ការជ្រើសរើសជំនាញតម្រូវឲ្យយើងគិតពិចារណាយ៉ាងល្អិតល្អន់មុនពេលសម្រេចចិត្តក្នុងការចុះឈ្មោះចូលរៀនក្នុងសកលវិទ្យាល័យណាមួយបន្ទាប់ពីបញ្ចប់ការប្រឡងថ្នាក់ទី១២។ ការជ្រើសរើសជំនាញមិនត្រឹមត្រូវអាចធ្វើឲ្យយើងខាតបង់នូវពេលវេលា និង ថវិកា ជាពិសេសប៉ះពាល់ដល់សតិអារម្មណ៍ និងកម្លាំងកាយក្នុងពេលសិក្សាជំនាញនោះ។ ខាងក្រោមនេះជាគោលគំនិតចំនួន 4 សំខាន់ៗ ដើម្បីជាវត្ថុជំនួយដល់សិស្សានុសិស្សបន្ទាប់ពីប្រលងចប់ថ្នាក់ទី១២៖
“ តើខ្ញុំពូកែមុខវិជា្ជណាខ្លះ? ”
“ តើខ្ញុំអន់មុខវិជ្ជាណាខ្លះ?”
អ្នកគួរស្វែងយល់ពីខ្លួនឯងតាមរយៈការសួរសំណួរទៅខ្លួនឯងផ្ទាល់ថាអ្នកមានចំណុចខ្លាំងឬខ្សោយអ្វីខ្លះ មានចំណាប់អារម្មណ៍ទៅលើអ្វីជាពិសេស ចូលចិត្តនិងមានកម្លាំងចិត្តទៅលើចំណេះជំនាញអ្វី ហើយមានគោលដៅយ៉ាងដូចម្តេចនាថ្ងៃខាងមុខ។ អ្នកអាចសម្រាយចម្លើយទាំងអស់ទៅលើក្រដាសមួយសន្លឹក និងទុកពេលឲ្យខ្លួនឯងបានគិតពិចារណា ពេលនោះអ្នកនឹងអាចស្វែងយល់ពីភាពខ្លាំង និងភាពទន់ខ្សោយរបស់អ្នក។ ព្យាយាមរៀនសម្គាល់ខ្លួនឯងឲ្យច្បាស់ថាអ្នកពិតជាអាចទប់ទល់ទៅនឹងសម្ពាធបានដែរឬទេប្រសិនបើអ្នកជ្រើសរើសយកជំនាញដែលអ្នកចង់ឬត្រូវនឹងអ្នក ព្រោះពេលខ្លះសម្ពាធអាចផ្លាស់ប្តូរចិត្តគំនិតរបស់អ្នកឲ្យប្រែជាការមិនពេញចិត្តទៅលើជំនាញដែលអ្នកបានរើសនោះ។ ប៉ុន្តែកាលណាដែលអ្នកបានរៀននៅជំនាញដែលអ្នកចូលចិត្តស្រឡាញ់ពិតប្រាកដហើយនោះ អ្នកក៏នឹងអាចយកឈ្នះចិត្ត និងទម្លុះសម្ពាធនោះដោយការមិនរាថយ បើទោះបីជាជួបការលំបាកខ្លាំងក្នុងកត្តាណាមួយក្តី។ ជាក់ស្តែងអ្នកដែលជ្រើសរើសជំនាញខុស ភាគច្រើនបោះបង់ការសិក្សាក្នុងកំឡុងឆ្នាំទី 1 ឬទី2 ព្រោះតែពុំអាចទ្រាំទ្រនូវផលវិបាក ឬខ្លះទៀតទើបតែស្វែងរកខ្លួនឯងឃើញ និងទើបតែយល់អំពីការសម្រេចចិត្តរបស់ពួកគេក្រោយបញ្ចប់ទី ១២។ អ្នកគួរចងចាំថាការសម្រេចចិត្តរបស់អ្នកអាចនាំអ្នកទៅរកផលប្រយោជន៌ ឯម្យ៉ាងទៀតគឺការខាតបង់ទាំងថវិកា និងពេលវេលា។ មួយវិញទៀតគឺការស្វែងរកសកលវិទ្យាល័យឲ្យបានសមស្របទៅតាមជីវភាពអ្នក។ អ្នកក៏អាចមានឱកាសសិក្សាសកលវិទ្យាល័យដែលមានគុណភាពល្អ តាមរយៈការប្រលងយកអាហារូបករណ៌នៅសកលវិទ្យាល័យក្នុងស្រុក ឬក្រៅស្រុក និងការសិក្សានៅឯក្រៅប្រទេសទៅតាមតម្រូវការរបស់អ្នកផងដែរ។
ការដើរតាមក្តីស្រមៃគឺជាភាពវៃឆ្លាតមួយដែលអាចនាំអ្នកទៅរកាពជោគជ័យសម្រាប់ខ្លួនឯង។ បន្សំនឹងការកំណត់គោលដៅ អ្នកគួរស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីជំនាញដែលអ្នកចូលចិត្តថាតើវាអាចមានឱកាសការងារច្រើនដែរទេ ក្នុងសង្គមបច្ចុប្បន្ន។ បើអ្នកគិតថាអត់ទេ ចូរអ្នកគិតពិចារណាដោយមានហេតុផលថា អ្នកអាចបង្កើតជំនាញនោះឲ្យទៅជាឱកាសមួយសម្រាប់បញ្ចូលក្នុងទីផ្សារដោយវិធីណាមួយ ដោយពុំគួរមានការអស់សង្ឃឹមឡើយ។ ឧទាហរណ៌ថាអ្នកមានចំណាប់អារម្មណ៌ទៅលើជំនាញទំនាក់ទំនងអន្តរជាតិដោយសារអ្នកពូកែខាងភូមិសាស្រ្ត នយោបាយ ចូលចិត្តអានព័ត៌មាន និងវែកញែកអំពីបញ្ហាក្នុងនិងក្រៅស្រុក តែអ្នកគិតថាជំនាញនេះពុំសូវមានឱកាសការងារជាច្រើន ឬមិនទាន់យល់ច្បាស់ថាក្រោយបញ្ចប់ការសិក្សាជំនាញនេះអ្នកនឹងអាចរកការងារជាក់លាក់ណាមួយបាន។ ជាក់ស្តែងអ្នកអាចធ្វើការងារដែលពាក់ព័ន្ធនឹងការទូត ឬប្រឡងចូលក្រសួងនានា ឬអង្គការក្រៅរដ្ឋាភិបាល ឬការងារផ្សេងទៀតដែលយ៉ាងហោចណាស់ទាក់ទងនឹងអ្វីដែលអ្នកបានរៀននិងអាចយកមកប្រើប្រាស់បានបើទោះមិនសំដៅដល់អាជីពជាក់លាក់មួយណាក៏ដោយ។
“ ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវសាកសួរយោបល់ពីពួកគាត់?’’
ចម្លើយនោះគឺការប្រមូលព័ត៌មានពីបណ្តាក្រុមគ្រួសារលោកគ្រូ អ្នកគ្រូ សិស្សច្បង ឬប្រឹក្សាយោបល់ជាមួយអ្នកជំនាញ អាចជាតម្រុយមួយក្នុងការនាំអ្នកឲ្យទៅរកផ្លូវដែលអ្នកចង់ទៅ។ មានន័យថាការពិគ្រោះយោបល់ជាមួយមនុស្សដែលអ្នកទុកចិត្តខ្លាំង ឬមានជំនាញទៅលើផ្នែកដែលអ្នកចាប់អារម្មណ៌ មានសារប្រយោជន៌ដល់អ្នកក្នុងការគិត និងសម្រាប់វាយតម្លៃទៅលើជំនាញណាមួយដែលអ្នកគិតថាសាកសមនឹងអ្នក។ ការស្វែងរកជំនួយបែបនេះមិនមានការចំណាយ ឬការខាតបង់អ្វីឡើយ ផ្ទុយទៀ វិញអ្នកអាចទទួលបាននូវមតិយោបល់ថ្មីៗពីការចែករំលែករបស់ពួកគាត់ជាច្រើនសម្រាប់ ក្នុងការសម្រួលដល់ការសម្រេចចិត្តរបស់អ្នកក្រោយពេលបញ្ចប់ការប្រឡងបាក់ឌុប។
សិស្សានុសិស្សអាចចូលរួមជាលក្ខណៈកម្មវិធីចែករំលែកមាតិកាដែលចែករំលែកដោយវាគ្មិនជំនាញនានា ជាពិសេសគឺការតម្រង់ទិសក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការចែករំលែកមួយនេះក៏ជាកត្តាមួយដែលធ្វើឲ្យអ្នកកាន់តែយល់ច្បាស់អំពីព័ត៌មានបន្ថែមនៃជំនាញដែលអ្នកអាចនឹងជ្រើសរើសផងដែរ។ ការបើកចិត្តឲ្យទូលាយគឺជាផ្លូវមួយដែលធ្វើឲ្យចិត្តអ្នកអាចទទួលបានទិន្នន័យដែលមានអត្ថប្រយោជន៍សម្រាប់ខួរក្បាលអ្នកក្នុងការស្រូបនឹងវែកញែកព័ត៌មានទាំងអស់នោះ បើអ្នកគិតថាគំនិតទាំងនោះល្អ គួរគប្បីកត់ត្រាទុកនឹងយកមកត្រិះរិះទៅតាមការគួរ។
***www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.