អ្វីទៅជាជំនាញសង្គមវិទ្យា?

អ្វីទៅជាជំនាញសង្គមវិទ្យា?


Posted at: 08 Sep 2020
3606 Views

ប្រហែលជាមានមនុស្សជាច្រើននាក់ណាស់ ដែលចាប់អារម្មណ៍លើមុខជំនាញមួយនេះ ជាពិសេសអ្នកដែលចូលចិត្តតាមដាន ចាប់អារម្មណ៍ និង វិភាគបញ្ហាសង្គមដែលយើងគ្រប់គ្នាកំពុងរស់នៅ។ តាមពិតទៅ សង្គម និង ជីវិតមនុស្ស គឺជារឿងដ៏ស្មុគស្មាញ ពិបាកនឹងយល់ ពិបាកនឹងដោះស្រាយ។ ហេតុនេះហើយ បានជាមុខជំនាញសង្គមវិទ្យាត្រូវបានបង្កើតឡើង ហើយការសិក្សាស្វែងយល់ពីជំនាញមួយនេះ ក៏មានលក្ខណៈស្មុគស្មាញទៅតាមនោះដែរ។ តោះ! កុំអោយខាតពេលយូរ យើងទៅស្វែងយល់ពីការសិក្សាជំនាញនេះទាំងអស់គ្នា។

1. អ្វីទៅជាជំនាញ សង្គមវិទ្យា?

សង្គមវិទ្យា គឺជាការសិក្សាអំពីសង្គមមនុស្ស ដែលរួមមានប្រភពដើម មុខងារ និង បញ្ហារបស់មនុស្ស។ វាផ្តោតសំខាន់ទៅលើទំនាក់ទំនងរវាងមនុស្ស ក្រុមមនុស្ស វណ្ណៈ អង្គភាព និង វប្បធម៌។ នៅកម្រិតផ្ទាល់ខ្លួន សង្គមវិទ្យាផ្ដោតទៅលើ មូលហេតុនិងផលវិបាកនៃរឿងរ៉ាវ ដូចជាស្នេហារ៉ូមែនទិក ជាតិសាសន៍និងយេនឌ័រ ជម្លោះគ្រួសារ ឥរិយាបថ ការវិវឌ្ឈន៍របស់មនុស្ស និង ជំនឿសាសនា។ នៅកម្រិតសង្គម សង្គមវិទ្យាពិនិត្យ និង បកស្រាយ រឿងដូចជាឧក្រិដ្ឋកម្មនិងច្បាប់ ភាពក្រីក្រនិងទ្រព្យសម្បត្តិ ការរើសអើងនិងការប្រកាន់ពូជសាសន៍ សាលារៀននិងការអប់រំ ក្រុមហ៊ុនអាជីវកម្ម សហគមន៍ និង បដិវត្តសង្គម។ ចំពោះកម្រិតសកល សង្គមវិទ្យាសិក្សាពីបាតុភូត ដូចជាកំណើនប្រជាជននិងការធ្វើចំណាកស្រុក សង្គ្រាមនិងសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការសិក្សាអំពីប្រធានបទចម្រុះ គឺជាគោលបំណងនៃសង្គមវិទ្យា ដើម្បីស្វែងយល់អំពីឥទ្ធិពលរបស់សកម្មភាព និង គំនិតរបស់មនុស្ស ទៅលើការកែប្រែសង្គម និង ឥទ្ធិពលរបស់សង្គមទៅលើការគិត និង ការបញ្ចេញសកម្មភាពរបស់មនុស្ស។

2. តើជំនាញសង្គមវិទ្យា សិក្សាពីអ្វីខ្លះ?

សង្គមវិទ្យារុករក និង វិភាគបញ្ហា ដែលសំខាន់ចំពោះជីវិតផ្ទាល់ខ្លួនរបស់យើង សហគមន៍របស់យើង ជាតិរបស់យើង និង ពិភពលោក។ កម្មវិធីសិក្សាក្នុងសង្គមវិទ្យា ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញនូវបែបផែនសង្គមដែលមនុស្សរស់នៅ និង ឥទ្ធិពលនៃទម្រង់សង្គមខុសៗគ្នាទៅលើការរស់នៅរបស់មនុស្ស។សិស្សដែលបានទទួលការបណ្ដុះបណ្ដាលផ្នែកសង្គមវិទ្យា ចេះវិភាគពីជីវភាពសង្គមរបស់មនុស្ស និង វិធីសួរសំណួរស្រាវជ្រាវសំខាន់ៗពីរឿងរ៉ាវក្នុងសង្គម។ ពួកគេដឹងពីរបៀបរៀបចំគម្រោងស្រាវជ្រាវសង្គមមួយ ដោយប្រមូល និង វិភាគយ៉ាងប្រុងប្រយ័ត្នលើទិន្នន័យជាក់ស្តែង ហើយបង្ហាញលទ្ធផលពីការស្រាវជ្រាវរបស់ពួកគេ។ សិស្សដែលទទួលបានការបណ្តុះបណ្តាលផ្នែកសង្គមវិទ្យា ក៏ដឹងពីរបៀបជួយអ្នកដទៃ ឱ្យយល់ដឹងអំពីរបៀបដែលសង្គមកំពុងដំណើរការ និង របៀបដែលអាចផ្លាស់ប្តូរសង្គមអោយកាន់តែប្រសើរឡើង។ ជាទូទៅពួកគេបានរៀនពីរបៀបគិត ការវាយតម្លៃ និង ការប្រាស្រ័យទាក់ទងប្រកបដោយការច្នៃប្រឌិតនិងប្រសិទ្ធភាព។ ទាំងនេះគឺជាសមត្ថភាពដែលដើរតួយ៉ាងសំខាន់ ក្នុងការចាប់អាជីពក្នុងវិស័យផ្សេងៗជាច្រើន។

3. តើជំនាញសង្គមវិទ្យា អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញនេះ និស្សិតនឹងទទួលបានចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះ សម្រាប់វិជ្ជាជីវៈជាច្រើន ដែលអាចបំរើការនៅក្នុង ក្រសួង អង្គការ ស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនផ្សេងៗជាច្រើន។ ការងារដែលគួរអោយកត់សម្គាល់មួយចំនួន មានដូចជា៖ 


សង្គមវិទូ 

អ្នកវិភាគទីផ្សារ
អ្នករៀបចំប្រព័ន្ធផ្សព្វផ្សាយ 
អ្នកវិភាគនយោបាយ 
អ្នកទំនាក់ទំនងសាធារណៈ 
អ្នកស្រាវជ្រាវ។ល។


4. តើអ្នកអាចសិក្សាជំនាញសង្គមវិទ្យា នៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?
នៅក្នុងប្រទេសកម្ពុជា មានសាកលវិទ្យាល័យមួយចំនួន ដែលបើកបង្រៀននូវមុខជំនាញនេះ ដែលក្នុងនោះ រួមមាន៖


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សាកលវិទ្យាល័យបញ្ញាសាស្ត្រ
ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាហារូបករណ៍សម្រាប់ការសិក្សាជំនាញនេះ នឹងត្រូវផ្ដល់អោយចំពោះ សិស្សទើបតែបញ្ចប់ការសិក្សាទុតិយភូមិ ដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ពីវិទ្យាល័យរបស់ខ្លួនតែប៉ុណ្ណោះ។

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Sources of translation: 

https://sociology.unc.edu/undergraduate-program/sociology-major/what-is-sociology/

Powered by Froala Editor