តោះស្វែងយល់ពីពិធីបុណ្យអុំទូក

តោះស្វែងយល់ពីពិធីបុណ្យអុំទូក


Posted at: 25 Nov 2020
19964 Views

បុណ្យអុំទូកក៏ដូចជាបុណ្យជាតិដទៃដែរ គឺជាបុណ្យសំខាន់មួយដែលផ្តល់ឳកាសឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នា។ តែប្លែកថាពេលមានបុណ្យជាតិនានាដែលប្រជាជនតែងធ្វើដំណើរចាកចេញពីទីក្រុងដើម្បីទៅលេងបងប្អូន ពេលបុណ្យអុំទូកប្រជាជនតាមជនបទមកប្រជុំគ្នានៅទីក្រុងដើម្បីមកចូលរួមការប្រណាំងទូក និងបណ្តែតប្រទីបនៅតាមដងទន្លេសាប។ 

បុណ្យអុំទូកតែងប្រារព្ធនៅក្នុងខែវិច្ឆិកា ហើយក្នុងឆ្នាំនេះដែរគឺគេធ្វើវាឡើងនៅថ្ងៃទី 10 11 និង 12។ 

ហេតុអ្វីបានជាមានការធ្វើពិធីបុណ្យអុំទូក?  

តាមប្រវត្តិសាស្រ្ត បុណ្យអុំទូកត្រូវបានគេធ្វើឡើងដោយសារជ័យជំនះរបស់ព្រះបាទ ជ័យវរ្ម័នទី៧ដែលទ្រង់បានយកជ័យជំនះនាពេលច្បាំងទ័ពជើងទឹកជាមួយនឹងពួកចាមនៅក្នុងសតវត្សទី១២។ 

បើតាមជំនឿសាសនាវិញ ការប្រារព្ធពិធីបុណ្យអុំទូកគឺធ្វើឡើងដើម្បីជាការដឹងគុណដល់វត្ថុសក្កសិទ្ធដែលបានធ្វើឲ្យស្រែ និងដំណាំពួកគេបានរីកលូតលាស់ល្អ។ 

តើក្នុងរយៈពេល៣ថ្ងៃប្រជាជនខ្មែរធ្វើអ្វីខ្លះ?

អំឡុងពេលបុណ្យអុំទូក៣ថ្ងៃនេះប្រជាជនខ្មែរតែងទៅចូលរួមមើលការប្រណាំងទូកនៅពេលថ្ងៃ រីឯពេលយប់វិញកាន់តែមានភាពអ៊ូអរទៅទៀតដោយមានពិធីលយប្រទីបរួមផ្សំនិងការបាញ់កាំជ្រួច។ ក្នុងពេលនោះដែរ មនុស្សផងគ្នាតែងបណ្តែតទូកក្រដាស់តូចៗតាមដងទន្លេជាមួយនិងប្រទីប ដើម្បីបន់ស្រន់ឲ្យក្តីប្រាថ្នាខ្លួនបានសម្រេច។ 

នៅក្នុងរយៈពេលបីថ្ងៃនោះដែរ ក៏មានពិធី២ទៀតចូលរួមជាមួយគឺ អកអំបុក និងសំពះព្រះខែ។ អកអំបុក និងសំពះព្រះខែ ប្លែកពីពិធីអំទូកត្រង់ពិធីនេះទាក់ទងឹងសាសនា (សាសនាព្រះពុទ្ធ)។ ដោយមានជំនឿថា ព្រះបរមពោធិសត្វបានយកកំណើតជាសត្វទន្សាយ ហើយលោតចូលភ្លើងដើម្បីធ្វើជាអាហារដល់ព្រាហ្មណ៏ចាស់ម្នាក់ដែលធាតុពិតជាព្រះឥន្ទ។ ទន្សាយពោធិសត្វមិនបានត្រូវភ្លើងឆេះឡើយព្រោះព្រះឥន្ទបានទ្រទន្សាយពោធិសត្វឡើង ហើយយកទៅឋានព្រះចន្ទ និងយកថ្មកែវមនោសិលាមកគូសរូបទន្សាយលើផ្ទៃព្រះចន្ទ ដូចដែលយើងគ្រប់គ្នាតែងឃើញ។ ដោយឡែកសព្វថ្ងៃ ការធ្វើពិធីអកអំបុក និងសំពះព្រះខែគឺជាការបន់ស្រន់ដល់ព្រះចន្ទ ក្នុងន័យសុំសេចក្តីសុខ និងជាការបួងសួងសុំឲ្យដំណាំបានផលល្អ។ 

ពិធីបុណ្យអុំទូកមិនតែងតែប្រារព្ធរាល់ឆ្នាំនោះទេ វាអាស្រ័យទៅលើកំរិតនៃទឹកដែរ។ ដូចនៅក្នុងឆ្នាំ២០១១ និង ២០១៣ គឺគ្មានការប្រារព្ធការប្រណាំងទូក និងលយប្រទីបទេ ដោយសារគ្រោះទឹកជំនន់ តែពិធីអកអំបុក និងសំពះព្រះខែនៅធ្វើដដែល។ អញ្ចឹងទាន់ធម្មជាតិអំណោយផល កុំភ្លេចចូលរួមបុណ្យអុំទូកខាងមុខនេះទាំងអស់គ្នា។ 

ជាចុងក្រោយ ក៏សូមឲ្យមានភាពរីករាយ និងសុវត្ថិភាពក្នុងការធ្វើដំណើរ។ 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor