ការជ្រើសរើសមុខជំនាញសិក្សារបស់ សិស្សទើបតែចប់ថ្នាក់ទី១២

ការជ្រើសរើសមុខជំនាញសិក្សារបស់ សិស្សទើបតែចប់ថ្នាក់ទី១២


Posted at: 25 Nov 2020
15405 Views

   ពេលប្រលងចប់ទី១២ សប្បាយចិត្តក៏ សប្បាយចិត្ត តែមានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន ពេលគិតដល់ រឿងបរិញ្ញាបត្រ ថាខ្ញុំគួរតែរៀនអ្វី រៀននៅសាកលវិទ្យាល័យមួយណា។ ប៉ាម៉ាក់ ចង់ឲ្យរៀនពេទ្យ… គាត់ថាធ្វើជាពេទ្យ ស្រួលរកការងារធ្វើ រកលុយបានច្រើន… បងប្អូនមីងមាក៏ថាអញ្ចឹង។ ពួកម៉ាកថា រៀនអង់គ្លេសទៅ សង្គមបច្ចុប្បន្នត្រូវការអ្នកចេះអង់គ្លេស អញ្ចឹងទៅរៀនសាលាហ្នឹងទៅ ចេះអង់គ្លេសឆ្អិន។ តែអ្នកខ្លះថា ចេះគណិត គីមី រូប វិទ្យាសាស្ត្រអីចឹង ប្រលងចូលសាលា តិចណូទៅ រៀនវិស្វករ។ តែពេលខ្លះគិតថាខ្លួនឯងចូលចិត្ត កុំព្យូទ័រ ចឹង គួរតែរៀន IT ទៅ តែថាដូចចង់រៀនឌីស្សាញ និង ស្ថាបត្យកម្មតិចៗដែរ ព្រោះថា គូរវាសៗ ហ្នឹងដូចជាសប្បាយ តែកូនចិត្តមួយទៀត ចង់ក្លាយជាមេធាវី ព្រោះដូចជាចិត្តចង់តាំងពីតូច… ពេលសួរគេឯងទៀតទៅ គេថាសេដ្ឋកិច្ចក៏ល្អ ព្រោះឥឡូវ សេដ្ឋកិច្ចខ្មែរកំពុងតែលូតលាស់… ជួបសិស្សច្បងមួយនេះ គាត់ថារៀន គណនេយ្យទៅ ព្រោះអនាគតគណនេយ្យករ វាភ្លឺស្វាង។

"គួរយកមួយណា?"

    ដូចជាច្រើនដល់ហើយខ្ញុំ ទៅខាងណា ខាងណីបានត្រូវ? មុខវិជ្ជាអី? សាលាអី? ការពិតទៅ ប្តូរពីការរៀននៅវិទ្យាល័យ ទៅមហាវិទ្យាល័យវាធ្វើឲ្យយើងពិបាកចិត្តមួយហើយ តែការរើសមុខវិជ្ជារៀននេះ វារឹតតែពិបាកជាងហ្នឹងទៀត។ តែត្រូវគិតថាវាសំខាន់ អញ្ចឹងហើយបានវាពិបាក។ អ្វីដែលយើងរៀននៅមហាវិទ្យាល័យសឹងតែ អាចកំណត់អ្វីដែលយើងនឹងធ្វើ ដប់ម្ភៃឆ្នាំទៅមុខ ព្រោះតែយើងនឹងស្ថិតនៅក្នុងរង្វង់សង្គមនោះ។

    ការរើសមុខជំនាញខុស ធ្វើឲ្យ យើងមិនអាចបញ្ចេញសមត្ថភាពអស់ពីខ្លួននោះទេ។ ហេតុផលគឺសាមញ្ញ ព្រោះយើងមិនចូលចិត្តវា ហើយ មិនចង់ធ្វើវា។ របស់មួយសម្រេចបានទៅដោយល្អ លុះត្រាតែយើងដាក់ទាំងកំលាំងកាយ នឹង កំលាំងចិត្ត។ រើសមុខជំនាញខុសអាចធ្វើឲ្យយើង បាត់បង់កំលាំងចិត្តនឹងរៀន កំលាំងចិត្តនឹងធ្វើការងារទាក់ទងនឹងអ្វីដែលយើងបានរៀន។ មួយវិញទៀត ពេលវេលាមានតម្លៃណាស់ បើចំណាយពេល៤ ទៅ ៥ឆ្នាំ រៀនអ្វីដែលយើងមិនចូលចិត្ត ហើយ ធ្វើអ្វីដែលយើងមិនចូលចិត្តទៀត វាធ្វើឲ្យជីវិតយើងរឹតតែខាត។ អ្នកខ្លះនិយាយថា រៀនសិនទៅ តែពេលរៀនទៅចូលចិត្តហើយ។ នេះជាពាក្យកុហកលំដាប់ពិភពលោក ព្រោះថាមនុស្សយើងកើតមកមាន ចំណង់ចំណូលចិត្តផ្សេងៗ ទេពកោសល្យក៏ផ្សេងៗគ្នា។ បើថាយើងមិនចូលចិត្តវាហើយ យើងទៅស្រាវជ្រាវពីវា បន្តិចហើយនៅតែមិនចូលចិត្ត រៀនទៅមុខ បីបួនឆ្នាំទៀតក៏នៅតែមិនចូលចិត្តដែរ។ យើងគួរតែរើសមុខវិជ្ជាអ្វីដែលយើងចូលចិត្ត អ្វីដែលយើងស្រលាញ់ ព្រោះយើងគួរតែងើបពីដេកទៅ នឹកឃើញថា ថ្ងៃនេះ ខ្ញុំទៅរៀនអ្វីដែលខ្ញុំចង់រៀន ខ្ញុំទៅធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដែលប្រហែលជាមានប្រយោជន៍ដល់អ្វីដែលខ្ញុំនឹងធ្វើមួយជីវិត។ ជីវិតវាគួរតែបែបហ្នឹង! មិនមែន ងើបឡើង នឹកឃើញ ថ្ងៃហ្នឹង ខ្ញុំទៅរៀនអាហ្នឹងទៀតហើយ…រៀនដើម្បី ធ្វើការបានលុយ។ ជីវិតបែបនោះអត់ន័យពេកហើយ។ អញ្ចឹងគិតម្តងទៀតពេលដែលទៅទិញពាក្យប្រលងចូលរៀន ឬ ដាក់ពាក្យចូលរៀន។

    និយាយជារួម អនាគតរបស់យើង យើងគួរជាអ្នកទទួលខុសត្រូវ! ត្រូវរៀនស្វែងយល់អំពីខ្លួនឯង និងត្រូវចេះស្វះស្វែង ក្នុងការស្វែងរកពត៌មាន និងចូលរួមកម្មវិធីនានា ដែលមានប្រយោជន៍ដល់ និងជាជំនួយក្នុងការជ្រើសរើសមុខជំនាញ និងគ្រឹះស្ថានសិក្សាផ្សេងៗ។ ខាងក្រោមនេះ គឺជាឯកសារជំនួយខ្លះៗ និងកម្មវិធីដែល WEduShare គិតថាសិស្សទើបតែប្រលងចប់គួរអាន និងចូលរួម។
 

ឯកសារជំនួយបន្ថែម៖

  1. សម្រាប់ 

         មគ្គុទេសក៍តម្រង់ទិសជំនាញសិក្សា និងការងារ របស់សមាគមនិស្សិត FUSAAC

  1. សម្រាប់ 

        គ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា

កម្មវិធីដែលគួរចូលរួម៖

  1. Roadmap to University Success

           ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។

  1. Major and Career Fair

ជូនពរសំណាងល្អ និងជួបតែជោគជ័យ!

 

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor