មនុស្សមួយចំនួន នៅពេលដែលលឺពាក្យ ជំនាញឱសថសាស្ត្រ ពួកគេប្រហែលជាធុញ ព្រោះរៀន ចប់មុខជាត្រូវនៅនៅឱសថស្ថាន ហើយចេញថ្នាំឲ្យគេលេបរហូតហើយ រីឯមនុស្សមួយចំនួនទៀត បែរជា មានបំណងចង់រៀនមុខជំនាញនេះទៅវិញ ព្រោះជំនាញនេះរៀនឆាប់ចប់ ហើយសំបូរទីផ្សារការងារជាដើម ។ ប៉ុន្តែទោះបីជាអ្នកមានទស្សនៈផ្ទាល់ខ្លួនយ៉ាងណាក្តី មុខវិជ្ជានេះមានសារៈសំខាន់ណាស់ ព្រោះ អ្នករៀនផ្នែកឱសថសាស្រ្ត មិនមែនជាអ្នកលក់ថ្នាំសាមញ្ញៗនៅតាមផ្ទះដូចកាលពីមុននោះឡើយ ក្នុងសម័យបច្ចុប្បន្ន និស្សិតសិក្សាជំនាញឱសថសាស្ត្រជាបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ មាន បច្ចេកទេសច្បាស់លាស់ក្នុងការរៀបចំថ្នាំឲ្យអ្នកជម្ងឺយ៉ាងមានប្រសិទ្ធភាព ។
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍លើមុខជំនាញនេះ អ្នកអាចអានអត្ថបទខាងក្រោមនេះបាន ដែលនឹងរៀបរាប់ពីព័ត៌មានសំខាន់ៗទាក់ទងនឹងជំនាញឱសាថសាស្ត្រ ។
១. អ្វីទៅជាជំនាញឱសថសាស្ត្រ?
ជំនាញឱសថសាស្ត្រ ដែលហៅជាភាសាអង់គ្លេសថា Pharmacy ឬ Pharmaceutical Science ជាជំនាញដែល ជាផ្នែកមួយនៃវិជ្ជសាស្ត្រដែលផ្តោតសំខាន់លើការសិក្សាទាក់ទងនឹងឱសថ ។ សម្រាប់នៅកម្ពុជាយើង វីញ ការសិក្សាជំនាញឱសថសាស្ត្រផ្តោតទៅលើការបង្រៀនចំណេះដឹងមូលដ្ឋាន រួមនឹងចំណេះដឹងចាំបាច់ ដែល ទាក់ទងនឹង ឱសថស្ថានកម្រិតសហគមន៍ ឱសថស្ថានកម្រិតមន្ទីរពេទ្យ ឱសថស្ថានកម្រិតឧស្សាហកម្ម ជីវឱសថសាស្ត្រកម្រិតមូលដ្ឋាន (Basic Pharmaceutical Science) បូករួមទាំងភាសាបរទេសនានាដែលចាំបាច់ សម្រាប់ការសំគាល់ថ្នាំ ឬ ការស្រាវជ្រាវឱសថ និងជំនាញក្នុងការគ្រប់គ្រងឱសថស្ថាន មន្ទីរពិសោធន៍ឱសថ និងសហគ្រាសឱសថជាដើម ។
២. តើធ្វើដូចម្តេចទើបអាចចូលរៀនជំនាញនេះបាន?
ជំនាញឱសថសាស្ត្រ ក៏ដូចជាជំនាញផ្សេងៗទៀតដែលស្ថិតនៅក្នុងឯកទេសវិជ្ជសាស្ត្រ ទាមទារឲ្យនិស្សិតឆ្លង កាត់ការប្រលងដែលរៀបចំឡើងដោយក្រសួងសុខាភិបាលជាមុនសិន ដែលផ្តោតសំខាន់ទៅលើមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា ។ កាលពីមុនមានតែសិស្សដែលទទួល បាននិទ្ទេស C B និង A ក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ (BacII) ទើបអាចចូលរួមការប្រលង នេះបាន ប៉ុន្តែបច្ចុប្បន្នការប្រលងត្រូវបានអនុញ្ញាតចំពោះសិស្សគ្រប់រូបដែលបានឆ្លងកាត់ការប្រលង BacII ដោយ ជោគជ័យ ។
៣. តើជំនាញឱសថសាស្ត្រសិក្សាពីអ្វី?
ជំនាញឱសថសាស្ត្រ សិក្សាផ្តោតទៅលើផ្នែកជាច្រើនរួមបញ្ជូលគ្នាដែលរួមមានការស្វែករក និង ផលិតថ្នាំ ឬ របៀបនៃការព្យាបាល ។ ជាទូទៅ និស្សិតដែលមានបំណងចាប់យកជំនាញនេះក្នុងមហាវិទ្យាល័យនានា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតម្រូវឲ្យសិក្សារយៈពេល ៥ឆ្នាំ ហើយឆ្នាំដំបូងជាឆ្នាំសិក្សាមូលដ្ឋាន ហើយ ៤ឆ្នាំ បន្ទាប់សិក្សាផ្តោតទៅលើជំនាញរបស់យើង ។ លុះដល់ពេលបញ្ជប់ការសិក្សា អ្នកត្រូវតម្រូវឲ្យប្រលងថ្នាក់ជាតិ ដើម្បីអាចក្លាយជា ឱសថការីស្របច្បាប់បាន (Certified Pharmacist) ។ ក្នុងការសិក្សាពីជំនាញនេះ អ្នកនឹងត្រូវ យល់ដឹងពីចំណេះដឹងទូទៅផ្នែកឱសថសាស្ត្រ ការយល់ដឹងពីការវិភាគអំពីសមាសធាតុផ្សំរបស់ថ្នាំ និងយល់ដឹង ពីអន្តរអំពើ និងមេតាបូលីសរបស់ថ្នាំក្នុងសរីរាង្គមនុស្ស ។
៤. តើឱសថសាស្ត្រផ្តល់ឱកាសការងារដូចម្តេចខ្លះ?
បន្ទាប់ពីបញ្ជប់ការសិក្សាផ្នែកនេះ អ្នកអាចប្រកបការងារនៅក្នុងវិស័យសុខាភិបាលដូចជា៖
-ឱសថការីតាមឱសថសា្ថន ឬ មន្ទីរពេទ្យ
-បម្រើការនៅរោងចក្រផលិតឱសថ
-បម្រើការក្នុងផ្នែកបច្ចេកវិទ្យាផ្នែកឱសថ
-អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ស្រាវជ្រាវស្វែករកឱសថថ្មីៗ ។
៥. តើសាកលវិទ្យាល័យណាខ្លះដែលបង្រៀននូវជំនាញនេះ?
នៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ពួកយើងអាចស្វែងរកឃើញសាកលវិទ្យាល័យល្បីៗចំនួន បី ដែលផ្តល់ កម្មវិធីសិក្សាលើជំនាញនេះ៖
-សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាក្រហម-UHS)។
-សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) ។
-សាកលវិទ្យាល័យអន្តរជាតិ (IU) ។
-សាកលវិទ្យាល័យន័រតុន (Norton) ។
Source: សៀវភៅមគ្គុទេសក៍សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅ កម្រិតឧត្តមសិក្សា ។
(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
Powered by Froala Editor