តើខ្ញុំនឹងអាចធ្វើឲ្យគ្រួសារមានមោទនភាពមកលើរូបខ្ញុំបានដែររឺទេ?

តើខ្ញុំនឹងអាចធ្វើឲ្យគ្រួសារមានមោទនភាពមកលើរូបខ្ញុំបានដែររឺទេ?


Posted at: 23 Sep 2020
486 Views

សួស្ដីប្អូនៗទី១២ជាទីស្រឡាញ់ ពួកយើងដឹងហើយថាអ្នកកំពុងត្រៀមខ្លួនយ៉ាងស្វិតស្វាញក្នុងការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។ អ្នកទាំងអស់គ្នាមួយចំនួនក៏ប្រហែលជាកំពុងគិតទន្ទឹមគ្នាដែរថាធ្វើយ៉ាងណា ដើម្បីឲ្យក្រុមគ្រួសារមានការកោតសរសើរ និងមានមោទនភាពមកលើខ្លួន។ ប្រសិនបើអ្នកកំពុងតែស្ថិតក្នុងកាលៈទេសៈនេះ សូមអានអត្ថបទនេះដោយយកចិត្តទុកដាក់ដើម្បីទទួលបានចំណេះដឹង និងយកវាទៅអនុវត្តដើម្បីទទួលបានជោគជ័យ។

យើងដឹងហើយថាក្រុមគ្រួសារយើងជាចំណែកមួយដ៏សំខាន់ក្នុងការជួយជ្រោមជ្រែង ដោះស្រាយបញ្ហា និងផ្ដល់កម្លាំងចិត្តនៅពេលដែលយើងត្រូវការជំនួយ។ លើសពីនេះគ្រួសាររបស់យើងក៏តែងតែផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រឡាញ់មួយដ៏ពិតប្រាកដមិនអាចកាត់ថ្លៃបានមកដល់យើងរាល់គ្នា។ អ្នកក៏ជាចំណែកមួយដ៏សំខាន់ក្នុងការធ្វ់ើឲ្យគ្រួសារមានសុភមង្គល និងមានមោទនភាពផងដែរ។ ជឿជាក់ថាលោកឪពុកអ្នកម្ដាយមួយចំនួនធំ បើទោះបីពួកគាត់មិនមានលទ្ធភាពអាចផ្ដល់អ្វីសព្វគ្រប់បែបយ៉ាងទៅតាមតម្រូវការរបស់យើងក៏ពិតមែន ប៉ុន្ដែលោកទាំងពីរបានផ្ដល់ឳកាសឲ្យអ្នកទទួលបានការសិក្សាររៀនសូត្របានជ្រៅជ្រះ ធ្វើជាមនុស្សល្អ និងបុគ្គលជោគជ័យម្នាក់នៅក្នុងសង្គម។ គាត់ចង់ឃើញអ្នកក្លាយជាបុគ្គលដែលប្រកបដោយសុជីវធម៌ សេចក្ដីថ្លៃថ្នូរ រួមទាំងមានចំណេះដឹង ហើយមានមនុស្សជុំវិញខ្លួនស្រឡាញ់រាប់អានច្រើន។ ដូច្នេះក្នុងនាមអ្នកជាកូនល្អត្រូវធ្វើអោយគាត់មានមោទនភាព និងបំពេញបំណងប្រាថ្នារបស់គាត់ដើម្បីជាការតបស្នងសងគុណចំពោះការខិតខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ដែលជាញើសឈាមរបស់គាត់ដើម្បីចិញ្ចឹមបីបាច់អ្នកតាំងពីតូចរបស់ហូតដល់ធំ។ យ៉ាងណាមិញដើម្បីឲ្យគាត់កោតសរសើរ និងមានមោទនភាពមកលើរូបអ្នក អ្នកគប្បីតែខិតខំព្យាយាមសិក្សាររៀនសូត្រដើម្បីទទួលបាននូវលទ្ធផលល្អ និងមិនខ្ជះខ្ជាយពេលវេលាធ្វើរឿងដែលឥតប្រយោជន៏ ដូចជាពេលទំនេរគិតតែលេងទូរស័ព្ទ ដើរលេងសប្បាយហុឺហាភ្លើតភ្លើនខ្ជះខ្ជាយថវិការដែលគាត់ខិតខំរក ដូច្នេះអ្នកគួរគប្បីជំនួសមកវិញដោយការខិតខំរៀនសូត្របន្ថែមហើយយកពេលទំនេរមកជួយការងារពួកគាត់បន្តិចបន្តួចហើយឆ្លៀតពេលលំហែខួរក្បាលបើអ្នកមានអារម្មណ៏ថាស្រ្តេសក្នុងការសិក្សា។

ជារួម ខ្ញុំជឿជាក់ថាពួកគាត់ពិតជាចង់ឃើញអ្នកទទួលបានលទ្ធផលល្អនៅពេលប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ។ ហេតុនេះអ្នកត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ព្រោះវាជាពេលវេលាដែលពួកគាត់រង់ចាំមើលសមិទ្ធផលដំបូងដែលអ្នកខិតខំប្រឹងប្រែងអស់រយៈពេលជាង១២ឆ្នាំមកនេះ។ ដូច្នេះអ្នកត្រូវធ្វើឲ្យបានល្អ ពេលនោះក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នានឹងមានមោទនភាពចំពោះអ្នក។ ក្នុងនាមអ្នកជាកូនល្អត្រូវតបស្នងសងគុណពួកគាត់តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រជា ពិសេសការសិក្សាថ្នាក់ទី១២ដែលជាឆ្នាំចុងក្រោយនៃថ្នាក់វិទ្យាល័យធ្វើយ៉ាងណាខិតខំឲ្យអស់ពីសមត្ថភាពនៅពេលការប្រលងមកដល់ ហើយត្រូវធ្វើឲ្យបានលទ្ធផលល្អជូនពួកគាត់។ ប៉ុន្ដែមិនមែនមានន័យថាទាល់តែបាននិទ្ទេសល្អទើបគ្រួសារអ្នកមានមោទនភាពចំពោះអ្នកនោះទេ តែវាស្ដែងចេញតាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកអំឡុងពេលសិក្សាទាំងនៅផ្ទះ និងនៅសាលាព្រោះវាបង្ហាញពីទឹកចិត្តការខិតខំប្រឹងប្រែងរបស់អ្នក។ ចំពោះការធ្វើអោយបាននិទ្ទេសល្អជារឿងមួយផ្សេងទៀតដែលធ្វើឲ្យគាត់កាន់តែមានមោទនភាព តែទោះជាមិនបាននិទ្ទសល្អក៏ដោយ ក៏គាត់យល់ថាអ្នកបានប្រឹងអស់ពីសមត្ថភាពហើយ។ ដូច្នេះ អ្នកទាំងអស់គ្នាគួរតែខិតខំព្យាយាមសិក្សារៀនសូត្រឲ្យបានជាប់លាប់ និងអនុវត្តលំហាត់ឲ្យបានច្រើន។ ពេលដែលអ្នកមានការត្រៀមខ្លួនរួចជាស្រេច នោះអ្នកនឹងធ្វើកិច្ចការប្រលងបានល្អដោយមិនបាច់ភ័យខ្លាច។ ដូច្នេះដើម្បីកុំឲ្យបាត់បងឳកាសយើងត្រូវពង្រឹងសមត្ថភាព ដើម្បីបានលទ្ធផលល្អហើយធ្វើឲ្យគ្រួសារមានមោទនភាព។ ជាចុងក្រោយសូមជូនពរដល់សិស្សទី១២ទាំងអស់ឲ្យមានសុភាពល្អ សំណាងល្អ និង ទទួលបាននិទ្ទេសល្អនៅថ្ងៃប្រឡងខាងមុខ។ 

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor