង្កើនចំណេះដឹងថ្មីៗសម្រាប់ខ្លួនឯងនិងមិត្តភក្តិផងដែរ។

ការពិភាក្សាជាមួយមិត្តភក្តិ

អ្នកអាចសិក្សារួមជាមួយមិត្តភក្តិដោយការផ្ទៀងផ្ទាត់ចម្លើយ និងការពន្យល់មេរៀន និងការដោះស្រាយលំហាត់គ្នាទៅវិញទៅមក។ ការធ្វើបែបនេះនឹងជួយពង្រឹងសមត្ថភាពអ្នកលើមុខវិជ្ជាដែលអ្នកពុំទាន់ចេះស្ទាត់ និងជួយបង្កើនទំនុកចិត្តរបស់អ្នក។

មានពេលសម្រាកឲ្យបានទៀងទាត់

អ្នកអាចចំណាយពេល 5 ទៅ 10 នាទីសម្រាកពីការសិក្សាដើម្បីធ្វើចលនារាងកាយដែលជួយឲ្យអារម្មណ៍អ្នកមានភាពស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹង។

2. ការថែទាំផ្លូវកាយ  និងផ្លូវចិត្ត៖

ផ្លូវកាយ និងផ្លូវចិត្តពិតជាកត្តាដ៏សំខាន់មួយក្នុងការនាំនូវភាពជោគជ័យដល់បណ្តាសិស្សានុសិស្សថ្នាក់ទី ១២

ការរៀបកាលវិភាគឲ្យបានត្រឹមត្រូវ

សិស្សានុសិស្សអាចចំណេញពេលវេលា និង មិនខ្ជះខ្ជាយកម្លាំងសម្រាប់មុនពេលប្រឡង ការរៀបចំកាលវិភាគឲ្យមានប្រសិទ្ធិភាពដល់ខ្លួនឯងជាចំណែកមួយក្នុងការថែរក្សាផ្លូវចិត្តឲ្យមានពេលសមស្របក្នុងការត្រៀមខ្លួន និងការមើលថែកម្លាំងកាយឲ្យមានលំនឹងផងដែរ។ ក្នុងចំណុចនេះមានន័យថាសិស្សានុសិស្សគួររៀនសម្គាល់ខ្លួនឯងនូវពេលវេលាណាដែលខ្លួនគិតថាសាកសម និងងាយស្រួលក្នុងការយល់នូវពេលធ្វើស្វ័យសិក្សា បុគ្គលខ្លះអាចចាត់ទុកម៉ោងទៀបភ្លឺដើម្បីទន្ទេញមេរៀន ឯខ្លះទៀតនិយមនូវពេលយប់ជៀសជាងសម្រាប់ធ្វើលំហាត់។ ដូច្នេះហើយការគ្រប់គ្រងពេលវេលា និងស្គាល់នូវពេលវេលាដែលសាកសមសម្រាប់ដំណើរការនៃខួរក្បាល ពិតជាជំនួយមួយក្នុងការថែទាំកាយ និងចិត្តថែមទាំងចំណេញពេលវេលា និងកម្លាំងផងដែរ។

ចំណាយពេលប្រមាណ ២០នាទីក្នុងការអប់រំចិត្ត

ការស្តាប់ធម៌ ផតខាស់ ឬចម្រៀង អាចរំដោះនូវភាពអវិជ្ជមាន   និងភាពតានតឹងក្រោយពីការរៀនពេញមួយថ្ងៃ។ ការអប់រំចិត្តរបៀបនេះអាចស្រូបយកផលវិជ្ជមាន និងមានអារម្មណ៍ល្អក្នុងការរៀនសូត្របន្តទៀត ព្រោះអាចធ្វើឲ្យបន្ធូរចិត្ត និងដោះលែងខ្លួនចេញពីសម្ពាធ។ ការហ្វឹកហាត់ខួរក្បាលដោយការស្តាប់ អាចផ្តល់ថាមពលឲ្យខ្លួនប្រាណមានកម្លាំង និងស្វះស្វែងព្រោះបានបំប៉នចិត្តឲ្យទទួលយល់នូវភាពវិជ្ជមាន និងជម្រុញឲ្យធ្វើតែអំពើដែលល្អសម្រាប់ផ្តល់ឲ្យខ្លួន។ ទម្លាប់នេះក៏អាចធ្វើឲ្យសិស្សានុសិស្សមានភាពអំណត់ក្នុងការរៀនសូត្រ និងចៀសវាងភាពខ្ជិលច្រអូសផងដែរ ដោយសារតែពួកគេចង់អភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងមុន។

បរិភោគអាហារដែលផ្តល់ថាមពលដល់ខួរក្បាល

ថ្វីបើពេលវេលាខើចយ៉ាងណាក្តី សិក្សានុសិស្សគួរចៀសវាងអាហារណាដែលពុំគួរទទួលទាន ការបរិភោគអាហារដែលចំអិននៅផ្ទះគឺជាអាហារដែលមានអនាម័យ និងសម្បូរដោយប្រូតេអ៊ីនទើបធ្វើឲ្យរាងកាយមានកម្លាំងក្នុងការស៊ូទ្រាំក្នុងការរៀនសូត្រនៅសាលារៀន ឬការរៀនគួរបន្ថែមក្រៅម៉ោង។ ចំណីដែលប៉ះពាល់ដល់សុខភាពមិនគួរបរិភោគឡើយ ទោះមានរសជាតិឆ្ងាញ់យ៉ាងណាក៏ដោយ ព្រោះការប្រឡងខាងមុខពិតជាសំខាន់ណាស់ ដូច្នេះហើយមិនគួរបណ្តោយឲ្យខ្លួនបរិភោគចំណីផ្តេសផ្តាស ដែលអាចធ្វើឲ្យមានជំងឺឈឺស្កាត់ក្នុងថ្ងៃប្រឡងធ្វើឲ្យបាត់សមាធិ និងស្មារតីក្នុងការធ្វើវិញ្ញាសារ។

3. បទពិសោធន៌បន្ថែមរបស់សិស្សនិទ្ទេស A មួយចំនួនបានចែករំលែកអំពីការទទួលបានភាពជោគជ័យក្នុងការប្រឡងបាក់ឌុបរួមមាន៖

  • កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅដើម្បីសិក្សាឲ្យមានប្រសិទ្ធភាព ខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់ មានជំនឿចិត្ដលើខ្លួនឯងថា ខ្លួនប្រាកដជាអាចធ្វើបានល្អក្នុងពេលប្រឡង និងព្រមទាំងការថែទាំសុខភាពខ្លួនឯងឲ្យបានល្អផងដែរ។
  • កត្តាគ្រួសារ៖ ការផ្តល់ការលើកទឹកចិត្ត និងគាំទ្រពីសំណាក់គ្រួសារ និងសាច់ញាតិក៏ជាកត្តាដែលជួយជម្រុញឲ្យសិស្សមានការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននិទ្ទេស A ផងដែរ។
  • កត្តាបណ្តុះបណ្តាល៖ បណ្តុះបណ្តាលនិងបំពេញខ្លួនឯងនូវចន្លោះខ្វះខាត ឬពង្រឹងនូវចំណុចខ្សោយរបស់ខ្លួនទៅតាមមុខវិជ្ជាដែលមិនទាន់មានភាពជឿជាក់ក្នុងថ្ងៃប្រលង និងខិតខំអានសៀវភៅ និងអនុវត្ដលំហាត់ជាច្រើន ព្រោះការអនុវត្ដលំហាត់ឲ្យបានច្រើនធ្វើឲ្យយើងយល់ដឹងពីគន្លឹះនៃការធ្វើលំហាត់ក៏ដូចជា អាចធ្វើលំហាត់ជាច្រើនផ្សេងៗទៀតផងដែរ។ បន្ថែមពីនេះសម្រាប់ការបែងចែកពេលវេលាវិញ មិនត្រូវដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកនោះទេ ដោយយើងគ្រាន់តែចងចាំ នៅក្នុងចិត្ដថា យើងនឹងអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ ឧបមាដូចជា ពេលព្រឹកយើងត្រូវទៅសាលារៀន ហើយអាចរៀនគួរបន្ថែម នៅតាមម៉ោង ដែលយើងទំនេរអាចរៀនបាន ព្រមទាំងយើងហាត់រៀនបន្ថែមនៅពេលយប់ដូចជា មុនពេលចូលគេង យើងអាចចំណាយពេលពី ៣ ទៅ ៤ ម៉ោងដើម្បីធ្វើលំហាត់ក៏ដូចជា អានសៀវភៅផ្សេងៗជាដើម។

 

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024