I Heard That The Exam Is Hard And Strict

I Heard That The Exam Is Hard And Strict


Posted at: 29 Sep 2020
521 Views

ការប្រឡងបាក់ឌុប កំពុងតែរំកិលខ្លួនមកកាន់តែកៀកមែនទែនហើយ។ ខ្ញុំជឿជាក់ថា សិស្សថា្នក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក៏កំពុងតែមានអារម្មណ៍ភ័យបុកពោះរឹតតែខ្លាំងឡើងៗដែរ។ និយាយរួម គឺភ័យដោយសារតែការប្រឡងមួយនេះសំខាន់ណាស់ ភ័យខ្លាចមិនបាននិទ្ទេសដែលខ្លួនចង់បាន និងភ័យព្រោះមិនដែលបានឆ្លងកាត់ការ ប្រឡងនេះពីមុនមក គួបផ្សំនិងការឮពាក្យដែលគេនិយាយថាប្រឡងបាក់ឌុបពិបាកហើយវិន័យតឹងរឹងខ្លាំងណាស់។ ប៉ុន្តែការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬបាក់ឌុបនេះ ពិតជាពិបាកហើយតឹងរឹងខ្លាំងចឹងមែនឬ? បើចង់ដឺងពីចម្លើយនៃសំនួរមួយនេះ តោះនាំគ្នាអានបន្តទៀត!

បើតាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ ការប្រឡងបាក់ឌុបមិនពិបាកដល់ថ្នាក់ទាល់តែសិស្សពូកែទើបធ្វើបាននោះទេ។ ស្របពេលដែលវិន័យត្រូវបានរឹតបន្តឹង វិញ្ញាសាក៏ត្រូវបានក្រសួងធ្វើឱ្យមានភាពធូរស្រាលច្រើនជាងមុនគួរសមដែរ។ ក្រសួងមិនចង់ឱ្យមានសិស្សធ្លាក់ច្រើននោះទេ ហើយក៏មិនចង់ឱ្យអ្នកដែលមិនចេះអ្វីសោះជាប់នោះដែរ។ ស្តង់ដាវិញ្ញាសាគឺ សមល្មមនឹងសមត្ថភាពរបស់សិស្សដែលបានខិតខំរៀនមកពេញមួយឆ្នាំនេះ។ អ៊ីចឹងហើយ ឱ្យតែចេះគ្រប់មេរៀននៅក្នងថ្នាក់ទី១២ឱ្យបានច្បាស់ ត្រឹមការប្រឡងជាប់បាក់ឌុបមិនមែនជាបញ្ហានោះទេ។ តែអ្វីដែលជាបញ្ហាគឺត្រូវខិតខំយកនិទ្ទេសល្អៗ ដូចជា A និង B ឱ្យបាន។ បើអ្នកទាំងអស់គ្នាចេះប្រើ រយៈពេលដែលនៅសល់នេះឱ្យបានល្អ ដោយមិនខ្ជះខ្ជាយទៅលើការភ័យរវើវាយ។ ផ្ទុយទៅវិញអ្នកយកពេលវេលានេះមកពង្រឹងសមត្ថភាពបន្ថែម តាមរយៈការធ្វើវិញ្ញាសាចាស់ៗ ហើយរំលឹកមេរៀនចាស់ៗ និងថែរក្សាសុខភាពឱ្យបានល្អ នោះអ្នកទាំងអស់គ្នានឹងមានឳកាសកាន់តែខ្ពស់ក្នុងការទទួលបាននូវនិទ្ទេសកាន់តែល្អ។ បើចង់បាននិទ្ទេសល្អៗដូចជា A និងB អ្នកទាំងអស់គ្នាត្រូវប្រាកដថា ខ្លួនឯងចេះចាំស្ទាត់គ្រប់មេរៀនទាំងអស់ដោយមិនមានចន្លោះប្រហោង ទោះចេញមកយ៉ាងម៉េចក៏អាចធ្វើបាន។ នៅក្នុងការប្រឡងទៀតសោត អ្នកទាំងអស់គ្នាប្រឹងធ្វើវិញ្ញាសាប្រឡងដោយប្រុងប្រយ័ត្ន  និងមិនឱ្យមានកំហុសកើតឡើង នោះនិទ្ទេស A កំពុងតែរង់ចាំអ្នក។ សរុបមក គឺខ្ញុំអាចនិយាយមួយម៉ាត់យ៉ាងខ្លីថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ មិនពិបាកទាល់តែសោះសម្រាប់អ្នកដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតមក ហើយអ្នកដែលមិនសូវចេះធ្វើមិនបានដែរ ពោលគឺអ្នកទាំងអស់គ្នាត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងជានិច្ច និងមិនត្រូវឱ្យពាក្យអាចាមរាមថា ការប្រឡងបាក់ឌុបនេះពិបាកខ្លាំងណាស់មកបន្លាច និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកទាំងអស់គ្នាឡើយ។

ចុះការដែលគេនិយាយថា «ការប្រឡងបាក់ឌុបនេះតឹងរឹងណាស់» វិញយ៉ាងម៉េចដែរ?

ភាពតឹងរឹងខាងវិន័យក្នុងការប្រឡងបាក់ឌុបជាការពិត ដែលយើងមិនអាចប្រកែកបាន។ បេក្ខជនដែលចូលរួមក្នុងការប្រឡងទាំងអស់មិនអាចយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក្រៅពីប៊ិច បន្ទាត់ ឬខ្មៅដៃចូលក្នងមណ្ឌលប្រឡងបានឡើយ។ ក្នុងដំណើរនៃការប្រឡង បេក្ខជនទាំងអស់ត្រូវធ្វើវិញ្ញាសាដោយសមត្ថភាពពិតរបស់ខ្លួន ដោយមិនអាចសួរដទៃបានឡើយ។ នៅក្នុងបន្ទប់ប្រឡងនីមួយៗមានអនុរក្សពីរទៅបីនាក់ ហើយនៅខាងក្រៅបន្ទប់ក៏មានអ្នកអង្កេតការនៅចាំយាមការ ឃ្លាំមើលសកម្មភាពរបស់បេក្ខជន។ បើស្តាប់ទៅវាដូចជា តឹងរឹងខ្លាំងមែនទែន អ្នកខ្លះនិយាយថាគ្រាន់តែឃើញអនុរក្ស និងអ្នកអង្កេតការក៏ភ័យឡើងភ្លេចមេរៀនអស់ទៅហើយ។ មានពាក្យមួយឃ្លាគេនិយាយថា «មាសសុទ្ធមិន ខ្លាចភ្លើង» ចឹងហើយក្នុងនាមយើងជាអ្នកសិក្សាពិតប្រាកដ មានអីត្រូវខ្លាចនឹងវិន័យតឹងរឺងប៉ុណ្ណឹង ឱ្យតែយើងមិនធ្វើខុសវិន័យ ដូច្នេះក៏គ្មាននរណាមកចាប់កំហុសយើងបានដែរ។ យើងគួរតែ សប្បាយរីករាយទៅវិញទេ ដែលក្រសួងបានរឹតបន្តឹងវិន័យខ្លាំងបែបនេះ ហើយការដែលវិន័យត្រូវរឹតបន្តឹងបែបនេះ ព្រោះវាធ្វើឱ្យលទ្ធផលនៃការប្រឡងរបស់យើងមានមានយុត្តិធម៌ និងមានតម្លៃឡើងទ្វេរដង។ លទ្ធផលដែលយើងទទួលបានគឺជាសមិទ្ធិផល ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងអស់រយៈពេល ១២ឆ្នាំ។ បើវិន័យក្នងការប្រឡងធូររលុង អាចចម្លងគ្នាបាន មើលសំណៅឯកសារបាន ចាំបាច់អីដែលក្រសួងប្រលងជ្រើសរើសអ្នកដែលមានសមត្ថភាពឲ្យជាប់ និងអ្នកដែលមិនចេះសោះធ្លាក់? បើយើងក្រឡេកទៅមើល បេក្ខជននៃការប្រឡងបាក់ឌុបមុនឆ្នាំ២០១៤វិញ នៅពេលដែលគេមិនទាន់បានធ្វើកំណែទម្រង់ លទ្ធផលដូចជា មិនសូវធ្វើឱ្យអ្នកដែលបានប្រឡងដោយសមត្ថភាពពិតរបស់ខ្លួនឯងរីករាយប៉ុន្មានទេព្រោះ អ្នកដែលមិនរៀនក៏អាចបាននិទ្ទេសល្អដែរ។ សម័យប្រលងមុនឆ្នាំ២០១៤ យើងអាចនិយាយបានថាវាជា សម័យប្រលងដែលអ្នកមានលុយទិញសំណៅឯកសារ និងមានខ្សែជាប់ ក៏ប៉ុន្ដែនៅសម័យប្រលងក្រោយកំណែទម្រង់ជា សម័យប្រលងដែលបេក្ខជនប្រើសមត្ថភាពផ្ទាល់ខ្លួន អ្នកចេះគឹជាប់ អ្នកដែលមិនចេះសោះគឺធ្លាក់។ វិន័យតឹងរឹងមិនមែនជាអ្វីដែលបេក្ខជនប្រលងបាក់ឌុប ត្រូវភ័យខ្លាចនោះទេ។

ជារួម ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះមិនពិបាកខ្លាំងពេកនោះទេ ពោលគឺខាងផ្នែកវិញ្ញាសាមិនពិបាកខ្លាំងទេ ប៉ុន្ដែជារឹតបន្តឹងខ្លាំងខាងផ្នែកវិន័យទៅវិញទេ។ តែទោះជាយ៉ាងណា វាគឺជាការពិតដែលមិនអាចផ្លាស់ប្ដូរបាន ហើយសិស្សថ្នាក់ទី១២ទាំងអស់ត្រូវតែត្រៀមខ្លួន និងធ្វើវាឱ្យបានល្អបំផុតទៅតាមអ្វីដែលខ្លួនអាចធ្វើបាន។ សិស្សច្បងមុនៗអាចធ្វើបាន ចុះហេតុអ្វីយើងត្រូវភ័យខ្លាច បើគេធ្វើបានយើងក៏ធ្វើបានដូចគ្នា។ អ្វីដែលសិស្សទី១២នឹងត្រូវធ្វើ គឺមិនមែនអង្គុយភ័យទេ គឺត្រូវពង្រឹងសមត្ថភាព និងជឿជាក់លើលើខ្លួនឯង។ ជាចុងក្រោយខ្ញុំ សូមជូនពរឱ្យសិស្សថ្នាក់ទី១២ទាំងអស់គ្នាជោគជ័យក្នុងការប្រលង និងទទួលបាននូវលទ្ធផលដែលខ្លួនបានរំពឹងទុកសម្រាប់ការប្រលងបាក់ឌុបខាងមុខនេះអ្នកទាំងគ្នា។

Written by: Tan Sodalin

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor