ក្នុងរយៈពេល២ខែទៀត ការប្រទ្បងបាក់ឌុបនឹងមកដល់សម្រាប់សិស្សានុសិស្សថ្នាក់ទី ១២។ សិស្សានុសិស្សខ្លះអាចនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រទ្បង ចំណែកឯសិស្សានុសិស្សមួយចំនួនទៀតអាចនឹងមានភាពពិបាកចំពោះការត្រៀមខ្លួនប្រទ្បងក្នុងរយៈពេល២ខែនេះ។ ក្នុងអត្ថបទនេះ យើងនឹងចែករំលែកគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនប្រទ្បងបាក់ឌុបនាពេល២ខែខាងមុខនេះ។
1. ការធ្វើស្វ័យសិក្សា
ការទន្ទេញមេរៀន និងការអនុវត្តលំហាត់
អ្នកអាចចាប់ផ្តើមពីការទន្ទេញមេរៀន និងការអនុវត្តលំហាត់ ដោយជាដំបូងអ្នកគួរកំណត់កាលវិភាគសិក្សាឲ្យត្រឹមត្រូវ និងផ្តល់ពេលវេលាឪ្យខ្លួនឯងអោយបានគ្រាប់គ្រាន់ក្នុងការទន្ទេញមេរៀន និងការអនុវត្តលំហាត់តាមមុខវិជ្ជា។ អ្នកអាចសាកល្បងទន្ទេញ 5 សំណួរ និងអនុវត្ត 2 ទៅ 3 លំហាត់ក្នុងរយៈពេលមួយថ្ងៃទៅតាមកាលវិភាគសិក្សារបស់អ្នក។
សម្រាប់អ្នកសិក្សាមុខវិជ្ជាសង្គម អ្នកអាចចាប់ផ្តើមពីការទន្ទេញមេរៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា និងផែនដី និងបរិស្ថានវិទ្យា។ទន្ទឹមនឹងនេះអ្នកគួរអនុវត្តការសរសេរតែងសេចក្តី និងការអនុវត្តលំហាត់គណិតវិទ្យាដើម្បីពង្រឹងសមត្ថភាពខ្លួនឯងលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ និងចងចាំរូបមន្តគណិតវិទ្យាសំខាន់ៗ។
សម្រាប់អ្នកសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត អ្នកអាចចាប់ផ្តើមពីការអនុវត្តលំហាត់មុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងជីវៈវិទ្យា។ ដោយការអនុវត្តលំហាត់ អ្នកអាចចងចាំរូបមន្តសំខាន់ៗនិងគន្លឹះដោះស្រាយលំហាត់ក្នុងមុខវិជ្ជាទាំងនោះ។ បន្ថែមពីនេះ អ្នកគួរអនុវត្តការសរសេរតែងសេចក្តី ដើម្បីចងចាំឈ្មោះតួអង្គសំខាន់ៗ និងប្រភេទអក្សរសិល្ប៍។ ទន្ទឹមនឹងនេះ អ្នកគួរបែងចែកពេលវេលាមួយចំនួនសម្រាប់ការទន្ទេញមេរៀនប្រវត្តិវិទ្យា និងជីវៈវិទ្យា។
ការស្វែងរកជំនួយពីលោកគ្រូ អ្នកគ្រូ និង មិត្តភក្តិ
នៅពេលអ្នកមានចម្ងល់ពីលំហាត់ និងប្រធានណាមួយ អ្នកអាចពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ និងមិត្តភក្តិដើម្បីឲ្យពួកគាត់ជួយដោះស្រាយចម្ងល់ទាំងនោះ និងបង្កើនចំណេះដឹងថ្មីៗសម្រាប់ខ្លួនឯងនិងមិត្តភក្តិផងដែរ។
ការពិភាក្សាជាមួយមិត្តភក្តិ
អ្នកអាចសិក្សារួមជាមួយមិត្តភក្តិដោយការផ្ទៀងផ្ទាត់ចម្លើយ និងការពន្យល់មេរៀន និងការដោះស្រាយលំហាត់គ្នាទៅវិញទៅមក។ ការធ្វើបែបនេះនឹងជួយពង្រឹងសមត្ថភាពអ្នកលើមុខវិជ្ជាដែលអ្នកពុំទាន់ចេះស្ទាត់ និងជួយបង្កើនទំនុកចិត្តរបស់អ្នក។
មានពេលសម្រាកឲ្យបានទៀងទាត់
អ្នកអាចចំណាយពេល 5 ទៅ 10 នាទីសម្រាកពីការសិក្សាដើម្បីធ្វើចលនារាងកាយដែលជួយឲ្យអារម្មណ៍អ្នកមានភាពស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹង។
2. ការថែទាំផ្លូវកាយ និងផ្លូវចិត្ត៖
ផ្លូវកាយ និងផ្លូវចិត្តពិតជាកត្តាដ៏សំខាន់មួយក្នុងការនាំនូវភាពជោគជ័យដល់បណ្តាសិស្សានុសិស្សថ្នាក់ទី ១២
ការរៀបកាលវិភាគឲ្យបានត្រឹមត្រូវ
សិស្សានុសិស្សអាចចំណេញពេលវេលា និង មិនខ្ជះខ្ជាយកម្លាំងសម្រាប់មុនពេលប្រឡង ការរៀបចំកាលវិភាគឲ្យមានប្រសិទ្ធិភាពដល់ខ្លួនឯងជាចំណែកមួយក្នុងការថែរក្សាផ្លូវចិត្តឲ្យមានពេលសមស្របក្នុងការត្រៀមខ្លួន និងការមើលថែកម្លាំងកាយឲ្យមានលំនឹងផងដែរ។ ក្នុងចំណុចនេះមានន័យថាសិស្សានុសិស្សគួររៀនសម្គាល់ខ្លួនឯងនូវពេលវេលាណាដែលខ្លួនគិតថាសាកសម និងងាយស្រួលក្នុងការយល់នូវពេលធ្វើស្វ័យសិក្សា បុគ្គលខ្លះអាចចាត់ទុកម៉ោងទៀបភ្លឺដើម្បីទន្ទេញមេរៀន ឯខ្លះទៀតនិយមនូវពេលយប់ជៀសជាងសម្រាប់ធ្វើលំហាត់។ ដូច្នេះហើយការគ្រប់គ្រងពេលវេលា និងស្គាល់នូវពេលវេលាដែលសាកសមសម្រាប់ដំណើរការនៃខួរក្បាល ពិតជាជំនួយមួយក្នុងការថែទាំកាយ និងចិត្តថែមទាំងចំណេញពេលវេលា និងកម្លាំងផងដែរ។
ចំណាយពេលប្រមាណ ២០នាទីក្នុងការអប់រំចិត្ត
ការស្តាប់ធម៌ ផតខាស់ ឬចម្រៀង អាចរំដោះនូវភាពអវិជ្ជមាន និងភាពតានតឹងក្រោយពីការរៀនពេញមួយថ្ងៃ។ ការអប់រំចិត្តរបៀបនេះអាចស្រូបយកផលវិជ្ជមាន និងមានអារម្មណ៍ល្អក្នុងការរៀនសូត្របន្តទៀត ព្រោះអាចធ្វើឲ្យបន្ធូរចិត្ត និងដោះលែងខ្លួនចេញពីសម្ពាធ។ ការហ្វឹកហាត់ខួរក្បាលដោយការស្តាប់ អាចផ្តល់ថាមពលឲ្យខ្លួនប្រាណមានកម្លាំង និងស្វះស្វែងព្រោះបានបំប៉នចិត្តឲ្យទទួលយល់នូវភាពវិជ្ជមាន និងជម្រុញឲ្យធ្វើតែអំពើដែលល្អសម្រាប់ផ្តល់ឲ្យខ្លួន។ ទម្លាប់នេះក៏អាចធ្វើឲ្យសិស្សានុសិស្សមានភាពអំណត់ក្នុងការរៀនសូត្រ និងចៀសវាងភាពខ្ជិលច្រអូសផងដែរ ដោយសារតែពួកគេចង់អភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងមុន។
បរិភោគអាហារដែលផ្តល់ថាមពលដល់ខួរក្បាល
ថ្វីបើពេលវេលាខើចយ៉ាងណាក្តី សិក្សានុសិស្សគួរចៀសវាងអាហារណាដែលពុំគួរទទួលទាន ការបរិភោគអាហារដែលចំអិននៅផ្ទះគឺជាអាហារដែលមានអនាម័យ និងសម្បូរដោយប្រូតេអ៊ីនទើបធ្វើឲ្យរាងកាយមានកម្លាំងក្នុងការស៊ូទ្រាំក្នុងការរៀនសូត្រនៅសាលារៀន ឬការរៀនគួរបន្ថែមក្រៅម៉ោង។ ចំណីដែលប៉ះពាល់ដល់សុខភាពមិនគួរបរិភោគឡើយ ទោះមានរសជាតិឆ្ងាញ់យ៉ាងណាក៏ដោយ ព្រោះការប្រឡងខាងមុខពិតជាសំខាន់ណាស់ ដូច្នេះហើយមិនគួរបណ្តោយឲ្យខ្លួនបរិភោគចំណីផ្តេសផ្តាស ដែលអាចធ្វើឲ្យមានជំងឺឈឺស្កាត់ក្នុងថ្ងៃប្រឡងធ្វើឲ្យបាត់សមាធិ និងស្មារតីក្នុងការធ្វើវិញ្ញាសារ។
3. បទពិសោធន៌បន្ថែមរបស់សិស្សនិទ្ទេស A មួយចំនួនបានចែករំលែកអំពីការទទួលបានភាពជោគជ័យក្នុងការប្រឡងបាក់ឌុបរួមមាន៖
- កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅដើម្បីសិក្សាឲ្យមានប្រសិទ្ធភាព ខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់ មានជំនឿចិត្ដលើខ្លួនឯងថា ខ្លួនប្រាកដជាអាចធ្វើបានល្អក្នុងពេលប្រឡង និងព្រមទាំងការថែទាំសុខភាពខ្លួនឯងឲ្យបានល្អផងដែរ។
- កត្តាគ្រួសារ៖ ការផ្តល់ការលើកទឹកចិត្ត និងគាំទ្រពីសំណាក់គ្រួសារ និងសាច់ញាតិក៏ជាកត្តាដែលជួយជម្រុញឲ្យសិស្សមានការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននិទ្ទេស A ផងដែរ។
- កត្តាបណ្តុះបណ្តាល៖ បណ្តុះបណ្តាលនិងបំពេញខ្លួនឯងនូវចន្លោះខ្វះខាត ឬពង្រឹងនូវចំណុចខ្សោយរបស់ខ្លួនទៅតាមមុខវិជ្ជាដែលមិនទាន់មានភាពជឿជាក់ក្នុងថ្ងៃប្រលង និងខិតខំអានសៀវភៅ និងអនុវត្ដលំហាត់ជាច្រើន ព្រោះការអនុវត្ដលំហាត់ឲ្យបានច្រើនធ្វើឲ្យយើងយល់ដឹងពីគន្លឹះនៃការធ្វើលំហាត់ក៏ដូចជា អាចធ្វើលំហាត់ជាច្រើនផ្សេងៗទៀតផងដែរ។ បន្ថែមពីនេះសម្រាប់ការបែងចែកពេលវេលាវិញ មិនត្រូវដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកនោះទេ ដោយយើងគ្រាន់តែចងចាំ នៅក្នុងចិត្ដថា យើងនឹងអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ ឧបមាដូចជា ពេលព្រឹកយើងត្រូវទៅសាលារៀន ហើយអាចរៀនគួរបន្ថែម នៅតាមម៉ោង ដែលយើងទំនេរអាចរៀនបាន ព្រមទាំងយើងហាត់រៀនបន្ថែមនៅពេលយប់ដូចជា មុនពេលចូលគេង យើងអាចចំណាយពេលពី ៣ ទៅ ៤ ម៉ោងដើម្បីធ្វើលំហាត់ក៏ដូចជា អានសៀវភៅផ្សេងៗជាដើម។