កាលខ្ញុំមករៀននៅភ្នំពេញដំបូង

កាលខ្ញុំមករៀននៅភ្នំពេញដំបូង


Posted at: 23 Sep 2020
677 Views

រឿងនេះផ្ដើមពីជីវិតក្មេងម្នាក់ដែលធំដឹងក្ដី និងរៀននៅខេត្តតាំងតែពីតូច រហូតដល់ចប់ថ្នាក់វិទ្យាល័យ ហើយមករៀនត នៅទីក្រុងភ្នំពេញ។ ពាក្យដែលគេចំណាំនិយាយពិតជាមិនខុសមែន ដែលថាវាសនាជាអ្នកកំណត់ យើងមិនដឹងថា ថ្ងៃមុខជីវិតយើងនឹងទៅជាយ៉ាងណានោះទេ។ គិតសព្វៗទៅធ្លាប់តែជាក្មេងម្នាក់ រស់នៅផ្ទះជុំគ្នា ជាមួយប៉ាម៉ាក់ ជាមួយបងប្អូន មានប៉ាម៉ាក់គ្រប់គ្រងមើលថែ ដល់ពេលចប់បាក់ឌុប ក្ដីសុខបែបនោះក៏ត្រូវចប់ដែរ ព្រោះថាក៏ដល់ពេលមួយ ដែលតម្រូវអោយចាកចេញឆ្ងាយពីផ្ទះ ដើម្បីមកបន្តការសិក្សា និង ស្វែងរកអនាគត នៅទីក្រុងភ្នំពេញដ៏ឆើតឆាយម្នាក់ឯង ឯគោលដៅនៃការសិក្សាក៏គ្មានច្បាស់លាស់ មិនដឹងថាជីវិតនឹងទៅជាយ៉ាងណា។

ងាកមើលត្រឡប់ទៅក្រោយវិញ ស្ទើរតែមិនជឿខ្លួនឯងទេថា អាចដើររហូតបានមកដល់ពេលនេះ។ ខ្ញុំដឹងថា ជីវិតគ្មានអ្វីងាយស្រួលនោះទេ ជាពិសេសពេលដែលយើងមានអារម្មណ៍ថា យើងមានតែម្នាក់ឯង ហើយកំពុងវង្វេងផ្លូវ ក្លាយជាមនុស្សគ្មានគោលដៅម្នាក់។ ពេលដែលប្រឡងបាក់ឌុបចប់ភ្លាម គឺជាពេលមួយដែលស្ត្រេសខ្លាំងបំផុត។ តែក្នុងពេលជាមួយគ្នានោះដែរ មានកូនចិត្តមួយ ដែលចង់ដឹង ចង់លឺពីអនាគត ពីជីវិតថ្មីដែលកំពុងរង់ចាំនៅទីក្រុង។ មានអារម្មណ៍ថាគ្រប់គ្រាន់ជាមួយនឹង ជីវិតបែបជាសិស្សវិទ្យាល័យហើយ ចង់សាកល្បងពីអ្វីដែលថ្មី ពីពិភពលោកដ៏ធំ ដែលខ្លួនឯងមិនធ្លាប់បានដឹង ធ្លាប់បានលឺពីមុនមក។ បើនិយាយពីរឿងអាឡោះអាល័យគ្រួសារ និង មិត្តភក្ដិហ្នឹង គឺអាឡោះអាល័យហើយ តែពេលវេលា និង ជីវិតត្រូវតែទៅមុខ។ គ្មានការជួបណាដែលមិនបែកគ្នាទេ ហើយក៏គ្មានអ្នកណានៅរង់ចាំយើងដែរ។

ដំបូងពេលចេញនិទ្ទេសបាក់ឌុបហ្នឹងពិបាកចិត្តម្ដង ហើយខ្ញុំជឿថាអ្នកណាក៏ពិបាកចិត្តរឿងហ្នឹងដែរ គឺរឿងរើសជំនាញ។ មិនដឹងជាចង់រៀនអីអោយប្រាកដ មិនដឹងគួរសម្រេចចិត្តតាមអ្នកណា តាមគ្រួសារ តាមមិត្តភក្ដិ ឬ ក៏តាមខ្លួនឯង។ ពេលនុង៎ មានអារម្មណ៍ដូចនៅកណ្ដាលទន្លេម្នាក់ឯង គ្មានទិសដៅ មិនដឹងត្រូវវិលទៅខាងណាអោយប្រាកដ។

ដល់ពេលមកនៅភ្នំពេញ រិតតែពិបាកទៅទៀត។ កាលមកនៅភ្នំពេញដំបូង មានអារម្មណ៍ថាប្លែកណាស់ ពិបាកណាស់ តែក៏សប្បាយណាស់ដែរ។ ជីវិតមានសេរីភាពជាងមុន មានឱកាសច្រើនជាងមុន តែឯកាជាងមុន ព្រោះមិនសូវស្គាល់គេឯង មិនស្គាល់កន្លែងដែលចង់ទៅ ហើយមិត្តភក្ដិវិញក៏មិនដូចមុន។ មកដល់ភ្នំពេញថ្មីៗ ចេះតែចង់ដើរទៅនេះទៅនោះ តែខ្លាចមនុស្សសម័យឥឡូវ ទុកចិត្តមិនបាន ហើយប៉ាម៉ាក់ក៏គាត់បារម្ភមិនឈប់។ នៅទីក្រុងមិនដូចនៅខេត្ត ដែលយើងធ្លាប់នៅរាប់ឆ្នាំ ចង់ទៅណា ធ្វើអី ក៏មិនជាបញ្ហា តែទីក្រុងប្រៀបដូចជាទ្រុងថ្មី ដែលមានរនាំងច្រើនក្នុងការដើរហើរ និង សេពគប់មិត្តភក្ដិ។ បើនិយាយទៅមិនមែនមិនធ្លាប់ស្គាល់ភ្នំពេញទេ មកឡើងរាប់ភ្លេចហើយ គ្រាន់តែមិនធ្លាប់នៅតែប៉ុណ្ណឹង។ រឿងផ្លូវ ភ្លើងស្តុបអី ក៏បានមួយរឿងដែរ។ មកភ្នំពេញដំបូងៗ ភ័យៗ ញ័រៗ ជិះខុសផ្លូវ ចង់បត់ឆ្វេងទៅឈប់ខាងស្ដាំអីចឹងទៅ។ មានម្ដងនោះ ប៉ូលីសស្ដីអោយ រឿងជិះម៉ូតូមិនស្គាល់ខាង ឡើងស្ពឹកមុខជាទំងន់។

កំសត់ជាងហ្នឹងទៀត គឺពេលដាច់លុយ ពេលនុង៎ជាពេលដែលនឹកផ្ទះជាងគេ។ មកទីក្រុង ឆ្ងាយពីផ្ទះ ឆ្ងាយពីគ្រួសារ ការចំណាយទិញរបស់ប្រើប្រាស់ត្រូវទិញខ្លួនឯង គ្មានប៉ាម៉ាក់ណាមកចាត់ចែងទិញអោយទៀតទេ ចឹងកាបូបលុយ ចេះតែស្គមទៅតាមនឹងដែរ។ ម៉្យាងសម្ភារនិយមអូសទាញ ព្រោះនៅទីក្រុងមិនដូចយើងនៅខេត្តទេ ទោះចង់ឬមិនចង់ ក៏ត្រូវធ្វើខ្លួនអោយចុះចំណោមគេដែរ។ តែចិត្តនៅគិតដល់ប៉ាម៉ាក់នៅផ្ទះ គាត់ខំរកលុយអោយ ហើយយើងមកភ្នំពេញបាត់ អត់បានជួយការងារគាត់ ហើយយកលុយគាត់ចាយពេញៗដៃ ហ៊ឺហាតាមគេដូចវាមិនសម។ ចេះតែនឹកឃើញពាក្យគេថា ឃើញដំរីជុះ កុំជុំតាមដំរី។

មួយទៀត ពេលចូលរៀនដំបូងៗ អ្វីគ្រប់យ៉ាងដូចជាថ្មី ដែលពិបាកនឹងសម្រប នឹងទទួលយក។ ពេលងាកទៅឆ្វេង ងាកទៅស្ដាំ សុទ្ធតែសិស្សពូកែ និង អ្នកមានសមត្ថភាព មានបទពិសោធន៍ ដល់មើលមកខ្លួនឯងវិញ គឺនិយាយមិនចេះតែម្ដង គឺថាដំឡូងមូលសុទ្ធ។ ការលំបាកមានច្រើនមែនទែនបើគិតទៅ ដើម្បីចាប់ផ្ដើមជីវិតថ្មីមួយនេះ។ ឃើញគេវ័យតំណាលខ្លួន តែគេមុជបានជ្រៅ ទៅបានឆ្ងាយជាងយើង ក៏បកមកមើលខ្លួនឯង ហើយបន្ទោសខ្លួនឯង ថាហេតុអីបានកាលពីមុនមក យើងមិនដឹងអីសោះចឹង។ ធ្លាប់តែនៅខេត្តទៅរៀន ចេញពីរៀនទៅផ្ទះ មិនដែលបានចូលរួមកម្មវិធី ឬ សិក្ខាសាលា ក្នុងសង្គមអីទេ។ រឿងធ្ងន់ធ្ងរជាងហ្នឹងទៀត គឺទៅរៀនអត់សូវស្គាល់គេ ទៅណាក៏ម្នាក់ឯង គ្មានគ្នាគ្មានក្រុមអីនឹងគេ មានអារម្មណ៍តែលតោល និយាយទៅអារម្មណ៍មួយហ្នឹង គឺពិបាកខ្លាំងម៉ង សឹងតែថាចង់រត់ទៅស្រុកវិញម្ដងៗ។

ឥឡូវអត្ថបទមួយហ្នឹងមកដល់ទីបញ្ចប់ហើយ។ ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាជួបរឿងបែបនេះ ឬ មានអារម្មណ៍ដូចខ្ញុំ អត់ទេ តែបើដូចគ្នានោះ ខ្ញុំចង់អោយអ្នកទាំងអស់គ្នានឹងញញឹម ហើយរក្សាទុកអនុស្សាវរីយ៍មួយនេះរហូតទៅ។ ទោះបីវារាងជូរចត់តិច តែវាជាការចងចាំមួយដែលអ្នកទាំងអស់គ្នាគួរមានមោទនភាពចំពោះខ្លួនឯង។ តាមពិតទៅ មិនមែនមានតែ ឧបសគ្គ និងបញ្ហាស្មុគស្មាញទេ តែក៏មានរឿងរ៉ាវល្អៗ មនុស្សល្អៗ និង មិត្តភក្ដិជិតដិតជាច្រើន ដែលចូលមកក្នុងជីវិត និងការចងចាំរបស់យើង ហើយធ្វើអោយជីវិតយើងមានរសជាតិ ជាមួយនិងអត្ថន័យមួយបែបផ្សេង។ ការពិតមនុស្សផ្សេងគ្នា ដំណើរជីវិតផ្សេងគ្នា តែនេះគ្រាន់តែជាកំណត់ហេតុមួយនៃជីវិតក្មេងម្នាក់ ដែលចង់ចែករំលែក ទៅអ្នកទាំងអស់គ្នា ហើយសង្ឃឹមថាអាចជួយអ្នកទាំងអស់គ្នាមានអារម្មណ៍ធូរស្រាលបន្ទាប់ពីអានហើយ។

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor