នឹកជីវិតកាលនៅរៀនវិទ្យាល័យណាស់!

នឹកជីវិតកាលនៅរៀនវិទ្យាល័យណាស់!


Posted at: 27 Nov 2020
3863 Views

អ្នកទាំងអស់គ្នាមានធ្លាប់គិតដូចខ្ញុំុំទេ? កាលនៅរៀននៅវិទ្យាល័យ ជាពិសេសកាលរៀនថ្នាក់ទី១២

ហ្នឹងម៉ង និយាយពីថា អើយ! មួយថ្ងៃៗបន់ឲ្យតែរៀនចប់ ហើយប្រឡងជាប់ នឹងអាលបានទៅរៀនសាកលវិទ្យាល័យ ធ្វើជានិសិ្សតនឹងគេ ប្រហែលជាសប្បាយនិងទំនេរជាងនេះ ហើយមើលទៅឡូយណាស់ ពេលមើលមេរៀននិងធ្វើAssignmentអី សុទ្ធតែនៅហាងកាហ្វេប្រ៊េនៗ។

ខ្លួនឯងវិញ មិនដឹងជាស្អីទេ រៀនរដ្ឋផង រៀនគួរផង ល្ងាចត្រូវរៀនអង់គ្លេស ហើយមើលមេរៀនផង ធ្វើលំហាត់ទៀត ងាកៗប្រឡងប្រចាំខែ ងាកៗប្រឡងឆមាស ហើយបើហត់អញ្ចឹង អាសូរតែបានញ៉ាំឆ្ងាញ់ គេងស្រួលទៅមិនថាទេ ម៉ាថ្ងៃៗញ៉ាំតាមីកំប៉ុង ចង់គេងក៏គេងមិនស្រួលព្រោះរវល់តែភ័យរឿងប្រឡង ឃើញគេបង្ហោះតាម Facebook គេទៅដើរលេងអស់ នៅតែខ្លួនឯងអង្គុយធ្វើមុខជូរ កាន់សៀវភៅយកមកធ្វើលំហាត់។ តែពេលវេលាមកដល់ ការបន់ស្រន់ក្លាយជាការពិត រៀនចប់ហើយ ប្រឡងក៏ជាប់ដែរ តែកើតជម្ងឺមួយ គឺជម្ងឺនឹកជីវិតវិទ្យាល័យ។

១ នឹកលោកគ្រូ អ្នកគ្រូ

ពេលដែលរៀនចប់ ឈានជើងចេញពីវិទ្យាល័យទើបដឹងថាអ្នកដែលនឹកខ្លាំងជាងគេគឺលោកគ្រូ អ្នកគ្រូ។ នឹកសម្លេងពេលគាត់សរសើរនិងស្តីឲ្យ នឹកពេលគាត់សួរមេរៀនហើយអត់ចេះ ឈរម៉ាថ្នាក់ នឹងនឹកជាងគេពេលគ្រូឆែកសៀវភៅ។ ធម្មតាពេលគ្រូឲ្យកត់មេរៀន អ្នកខ្លះចំណាយពេលកត់យូរណាស់ ខ្លះទៀតអត់កត់ក៏មានដែរ។ តែដល់ពេលលឺគ្រូថា “ប្អូនៗយកសៀវភៅឲ្យគ្រូឆែក ខែនេះឆែកសៀវភៅដាក់ពិន្ទុផងណា”។ ម្នាក់ៗមិនដឹងមានកម្លាំងមកពីណាទេ កត់មេរៀនតែមួយភ្លែតហើយបាត់ កត់ដាច់ដៃចោល បើអ្នកធ្លាប់តែអត់ដែលកត់មេរៀនវិញ បើកសៀវភៅមកសុទ្ធតែអក្សរ ស្អាតភ្លឹង មិនដឹងកត់ហើយតាំងពីថ្មើណា។ និយាយទៅ នឹកសកម្មភាពគ្រប់បែបយ៉ាងពេលដែលនៅជាមួយគាត់។

២ នឹកមិត្តរួមថ្នាក់

ខ្ញុំគិតថាមនុស្សភាគច្រើនក៏មានបទពិសោធន៍ដូចខ្ញុំពេលរៀននៅវិទ្យាល័យដែរគឺ មិត្តរួមថ្នាក់ ជាពិសេសមិត្តភក្តិជិតស្និទ្ធប្រៀបដូចជាគ្រួសារតែមួយអញ្ចឹង ព្រោះត្រូវជួបគ្នាមួយសប្ដាហ៍៧ថ្ងៃ ហើយមួយថ្ងៃមិនក្រោម១០ម៉ោងទេ អាចលើសនេះទៀតក៏ថាបាន និយាយទៅជួបច្រើនជាងអ្នកផ្ទះទៀត។ យើងមានពេលវេលាច្រើននៅក្បែរគ្នា រៀនជាមួយគ្នា ទៅណាមកណាជាមួយគ្នា ទៅដល់កន្លែងណា ផ្អើលកន្លែងហ្នឹង សើចយំជាមួយគ្នា ជិះកង់ដឹកគ្នាទៅរៀន វេចបាយមកញ៉ាំនៅសាលាជុំគ្នា ជាពិសេសធ្វើរឿង២ជាមួយគ្នាដែលខានមិនបាន គឺទី១ជាដៃគូរសហការរីករាយនៅពេលប្រឡងម្ដងៗ និងទី២ រកនឹកដាក់រហស្សនាមឲ្យគ្នា។ ដូចនេះហើយយើងមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ ពេលខ្លះអង្គុយសុខៗនឹកឃើញរឿងទាំងអស់នោះ ហើយក៏ចង់ឲ្យមានពេលនោះម្ដងទៀត។

