កត់ត្រាដោយដៃ ឬ ដោយគ្រឿងអេឡិចត្រូនិច?

កត់ត្រាដោយដៃ ឬ ដោយគ្រឿងអេឡិចត្រូនិច?


Posted at: 26 Nov 2020
3485 Views

មិនថាក្នុងការសិក្សាក្ដី ការធ្វើការងារក្ដី សម្រាប់មធ្យោបាយក្នុងការកត់ត្រាគឺមានច្រើនរបៀបណាស់ ហើយវាក៏អាស្រ័យទៅតាមការនិយមចូលចិត្ត ឬទម្លាប់របស់បុគ្គលម្នាក់ៗដែរ។ យ៉ាងណាមិញ យើងសង្កេតឃើញថាមធ្យោបាយដែលគេពេញនិយមប្រើជាងគេគឺ អ្នកខ្លះគេនិយមកត់ត្រាដោយដៃ លើសៀវភៅសរសេរធម្មតា ឯខ្លះទៀតក៏ជឿនលឿនតាមសម័យកាលបច្ចេកវិទ្យាទំនើបគឺ ប្រើគ្រឿងអេឡិចត្រូនិចដូចជា Laptop ឬ Smart Phone ជាដើមដើម្បីកត់ត្រាហើយផ្ទុកឯកសារនៅក្នុងនោះតែម្តង។ បើគិតៗទៅវាដូចជាពិបាករើសណាស់ថា គួរអនុវត្តន៍តាមរបៀបមួយណាទើបគ្រាន់បើជាង។ បើអញ្ចឹងមែននោះ យើងសាកទៅមើលពីការប្រៀបធៀបមធ្យោបាយទាំងពីរនេះម្ដងមើលថាវាយ៉ាងម៉េចដែរ?

ការកត់ត្រាដោយដៃ

ចំណុចវិជ្ជមាន៖ 

១. ជំនួយការចងចាំ : 

ការសរសេរដោយដៃអាចនឹងជួយឲ្យការសរសេរបានស្ទាត់ល្អហើយអាចនឹងចាំអ្វីដែលបានសរសេរបានយូរ។ មិនតែប៉ុណ្ណោះវាអាចជួយឲ្យយើងយល់ពីអ្វីដែលកំពុងកត់ ដូចជាអាចសង្ខេបខ្លឹមសារឲ្យស្រួលចាំ ជាជាងកត់ចម្លងទាំងស្រុង។

២. មិនសូវមានផលប៉ះពាល់ដល់ភ្នែក : 

ចំពោះការសរសេរដោយដៃលើសៀវភៅឬក្រដាស មិនថាពេលដែលកំពុងសរសេរ ឬត្រូវយកមកមើល គឺវាត្រជាក់ភ្នែកនិងមិនបណ្ដាលឲ្យប៉ះពាល់ដល់ភ្នែកដោយសារពន្លឺអេក្រង់ ដូចមើលLaptop ឬ Smart Phone នោះទេ។

៣. ងាយស្រួលនិងចំណាយពេលតិច : 

មិនចាំបាច់ស្ពាយ Laptop ទៅនាំតែធ្ងន់ ហើយពិបាកត្រូវបិទបើកធ្វើអី គ្រាន់តែទាញសៀវភៅមកកត់ជាការស្រេច ហើយចង់គូសវាសសម្គាល់ឬហាយឡាយត្រង់ណាក៏បាន តាមចិត្ត។

ចំណុចអវិជ្ជមាន

១. អាចកាត់បន្ថយសោភណ្ឌភាពអក្សរ :

ការកត់អក្សរដោយដៃ ដូចយើងដឹងស្រាប់ហើយ ចំពោះគុណភាពនៃសោភណ្ឌភាពអក្សរវិញ ដូចជាមិនសូវល្អប៉ុន្មានទេ ដូចជាបើពេលប្រញាប់ ទាំងគេ ទាំងយើង ចេះតែកត់ទៅហើយ លឿនណាស់ តែកុំមើល ពេលកត់ចប់ហើយអានអក្សរខ្លួនឯងមិនចង់ដាច់។

២. ពិបាកស្វែងរកកំណត់ត្រាចាស់ៗ

ការពិតទៅវាមិនពិបាករកអីណាស់ណាទេ គ្រាន់តែពេលចង់រកកំណត់ត្រាចាស់ៗដែលត្រូវ បានសរសេរចូលក្នុងសៀវភៅឬដាក់ក្នុងសឺមី យើងត្រូវបើកមើលម្ដងមួយៗ ព្រោះយើងមិនអាច Searchរកឯកសារទាំងនោះដូចនៅក្នុងគ្រឿងអេឡិចត្រូនិច ដោយគ្រាន់តែវាយបញ្ចូលឈ្មោះឯកសារ នោះហើយ វាចេញមកដោយខ្លួនឯងទេ។

ការកត់ត្រាដោយគ្រឿងអេឡិចត្រូនិច

ចំណុចវិជ្ជមាន

១. ងាយស្រួលសម្រាប់អ្នកចេះប្រើស្ទាត់ជំនាញ:

សម្រាប់អ្នកនិយមប្រើប្រាស់គ្រឿងអេឡិចត្រូនិច ជាពិសេសអ្នកដែលអាចប្រើបានស្ទាត់ជំនាញ គឺវាមានភាពងាយស្រួល និងរហ័សជាងការកត់ត្រាដែលសរសេរដោយដៃផ្ទាល់ ដូចនេះគឺវាក៏ជួយសន្សំសំចៃពេលវេលា ហើយទោះជាសរសេរលឿនយ៉ាងណាក៏អក្សរនៅស្អាតស្រួលមើលដដែល ព្រោះជាអក្សរពុម្ព។

២. ងាយស្រួលផ្ទុកឯកសារ:

ពេលកត់ត្រារួចហើយមិនចាំបាច់ត្រូវរៀបចំសឺមីទុកដាក់នាំតែស្មុគស្មាញទេ គឺគ្រាន់តែរក្សាទុកឲ្យស្រួលបួល និងដាក់ឈ្មោះឯកសារឲ្យត្រឹមត្រូវ ហើយដល់ពេលត្រូវការ Search មើលមិនដល់៥វិនាទីផង វាក៏លោតចេញមកហើយ។

ចំណុចអវិជ្ជមាន

១. មានផលប៉ះពាល់ដល់ភ្នែក:

ការសម្លឹងមើល Laptop និង Smart Phone ជារឿយៗអាចវាបណ្តាលឲ្យភ្នែកចុះខ្សោយទៅៗ។ ដោយសារតែពន្លឺអេក្រង់របស់វា អ្នកដែលប្រើប្រាស់ភាគច្រើនអាចនឹងឆាប់ម៉្ញូបភ្នែក ឬប្រឈមនឹងបញ្ហាមួយចំនួនដូចជា អាឡែស៊ីភ្នែក ភ្នែកក្រហមជាដើម។

២. អាចបាត់បង់ការផ្ដោតអារម្មណ៍:

ដូចដែលយើងគ្រប់គ្នាបានដឹងស្រាប់ហើយថា ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចដូចជា Smart Phone និង Laptop ភាគច្រើនគឺតែងតែភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត ឬWiFi ជាដើម។ ដូចនេះហើយក្នុងការយករបស់ទាំងអស់នេះមកប្រើប្រាស់ក្នុងការកត់ត្រា វាអាចផ្ដល់ជាសម្លេងរំខានដែលចេញមកពីNotificationនៃគណនីយផ្សេងៗដូចជាFacebook, Messenger ជាដើម ពេលនោះវាធ្វើឲ្យយើងបែកអារម្មណ៍ ហើយបែរជាលែងផ្ដោតលើការកត់អក្សរទៀត។ ម្យ៉ាងទៀត បើសិនជាគ្រឿងអេឡិចត្រូនិចទាំងនោះមានបញ្ហាបច្ចេកទេសដូចជា គាំង រលត់ អស់ថ្ម ឬ មានការUpdate Version ថ្មីនោះ ក៏អាចជាការរាំងស្ទះការកត់ត្រាដែរ។

ការពិតទៅ យោងតាមការប្រៀបធៀបខាងលើ របៀបនៃការកត់ត្រាទាំងដោយដៃ និងដោយគ្រឿងអេឡិចត្រូនិច សុទ្ធតែមានចំណុចវិជ្ជមាននិងអវិជ្ជមានរៀងៗខ្លួន។ យ៉ាងណាមិញ សម្រាប់ខ្ញុំផ្ទាល់ មធ្យោយបាយកត់ត្រាដោយដៃមានលក្ខណៈល្អប្រសើរជាង ដោយសារវាជាStyleមួយក្នុងការកត់ត្រារបស់ខ្ញុំតាំងតែពីទើបនឹងចាប់ផ្តើមរៀនសរសេរដំបូង ណាមួយវាក៏ងាយស្រួលសម្រាប់ខ្ញុំជាងប្រើគ្រឿងអេឡិចត្រូនិច។ សម្រាប់មិត្តអ្នកអានទាំងអស់គ្នា ក្រោយពីបានអានពីការប្រៀបធៀបពីមធ្យោបាយក្នុងការកត់ត្រាទាំងពីរនេះ អ្នកអាចគិតពិចារណា និងវែកញែកថ្លឹងថ្លែងបានថា វិធីណាមួយដែលមានភាពប្រសើរជាងសម្រាប់អ្នក និងអាចអនុវត្តន៍តាមការគួរ។

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor