ការយល់មេរៀនជារឿងល្អសម្រាប់សិស្សានុសិស្សវិទ្យាល័យ តែការចាំមេរៀនក៏កាន់តែសំខាន់ផងដែរចំពោះមុខវិជ្ជាមួយចំនួន។ ការចាំមេរៀនដែលបានសិក្សាជួយឱ្យសិស្សានុសិស្សទទួលបានពិន្ទុល្អក្នុងការសិក្សាក៏ដូចជាការប្រលង។ ដូច្នេះ តើយើងត្រូវមានវិធីសាស្ត្រអ្វីខ្លះក្នុងការទន្ទេញមេរៀនឱ្យឆាប់ចាំ?
រៀបកាលវិភាគ
ត្រូវរៀបផែនការថា ម៉ោងណាត្រូវទន្ទេញ ម៉ោងណាអ្នកត្រូវមើលមេរៀន ព្រមទាំងម៉ោងណាអ្នកត្រូវសម្រាក ហើយត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន ។ធ្វើបែបនេះ អាចធ្វើឲ្យការផ្ដោតអារម្មណ៍របស់អ្នកបានខ្ពស់ជាងមុន និងបន្ថយភាពតានតឹងផងដែរ ព្រោះអ្នកដឹងច្បាស់ថាពេលណាសម្រាក និងពេលណាទន្ទេញមេរៀន។
កត់ត្រាចំណុចសំខាន់ៗ
នៅអំឡុងពេលដែលអ្នកធ្វើការទន្ទេញ អ្នកត្រូវតែចេះធ្វើការកត់ត្រាចំណុចសំខាន់នៃខ្លឹមសារមេរៀននោះទុកនៅក្នុងសៀវភៅកក់ត្រារបស់អ្នក។ ការធ្វើបែបនេះអាចជួយឲ្យអ្នកយល់ពីអំពីចំណុចសំខាន់គោលៗនៃមេរៀននោះ ដើម្បីងាយស្រួលធ្វើការរំឮកនៅពេលក្រោយ និងកាន់តែធ្វើឲ្យអ្នកច្បាស់លាស់ជាមួយមេរៀននោះមួយកម្រិតទៀត។
រៀនជាក្រុម
នៅពេលយើងរៀនតែម្នាក់ឯង យើងមិនដឹងទៅសួរអ្នកណាទេ នៅពេលយើងមានចម្ងល់ ដោះស្រាយមិនចេញ តែបើអ្នករៀនជាក្រុម នោះនឹងមានគំនិតច្រើន អាចដោះស្រាយលំហាត់ ឬចម្ងល់បានឆាប់រហ័ស។ ម្យ៉ាងវិញទៀតប្រសិនបើយកពេលចែកគ្នាធ្វើលំហាត់ ហើយមកពន្យល់គ្នា អាចនាំឲ្យចំណេញពេលបានច្រើន ។
អានឱ្យឮៗ
បន្ទាប់ពីសរសេរសង្ខេបពីចំណុចដែលអ្នកយល់ពីមេរៀនហើយ អ្នកគួររកកន្លែងណាមួយដែលស្ងប់ស្ងាត់ ដើម្បីធ្វើការទន្ទេញឮៗ ព្រោះធ្វើបែបនេះ អ្នកប្រើពេលខ្លី ហើយចាំបានយូរទៀតផង ដោយសារក្នុងអំឡុងពេលអានឮៗ អារម្មណ៍របស់អ្នកផ្ដោតទៅលើមេរៀនច្រើនជាងពេលអ្នកអានក្នុងចិត្ត។
រៀបចំកន្លែងរៀន
ចំនុចនេះក៏សំខាន់ណាស់ដែរ ហើយក៏ជាផ្នែកមួយជួយជំរុញ ឱ្យអ្នកឆាប់ចាប់មេរៀនបាន ដោយមុននឹងឈានដល់ការទន្ទេញមេរៀន ច្បាស់ណាស់អ្នកត្រូវតែរៀបចំកន្លែងសិក្សារបស់អ្នកឲ្យមានរបៀបរៀបរយ ព្រោះថា យើងនៅទីកន្លែងមួយដែលមិនមានសណ្ដាប់ធ្នាប់ល្អ អារម្មណ៍របស់យើងក៏បែបនោះដែរ។