៣ នឹកសាលា

ពេលជិះកាត់អតីតវិទ្យាល័យដែលយើងធ្លាប់រៀនម្ដងៗ តែងតែស្រម៉ៃឃើញទិដ្ឋភាពដែលធ្លាប់ឆ្លងកាត់កន្លងមក។ឃើញដងទង់ជាតិនឹកឃើញពេលគោរពទង់ជាតិ ឃើញទីធ្លាសាលានឹកឃើញកាលធ្លាប់បបួលគ្នាលេងល្បែងប្រជាប្រិយ នឹកកាលពេលចេញទៅផ្ទះហើយទៅយកកង់ ថាស្ទះអើយសែនស្ទះ ទម្រាំយកចេញបាន ពេលខ្លះឆ្លៀតបាត់សំបុត្រកង់ទៀត ហើយនឹកកាលមកធ្វើពលកម្មសម្អាតសាលានិងថ្នាក់ជុំគ្នាទៀត។ ហ្ហើយ! កាន់តែសសេរ កាន់តែនឹក។

៤ នឹកកន្លែងញ៉ាំអី និងអាហារ

ចេញលេងមិនទាន់ទេ រត់ទៅរកចាប់កន្លែងអង្គុយញ៉ាំអីហើយ ទៅតែម្នាក់ទេណា តែចាប់ទុកឲ្យគ្នាមិនក្រោម៥នាក់ទេ អ្នកណាទៅមុនបានមុន ទៅក្រោយក៏មិនដឹងធ្វើម៉េចដែរ បើគេចាប់កៅអីឲ្យគ្នាគេអស់បាត់ហើយហ្នឹង។ ហើយបើកម្ម៉ង់អីញ៉ាំវិញ ទៅគ្នាជិត១០នាក់ កម្ម៉ង់ខុសគ្នាទាំងអស់ បើស្រែកចាញ់គេ ដកបំពង់កក្រវាត់ចោល ព្រោះមនុស្សច្រើនណាស់បើមិនស្រែក អ្នកលក់មិនលឺ អត់បានញ៉ាំដដែល តែកុំមើល អ្នកលក់វិញចង់ខ្យល់គដួល។ បើនិយាយពីម្ហូបដែលឧស្សាហ៍ញ៉ាំជាងគេគឺ មីកំប៉ុង មីគោក ពងមាន់ស្ងោរ តែបៃតង ចេកអាំង ប្រហិតចៀន ការ៉េមនិងមានច្រើនទៀតរាប់មិនអស់ទេ តែសំខាន់ជាងគេគឺម្ជូរ! ទិញតែម៉ាថង់ម៉ោ ចែកគ្នាញ៉ាំម៉ាថ្នាក់!

៥ នឹកមេរៀន លំហាត់ និងកិច្ចការដែលធ្លាប់ធ្វើ

កាលនៅរៀនវិទ្យាល័យ ធ្លាប់តែរអ៊ូរឿងមេរៀនច្រើន គ្រូដាក់កិច្ចការឲ្យធ្វើច្រើន បើលំហាត់វិញអស់ពីមួយចូលមួយ មិនដែលស្គាល់ពាក្យថាទំនេរម៉េចទេ។ ដល់ពេលរៀនចប់ ចូលសាកលវិទ្យាល័យ ឃើញក្មេងៗជំនាន់ក្រោយកាន់សៀវភៅដែលយើងធ្លាប់រៀន ឬក៏ឃើញសៀវភៅចាស់ៗកាលរៀននៅវិទ្យាល័យ ក៏ស្រម៉ៃឃើញរូបភាពនៃរឿងចាស់ៗដែលធ្លាប់ធ្វើលេចឡើងក្នុងខួរក្បាល។ គិតៗទៅ នឹកណាស់ តែបើសួរថាចង់ធ្វើលំហាត់ និងទន្ទេញមេរៀនចឹងទៀតអត់? ចម្លើយគឺ “No, thanks!”.

និយាយរួមទៅ ជីវិតវិទ្យាល័យរបស់ខ្ញុំក៏មិនខុសពីអ្នកទាំងអស់គ្នាប៉ុន្មានដែរ ព្រោះថាពេលនោះហើយគឺជាពេលដែលបានឆ្លងកាត់រឿងគ្រប់បែបយ៉ាង  មានសើច មានយំ គ្រប់រសជាតិ ទោះរៀបរាប់យ៉ាងណាក៏មិនអស់ដែរ ដឹងត្រឹមតែម៉្យាងគឺ "នឹក"។

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor