ក្នុងជីវិតរស់នៅ មនុស្សម្នាក់ៗតែងជួបប្រទះជាមួយនឹងបញ្ហាផ្សេងជានិច្ច។ បញ្ហាទាំងនោះ បានធ្វើឲ្យពួកគេកើតមានវិបត្តិផ្លូវចិត្ត ដែលតម្រូវឲ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា។ មូលហេតុនេះហើយ ដែលនាំឲ្យមានវត្តមាននៃអ្នកចិត្តវិទ្យា។
១. អ្វីទៅជាជំនាញ ចិត្តវិទ្យា?
ចិត្តវិទ្យា ជាជំនាញបែបវិទ្យាសាស្ត្រមួយដែលសិក្សាអំពីការគិត និងសកម្មភាពរបស់មនុស្ស មានន័យថាជំនាញមួយនេះ នឹងធ្វើការស្វែងយល់ស៊ីជម្រៅទៅលើគ្រប់សកម្មភាពទាំងអស់របស់យើង ទាំងការនិយាយស្តី និងអាកប្បកិរិយាទាំងឡាយ ដើម្បីឲ្យរកមូលហេតុ ដែលបណ្តាលឲ្យយើងប្រព្រឹត្តសកម្មភាពទាំងអស់នោះ ព្រមទាំងធ្វើការកែតម្រូវ ឬព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីដែលគេប្រទះឃើញមានបញ្ហា។ សម្រាប់បរិបទប្រទេសកម្ពុជាវិញ ជំនាញចិត្តវិទ្យាត្រូវបានបើកជាផ្លួវការជាលើកដំបូងក្នុងឆ្នាំ1994 នៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង សិក្សាអំពីគំនិតនិងអាកប្បកិរិយារបស់ប្រជាជនខ្មែរ បន្ទាប់ពីឆ្លងកាត់សង្គ្រាមជិតមួយទសវត្សន៍ ដើម្បីធ្វើការព្យាបាលជម្ងឺផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។
២. តើជំនាញ ចិត្តវិទ្យា បែងចែកជាឯកទេសអ្វីខ្លះ?
នៅក្នុងជំនាញចិត្តវិទ្យា មានបែកធាងតូចៗជាច្រើនដូចជា៖
•ចិត្តសាស្ត្រក្នុងការសង្កេត (Cognitive Psychology)
•ចិត្តសាស្ត្រក្នុងការព្យាបាល (Clinical Psychology)
•ចិត្តសាស្ត្រសង្គម (Social Psychology)
•ចិត្តសាស្ត្រក្នុងការអភិវឌ្ឍន៍ ឬចិត្តវិទ្យាកុមារ (Developmental Psychology / Child Psychology)
៣. តើជំនាញ ចិត្តវិទ្យា អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?
ក្រោយពេលបញ្ចប់ការសិក្សា និស្សិតអាចប្រកបការងារដូចជា៖
•សាស្ត្រាចារ្យចិត្តវិទ្យា និងចិត្តគរុកោស្យ
•អ្នកប្រឹក្សា និង អ្នកព្យាបាលបញ្ហាផ្លូវចិត្តបែបចិត្តសាស្ត្រតាមសហគមន៍ និងអង្គការនានា
•ជំនួយការវេជ្ជបណ្ឌិតតាមមណ្ឌលសុខភាព មន្ទីរពេទ្យ និងគ្លីនិច
•អ្នកជំនាញចិត្តសាស្ត្រតាមសាលារៀន និងគ្រឹះស្ថានអប់រំនានា
•អ្នកស្រាវជ្រាវ
៤. តើអ្នកអាចសិក្សាជំនាញ ចិត្តវិទ្យា នៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?
បច្ចុប្បន្ននេះ ដោយហេតុថាមុខជំនាញមួយនេះមិនសូវជាមានអ្នកស្គាល់ និងចាប់អារម្មណ៍ ជំនាញចិត្តវិទ្យាមានតែនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាតែប៉ុណ្ណោះ។
អំណានបន្ថែម៖
https://bit.ly/2AKOiVD
(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
Powered by Froala Editor