សំបុត្រផ្ញើជូនចំពោះលោកគ្រូអ្នកគ្រូជាទីស្រឡាញ់

សំបុត្រផ្ញើជូនចំពោះលោកគ្រូអ្នកគ្រូជាទីស្រឡាញ់


Posted at: 26 Nov 2020
9779 Views

ជូនចំពោះលោកគ្រូអ្នកគ្រូជាទីស្រឡាញ់

      សិស្សពិតជាសប្បាយចិត្ដណាស់ ដែលបានសរសេរនូវសំបុត្រនេះឡើង ដើម្បីផ្ញើជូនចំពោះលោកគ្រូអ្នកគ្រូ។ បើទោះបីជាសិស្សមិនសូវបានជួបលោកគ្រូអ្នកគ្រូដូចកាលមុន ប៉ុន្ដែសិស្សមិនដែលបំភ្លេចនូវអ្វីដែលលោកបានបង្រៀនសិស្សឡើយ ហើយសិស្សក៏ចងចាំជានិច្ចនូវទឹកចិត្ដដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូដែលមានចំពោះសិស្សម្នាក់នេះ។ ក្នុងសំបុត្រមួយនេះ សិស្សសូមធ្វើនូវការអរគុណនូវអ្វីៗគ្រប់យ៉ាង ដែលលោកគ្រូអ្នកគ្រូបានផ្ដល់មកឲ្យសិស្ស។

      អរគុណចំពោះក្ដីស្រឡាញ់ ដែលលោកគ្រូអ្នកគ្រូផ្ដល់មកឲ្យសិស្ស។ មកដល់ពេលនេះ ទើបសិស្សដឹងថា ក្ដីស្រឡាញ់របស់លោកគ្រូអ្នកគ្រូពិតជាធំធេងណាស់ ដែលធ្វើឲ្យលោកគ្រូអ្នកគ្រួហ៊ានលះបង់ទាំងកម្លាំងកាយ និងចិត្តដើម្បីមកបង្រៀនសិស្ស។ ថ្ងៃខ្លះ ពេលដែលសិស្សមិនសូវយល់នូវមេរៀនត្រង់ចំណុចណា លោកគ្រូអ្នកគ្រូនៅតែព្យាយាមពន្យល់ហើយ ពន្យល់ទៀតរហូតដល់សិស្សយល់ច្បាស់ពីខ្លឹមសារទាំងនោះ។ ហើយពេលខ្លះទៀត ទោះបីជាមានសិស្សតែម្នាក់មិនយល់ ក៏លោកគ្រូអ្នកគ្រូមិនដែលបោះបង់សិស្សនោះឡើយ គឺលោកគ្រូអ្នកគ្រូនៅតែខិតខំពន្យល់ ហើយថែមទាំងចំណាយនូវពេលវេលាផ្ទាល់ខ្លួនដែលមាន ដល់សិស្សដោយមិនបានត្អូញត្អែរអ្វីសោះឡើយ។

      អរគុណចំពោះកិច្ចការដ៏ច្រើន ដែលលោកគ្រូអ្នកគ្រូដាក់ឲ្យសិស្សធ្វើ។ លោកគ្រូអ្នកគ្រូតែងតែដាក់លំហាត់ជាច្រើនឲ្យសិស្សធ្វើនៅក្នុងថ្នាក់ លើសពីនេះលោកគ្រូអ្នកគ្រូនៅតែឆ្លៀតដាក់កិច្ចការផ្ទះឲ្យសិស្សធ្វើទៀត។ មិនតែប៉ុណ្ណោះ ឲ្យតែដល់ថ្ងៃឈប់ម្ដងៗ គឺសិស្សដឹងតែនៅផ្ទះតែម្ដង ព្រោះគ្រូបានរៀបចំជាស្រេចនូវលំហាត់សម្រាប់ឲ្យសិស្សធ្វើនៅថ្ងៃឈប់សម្រាក។ តែមកដល់ពេលនេះទើបសិស្សដឹងថា លោកគ្រូអ្នកគ្រូបានពលីជាច្រើនដើម្បីចំណាយពេលរកនូវលំហាត់ទាំងនោះសម្រាប់សិស្ស ហើយអ្វីៗទាំងអស់នេះមិនមែនគ្រូចង់ធ្វើបាបសិស្សឡើយ គឺព្រោះតែលោកចង់ឲ្យសិស្សចេះ ហ្វឹកហាត់សិស្សកុំឲ្យខ្ជិល និងឲ្យសិស្សចេះតស៊ូតែប៉ុណ្ណោះ។ 

      អរគុណចំពោះការលះបង់របស់គ្រូចំពោះសិស្ស។ បើទោះបីជាសិស្សបានឃើញលោកគ្រូអ្នកគ្រូហត់យ៉ាងណាក៏ដោយ ក៏គ្រូនៅតែថា “មិនអី” ហើយព្រមទាំងញញឹមធ្វើហាក់ដូចជាមិនហត់អ្វីសោះ។ លើសពីនេះ លោកគ្រូអ្នកគ្រូនៅតែបង្ខំឲ្យសិស្សរៀន ទោះដឹងថាខ្លួនឯងហត់យ៉ាងណាក៏ដោយ។ នៅថ្ងៃខ្លះ ព្រះពិរុណបានបង្អោរភ្លៀងខ្លាំងយ៉ាងណា ក៏លោកគ្រូអ្នកគ្រូនៅតែមិនបានភ្លេចនូវភារកិច្ចក្នុងការផ្ដល់ចំណេះដឹងដល់សិស្សឡើយ គឺលោកគ្រូអ្នកគ្រូនៅតែព្យាយាមមកបង្រៀនសិស្ស ពេលខ្លះលោកគ្រូអ្នកគ្រូត្រូវទទូរឆ័ត្រទាំងភ្លៀង ដោយធ្វើយ៉ាងណាឲ្យតែមកដល់ថ្នាក់ ដើម្បីផ្ដល់ចំណេះដល់សិស្ស។

      អរគុណចំពោះការផ្តល់អោយនូវមេរៀនជីវិត ដែលសិស្សមិនធ្លាប់រៀននៅក្នុងសៀវភៅ។ លោកគ្រូអ្នកគ្រូមិនមែនត្រឹមតែជា អ្នកផ្ដល់នូវចំណេះដឹងឡើយ តែក៏ជាមនុស្សម្នាក់ដែលផ្ដល់នូវដំបូន្មានផ្សេងៗក្នុងជីវិតសម្រាប់សិស្ស។ លោកគ្រូអ្នកគ្រូតែងតែលើកនូវរឿងរ៉ាវជីវិតយកមកប្រាប់សិស្ស ទាំងភាពសប្បាយ ទាំងភាពកំសត់ ទាំងភាពជោគជ័យ ទាំងភាពបរាជ័យដែលលោកគ្រូអ្នកគ្រូបានជួបប្រទះ។ រឿងរ៉ាវទាំងអស់នេះហើយ ដែលធ្វើឲ្យសិស្សក្លាយជាមនុស្សម្នាក់ដែលអាចឈររឹងមាំ និងមានមិត្ដរាប់អានជាច្រើននៅក្នុងសង្គមមួយនេះ។

      ជាចុងក្រោយ សិស្សសន្យាថា សិស្សនឹងខិតខំរៀនសូត្រ ដើម្បីបង្ហាញឲ្យលោកគ្រូអ្នកគ្រូដឹងថា សិស្សមិនបានធ្វើឲ្យលោកគ្រូអ្នកគ្រូខកចិត្ដ ចំពោះការខំប្រឹងរបស់លោកគ្រូអ្នកគ្រូឡើយ។ ហើយសិស្សក៏សូមជូនពរលោកគ្រូអ្នកគ្រូឲ្យមានសុខភាពល្អ ដើម្បីបន្ដដំណើរក្នុងការបណ្ដុះនូវកុលបុត្រកុលធីតាខ្មែរបន្ដទៅទៀត។

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor