ភាពខុសគ្នារវាងការសិក្សានៅក្រៅប្រទេស និងនៅក្នុងប្រទេស

ភាពខុសគ្នារវាងការសិក្សានៅក្រៅប្រទេស និងនៅក្នុងប្រទេស


Posted at: 04 Oct 2023
343 Views

តើការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេសមានភាពខុសគ្នាយ៉ាងណាខ្លះ? តើជម្រើសនីមួយៗមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ? ទាំងនេះគឺជាចំណុចបកស្រាយទៅលើភាពខុសគ្នារវាងជម្រើសទាំងពីរដែលមានស្របទាំងភាពវិជ្ជមាន និងអវិជ្ជមានដែលរួមមាន៖

  • បរិបទសិក្សា៖

រវាងការសិក្សានៅក្នុងស្រុក និងក្រៅស្រុក រឿងដំបូងដែលគិតដល់គឺបរិបទនៃការសិក្សា។ ការសិក្សានៅបរទេសផ្តល់ឱកាសពិសេសមួយដើម្បីឲ្យអ្នកសិក្សាបានយល់ដឹងពីបរិបទដែលមានវប្បធម៌ផ្សេងគ្នា និងទទួលបានបទពិសោធន៍ជីវិតថ្មី និងមានទំនោរផ្លាស់ប្តូរទស្សនៈទៅតាមទិដ្ឋភាពប្លែកៗដែលបុគ្គលជួបប្រទះ។ ការសិក្សានៅបរទេសអនុញ្ញាតឱ្យសិស្សធ្វើអន្តរកម្មជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ស្វែងយល់អំពីទំនៀមទម្លាប់ និងប្រពៃណីដទៃទៀត និងទទួលបានទស្សនៈទូលំទូលាយជាសកល។ រីឯការសិក្សានៅក្នុងស្រុកអាចផ្តល់នូវបរិយាកាស និងបរិបទវប្បធម៌ដែលធ្លាប់ស្គាល់រួចមកហើយ ព្រោះការប្រើប្រាស់ភាសា និងបរិបទរស់នៅមានសភាពមិនខុសប្លែកខ្លាំង និងមិនតម្រូវឲ្យសិស្សបត់បែនខ្លួនខ្លាំងឡើយ ផ្ទុយទៅវិញ ការសិក្សានៅក្រៅប្រទេសតម្រូវឲ្យសិស្សរៀនសម្របខ្លួននិងបរិស្ថានថ្មី និងបត់បែនទៅតាមតំបន់ដែលពួកគាត់រស់នៅនោះ។ ហាក់បីជម្រើសទាំងពីរនេះមានភាពខុសប្លែកគ្នាខ្លាំងយ៉ាងណាក្តី ប៉ុន្តែក្នុងពេលតែមួយក៏បានផ្តល់នូវបទពិសោធន៍ជាលក្ខណៈដោយឡែកៗពីគ្នា ដោយផ្អែកតាមកាលៈទេសៈដែលមនុស្សម្នាក់ៗជួបប្រទះ។

  • បណ្តាញ និងការតភ្ជាប់សកល៖

បើក្រឡេកទៅខាងបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរទីកន្លែងសិក្សា អាចជួយឲ្យអ្នកសិក្សាមានសមត្ថភាពក្នុងការពង្រីកបណ្តាញ និងការតភ្ជាប់ ទាំងវិជ្ជាជីវៈ និងផ្ទាល់ខ្លួន។ ការនៅកន្លែងថ្មីត្រួសត្រាយផ្លូវសម្រាប់ទស្សនវិស័យថ្មីជាងមុន និងការផ្សាភ្ជាប់បទពិសោធន៍ដ៏សម្បូរបែបនៅបរទេសជាលក្ខណៈសកល។ ដូចគ្នានេះផងដែរ ការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកលក្ខណៈមកពីជាតិសាសន៍ និងជំនឿផ្សេងៗ អាចជួយឲ្យអ្នកសិក្សាអភិវឌ្ឍទៅជាបុគ្គលដែលមានការយល់ដឹង និងសុខុមាលភាពក្នុងសង្គម ព្រោះមានការបង្កើតទំនាក់ទំនងរវាងមិត្តភក្តិ មិត្តរួមថ្នាក់ និងអ្នកជំនាញមកពីប្រទេសផ្សេងៗ។ ការតភ្ជាប់ទាំងនេះអាចមានតម្លៃសម្រាប់ការសហការនាពេលអនាគត ឱកាសការងារ និងការយល់ដឹងទូលំទូលាយអំពីបញ្ហាសកល។ ចំណែកឯការសិក្សាក្នុងស្រុកអាចផ្តល់នូវបណ្តាញ ភាគច្រើនមានបុគ្គលមកពីប្រទេស ឬតំបន់ដូចគ្នា ធ្វើឲ្យមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សមកពីប្រវត្តិវប្បធម៌ និងភូមិសាស្រ្តដូចគ្នា។ 

  • ថ្លៃសិក្សា និងថ្លៃរស់នៅ

ការសិក្សានៅបរទេសអាចមានតម្លៃថ្លៃជាងបើប្រៀបធៀបនឹងការសិក្សានៅក្នុងស្រុកដោយសារកត្តាមួយចំនួនដូចជា ថ្លៃសិក្សា ថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ និងថ្លៃរស់នៅជាដើម។ ការសិក្សានៅក្នុងស្រុកអាចចំណាយតិចជាង ជាពិសេសប្រសិនបើសិស្ស រស់នៅជាមួយគ្រួសារ និងនៅក្នុងបរិយាកាសដែលធ្លាប់ស្គាល់។ បច្ចុប្បន្នសិស្សានុសិស្ស ឬនិស្សិត ក៏អាចផ្លាស់ប្តូរទៅសិក្សានៅក្រៅប្រទេសដោយមិនត្រូវការចំណាយផងដែរ តាមរយៈការប្រឡងយកអាហារូបករណ៍របស់រដ្ឋាភិបាលនៃប្រទេសផ្សេងៗ ឬការផ្លាស់ប្តូរវគ្គសិក្សាខ្លីៗជាដើម។ 

  • ប្រសិទ្ធភាពនៃការសិក្សា និងការប្រើប្រាស់ភាសា

ការទៅសិក្សានៅក្រៅប្រទេស បើផ្តោតទៅលើសាលាដែលមានឈ្មោះល្បីល្បាញលើពិភពលោកនោះយើងនឹងទទួលបានគុណភាពខ្ពស់និងការទទួលស្គាល់ជាសកលក្នុងការសិក្សានិងសញ្ញាប័ត្រដែលទទួលបានក្រោយបញ្ចប់ការសិក្សា នោះអាស្រ័យទៅតាមសាលាដែលយើងនឹងរើសទៅសិក្សាផងដែរ។ មួយវិញទៀតយើងក៏អាចទទួលបានចំណេះដឹងថ្មីៗពីកម្មវិធីសិក្សាដែលសាលាផ្តល់ឱ្យ ដែលមួយចំនួនអាចខុសគ្នាពីកម្មវិធីសិក្សានៅក្នុងប្រទេស។ ក្រៅពីនេះការទៅសិក្សានៅក្រៅប្រទេសគឺជាមធ្យោបាយមួយដ៏ល្អក្នុងការអភិវឌ្ឍការប្រើប្រាស់ភាសាបរទេសរបស់យើងក្នុងការរស់នៅប្រចាំថ្ងៃ សម្រាប់ការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែមានភាពស្ទាត់ជំនាញ។ចំណែកឯការសិក្សានៅក្នុងប្រទេសភាគច្រើនគឺជួបជាមួយនឹងប្រជាជនក្នុងប្រទេសតែមួយដែលប្រើប្រាស់ភាសាដូចគ្នា ទើបយើងមិនសូវមានឱកាសក្នុងការអភិវឌ្ឍការប្រើប្រាស់ភាសារបស់ខ្លួន។

  • ឯករាជ្យភាព

ការសិក្សានៅក្រៅប្រទេស យើងត្រូវរស់នៅនិងមើលថែខ្លួនឯង ធ្វើអ្វីៗដោយខ្លួនឯង ទៅណាមកណាដោយខ្លួនឯង កត្តាទាំងនេះហើយកាន់តែធ្វើឱ្យយើងមានឯករាជ្យភាពក្នុងការរស់នៅ និងចាកចេញពីតំបន់សុខស្រួលរបស់យើង  ថែមទាំងសយល់ឈ្នះខ្លួនឯងក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅទីនោះ បើទោះបីជាការសិក្សានៅក្នុងប្រទេសយើងអាចជួបប្រទះរឿងទាំងនេះក៏ដោយ តែវាក៏ស្ថិតក្នុងបរិបទមួយខុសគ្នា ការដោះស្រាយរឿងទាំងអស់នេះក៏ខុសគ្នាដែរ។

***www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.  

***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.