សាកលវិទ្យាល័យ ដែលតម្រូវឲ្យនិស្សិតប្រឡងចូល

សាកលវិទ្យាល័យ ដែលតម្រូវឲ្យនិស្សិតប្រឡងចូល


Posted at: 23 Oct 2020
4307 Views

តើប្អូនៗថ្នាក់ទី១២ បានរៀបផែនការសិក្សា ក្រោយពេលបញ្ចប់វិទ្យាល័យហើយឬនៅ? តើអ្នកបានសំរេចចិត្តថា ចង់សិក្សាសាកលវិទ្យាល័យ និង មុខជំនាញណាហើយឬនៅ? សាកលវិទ្យាល័យខ្លះ តម្រូវឲ្យអ្នក ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ បំពេញទម្រង់បែបបទ និងបង់ប្រាក់ចូលរៀនតែម្តង។ ប៉ុន្តែសាកលវិទ្យាល័យខ្លះវិញ តម្រូវឲ្យអ្នកប្រឡងចូលរៀន ហើយសាកលវិទ្យាល័យទាំងនោះ មានដូចជា៖

១. សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

• ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ (DMC): និស្សិតដែលមានបំណងចូលរៀននៅដេប៉ាតឺម៉ង់នេះ តម្រូវឲ្យឆ្លងកាត់ការប្រឡងចំនួន ២ដង គឺការសរសេរ និងផ្ទាល់មាត់។ វិញ្ញាសាសរសេរ ធ្វើឡើងជាភាសាអង់គ្លេស ដែលធ្វើតេស្តទៅលើវេយ្យាករណ៍ វាក្យស័ព្ទ និងអំនាន។ ចំពោះនិស្សិតដែលទទួលបានជោគជ័យនៅក្នុងការប្រឡងសរសេរ នឹងត្រូវឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់ទៀត។ 


• វិទ្យាស្ថាន ភាសាបរទេស (IFL): និស្សិតត្រូវឆ្លងកាត់ការប្រឡងវេយ្យាករណ៍ វាក្យស័ព្ទ និងអំនាន។ ជាធម្មតា ការប្រឡងនេះប្រព្រឹត្តទៅរយៈពេល ៩០នាទី។ 

• ដេប៉ាតឺមង់សិក្សាអន្តរជាតិ (DIS): វិញ្ញាសាប្រឡងចូល ធ្វើឡើងជាភាសាអង់គ្លេស ដែលបែងចែកជាបីផ្នែក គឺវប្បធម៌ទូទៅ វេយ្យាករណ៍ និងអំនាន។ ការប្រឡងនេះប្រព្រឹត្តទៅរយៈពេល ៩០នាទី។

២. វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា

ការប្រឡងចូលរៀនវិទ្យាស្ថាននេះ តែងតែប្រព្រឹត្តទៅនៅពាក់កណ្តាលខែតុលា រៀងរាល់ឆ្នាំ។ ការប្រឡងចូលនេះ រួមមានវិញ្ញាសាគណិតវិទ្យា រូបវិទ្យា និងតក្កវិទ្យា។ 

៣. សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល

វិញ្ញាសាប្រឡងចូល រួមមានមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា។ អ្នកដែលមានបំណងចង់ចូលរៀននៅទីនេះ គួររំលឹក និងសម្រួចមុខវិជ្ជាទាំងបីនេះ ដែលខ្លួនបានរៀននៅថ្នាក់ទី១២។ 

៤. សាកលវិទ្យាល័យ កម្ពុជា

និស្សិត ត្រូវឆ្លងកាត់ការប្រឡងចំនួន ២វិញ្ញាសា។ វិញ្ញាសាមួយ អាចចេញពាក់ព័ន្ធនឹងជំនាញឯកទេសដែលអ្នកបានជ្រើសរើស ចំណែកឯវិញ្ញាសារមួយទៀត អាចចេញវប្បធម៌ទូទៅ ឬពលរដ្ឋវិជ្ជា ឬប្រវត្តិវិទ្យា។ 

៥. សាកលវិទ្យាល័យ ហ្សាម៉ាន់

វិញ្ញាសាប្រឡងចូល អាចធ្វើលើកំព្យូទ័រ រឺក្រដាស។ វិញ្ញាសាប្រឡង មានជាភាសាខ្មែរ រឺភាសាអង់គ្លេស។ រយៈពេលនៃការប្រឡងគឺ ៦០នាទី។ វិញ្ញាសាប្រឡងចូល មាន៦០សំណួរពហុជ្រើសរើស (MCQs) ដែលផ្តោតទៅលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និង IQ ។ 

៦. វិទ្យាស្ថាន ខេមអេដ

និស្សិតដែលមានបំណងចង់រៀននៅទីនេះ ត្រូវធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស និងគណិតវិទ្យា។ 


ដើម្បីជាប់ការប្រឡងចូល ប្អូនៗត្រូវស្វ័យសិក្សា ជាចាំបាច់។ ម្យ៉ាងទៀត គិតគូរឲ្យច្បាស់លាស់ណាថា ខ្លួនចង់រៀនជំនាញ និងសាកលវិទ្យាល័យណាដើម្បីកុំឲ្យមានវិប្បដិសារីនៅពេលក្រោយ។


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor