អ្វីទៅជា Bystander Effect?

អ្វីទៅជា Bystander Effect?


Posted at: 26 Nov 2020
3646 Views

អ្នកចិត្ដសាស្រ្ដ បានចាប់អារម្មណ៍យ៉ាងខ្លាំងពីមូលហេតុ និងពេលវេលា ដែលយើងជួយដល់អ្នកដទៃ។ ហើយក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ ពីមូលហេតុ ដែលពេលខ្លះ យើងសម្រេចមិនជួយដល់អ្នកដទៃ ក្នុងពេលមានអាសន្ន។ Bystander Effect គឺជាឥទ្ធិពលសង្គម ដែលកើតឡើងនៅពេលដែលមនុស្សស្ទាក់ស្ទើរក្នុងការជួយដល់អ្នកដទៃ។ ករណីភាគច្រើន គឺកើតឡើងដោយសារតែមនុស្សមានអារម្មណ៍ថា នៅទីនោះមានមនុស្សដទៃទៀត ទើបគេគិតថា នឹងមាននរណាម្នាក់ចូលទៅដោះស្រាយបញ្ហានោះ។

កត្ដាដែលអាចជួយអោយអ្នកចៀសផុតពី Bystander Effect  

The Bystander Effect បានផ្ដល់ផលអវិជ្ជមានជាច្រើនទៅលើ ឥរិយាបថសុទិដ្ឋិនិយម (Prosocial Behavior) ភាពលំអៀង (Altruism) និងភាពក្លាហាន (Heroism) របស់មនុស្ស។ អ្នកស្រាវជ្រាវបានរកឃើញនូវកត្ដាមួយចំនួន ដែលអាចជួយមនុស្សឲ្យយកឈ្នះ នូវឥទ្ធិពលអវិជ្ជមាននេះ និងបង្កើននូវការចូលរួមជួយដល់អ្នកដទៃ ដែលរួមមាន៖

១. ការមើលឃើញនូវទង្វើល្អរបស់អ្នកដទៃ

ពេលខ្លះគ្រាន់តែយើងឃើញមនុស្សផ្សេងទៀត ធ្វើអ្វីមួយដែលល្អ ឬមានប្រយោជន៍ វានឹងអាចធ្វើឱ្យយើងមានឆន្ទៈបន្ថែមទៀត ដើម្បីជួយដល់អ្នកដទៃ។ ស្រមៃថា ពេលមួយ យើងកំពុងដើរចូលក្នុងហាង ហើយនៅច្រកចូលនោះ មានអ្នកសុំការបរិច្ចាគ សម្រាប់ផ្ដល់ឲ្យអង្គការសប្បុរសធម៌។ នៅពេលនោះអ្នកបានឃើញ មនុស្សជាច្រើនដែលដើរ បានឈប់ ហើយដាក់ប្រាក់របស់ពួកគេចូលក្នុងធុងបរិច្ចាគ។ អ្វីដែលអ្នកបានឃើញនោះហើយ អាចនឹងធ្វើឲ្យអ្នកទទួលអារម្មណ៍មួយថា អ្នកនឹងឈប់ ហើយបរិច្ចាគប្រាក់របស់អ្នក ដូចដែលពួកគេបានធ្វើដែរ។

២. ធ្វើខ្លួនជាអ្នកសង្កេត

កត្ដាមួយ ដែលធ្វើឲ្យមនុស្សមិនហ៊ានចួលជួយ ពេលដែលមានអ្នកត្រូវការជំនួយ គឺពួកគេមិនបានចាប់អារម្មណ៍ ចំពោះអ្វីដែលបានកើតឡើង រហួតដល់វាហួសពេល។ កាលៈទេសៈដែលស្រពិចស្រពិល ក៏អាចធ្វើឲ្យពិបាកក្នុងការកំណត់ថា ការជួយនោះ ពិតជាចាំបាច់ ឬក៏យ៉ាងណា។ នៅក្នុងការធ្វើពិសោធន៍មួយ អ្នកចូលរួមហាក់ដូចជា មិនបានខ្វល់ខ្វាយ ពេលដែលមានផ្សែងចាប់ផ្ដើមហុយក្នុងបន្ទប់ ស្របពេលដែលអ្នកដទៃទៀតមិនបានខ្វល់ខ្វាយដែរ។ ពេលដែលគ្មាននរណា ម្នាក់ខ្វាយខ្វល់ ពួកគេក៏គិតថា វាមិនជារឿងអាសន្នឡើយ។ ជាជាងការពឹងផ្អែកទាំងស្រុងលើការឆ្លើយតប របស់អ្នកដែលនៅជុំវិញ ការប្រុងប្រយ័ត្ន និងការសន្មតពីស្ថានភាពនេះ អាចជួយអ្នក ក្នុងការធ្វើសម្រេចចិត្តដ៏ល្អបំផុត។

៣. ការរៀនពីរបៀបជួយអ្នកដទៃ

នៅពេលដែលយើងប្រឈមនឹងស្ថានភាពអាសន្ន ការដឹងពីរបៀបដោះស្រាយ គឺជារឿងដ៏ល្អមួយ សម្រាប់បង្កើននូវស្មារតីរបស់យើងជួយដល់អ្នកដទៃ។ ហើយបើយើងគិតថា យើងមិនអាចរៀបចំខ្លួនឯង នៅពេលដែលយើងឃើញអ្នកដទៃដួលសន្លប់ ឬរបួស យើងគួរតែឆ្លៀតពេល ទៅរៀនពីរបៀបសង្គ្រោះបឋម CPR ជាដើម ដែលវាអាចជួយយើងឲ្យមានភាពក្លាហាន ដើម្បីដោះស្រាយនូវបញ្ហាក្នុងហេតុការណ៍ដែលយើងជួបប្រទះ។

៤. ការកែប្រែនូវកំហុស

អ្នកស្រាវជ្រាវបានរកឃើញថា អារម្មណ៍នៃការស្ដោយក្រោយ ឬ រអៀសខ្លួន អាចជួយជំរុញឥរិយាបថរបស់យើងបាន។ ជាក់ស្ដែង ដូចជាព្រឹត្ដិការណ៍មួយ ដែលគេច្រើនហៅថា “Survivor Guilt”  ជាឧទាហរណ៍ស្រាប់។ បន្ទាប់ពីការធ្វើភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិច មនុស្សមួយចំនួន ដែលបានរួចជីវិតពីព្រឹត្ដិការណ៍នោះ បានផ្លាស់ប្ដូរគំនិតរបស់គេ ឲ្យក្លាយជាមនុស្សម្នាក់ ដែលចេះជួយដល់អ្នកដទៃ ពេលដែលមានបញ្ហា។

៥. ការមានទំនាក់ទំនងជាមួយអ្នកដទៃ

អ្នកស្រាវជ្រាវបានដឹងជាយូរមកហើយថា យើងទំនងជាជួយមនុស្ស ដែលយើងបានស្គាល់ជាជាងមនុស្សដែលយើងមិនធ្លាប់ស្គាល់។ អាកប្បកិរិយាសាមញ្ញដូចជា ការសម្លឹងមើលក្រសែភ្នែក និងការនិយាយ ក៏អាចបង្កើននូវការស្គាល់គ្នា ដែលអាចធ្វើឲ្យម្នាក់នោះ នឹងមករកជំនួយពីយើង។ ដូច្នេះ ប្រសិនបើអ្នកមានបញ្ហា អ្នកគួរតែជ្រើសរើសមនុស្សម្នាក់ក្នុងចំណោមមនុស្សដទៃទៀត ដោយការសម្លឹងមើល ឬការសួររកជំនួយពីគាត់តែម្ដង ជៀសជាងការស្វែងរកជំនួយពីចំណោមមនុស្សទាំងអស់។

៦. ការគិតថាអ្នកដទៃសមនឹងទទួលបានជំនួយ

ពេលខ្លះ យើងក៏ហ៊ានជួយអ្នកដទៃដែរ ប្រសិនបើយើងគិតថា មនុស្សម្នាក់នោះសាកសមនឹងទទួលបានជំនួយ។ នៅក្នុងការសិក្សាមួយ អ្នកចួលរួម អាចនឹងផ្ដល់លុយដល់មនុស្សម្នាក់ ដែលពួកគេមិនធ្លាប់ស្គាល់ ប្រសិនជាពួកគេគិតថា មនុស្សម្នាក់នោះ បានបាត់កាបូបលុយមែន តែមិនមែនដោយសារតែ មនុស្សម្នាក់នោះចាយលុយអស់នោះទេ។ តែផ្ទុយទៅវិញ បើគេគិតថា អ្នកខ្វះខាតទាំងនោះ គ្មានលុយសម្រាប់ចាយ តែដោយសារតែគាត់ប្រើប្រាស់លុយខ្ជះខ្ជាយ ឬក៏ខ្ជិលធ្វើការងារ វាក៏អាចធ្វើឲ្យគេមានការស្ទាក់ស្ទើរ ក្នុងការផ្ដល់ជំនួយឲ្យពួកគេផងដែរ។
 នេះហើយគឺជាហេតុផលមួយ ដែលពន្យល់ថា ហេតុអ្វីបានជាមនុស្សមួយចំនួន ហ៊ានឲ្យលុយទៅកាន់អ្នកខ្វះខាត ពេលដែលអ្នកផ្សេងមិនឲ្យ។ 

៧. ការមានអារម្មណ៍ល្អ

ការមានអារម្មណ៍ល្អ ក៏ជារឿងមួយ ដែលធ្វើឲ្យយើង ធ្វើនូវរឿងល្អសម្រាប់អ្នកដទៃផងដែរ។ មនុស្សដែលមានអារម្មណ៍សប្បាយ ឬក៏ទទួលបានជោគជ័យលើរឿងអ្វីមួយ តែងតែផ្ដល់ការជួយដល់អ្នកដទៃ ទោះបីជាការជួយនោះមានភាពតិចតួចក៏ដោយ។ ហើយការស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ដ ការជោគជ័យក្នុងការបំពេញការងារ ការដើរកម្សាន្ដ ក៏អាចធ្វើឲ្យយើងមានអារម្មណ៍សប្បាយរីករាយ ហើយអារម្មណ៍បែបនេះហើយ ដែលធ្វើឲ្យយើងកាន់តែចង់ជួយដល់អ្នកដទៃ ពេលដែលគេជួបនូវបញ្ហា។ 

ការជួយនូវអ្នកដទៃ គឺជារឿងដ៏ល្អមួយ ដែលមិនអាចខ្វះបាននៅក្នុងសង្គម។ ការជួយរបស់យើងម្នាក់ ក៏អាចជះឥទ្ធិពលដល់មនុស្សផ្សេងទៀត ឲ្យចេះជួយអ្នកដទៃផងដែរ ហើយវាក៏ជារឿងល្អ ជាជាងការដែលនៅសំងំស្ងៀមមិនធ្វើអ្វីសោះ ។ ដូច្នេះហើយ ចូរអ្នកបន្ដនូវការជួយដល់អ្នកដទៃទៀត ព្រោះថា មានមនុស្សជាច្រើនត្រូវការជំនួយពីអ្នកខ្លាំងណាស់។

អត្ថបទប្រែសម្រួលពី

https://www.verywellmind.com/how-to-overcome-the-bystander-effect-2795559 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor