តើគួររៀនត្រៀមប្រឡងចូលសាកលវិទ្យាល័យដោយខ្លួនឯងឬទេ?

តើគួររៀនត្រៀមប្រឡងចូលសាកលវិទ្យាល័យដោយខ្លួនឯងឬទេ?


Posted at: 26 Nov 2020
3539 Views

បន្ទាប់ពីប្រឡងបាក់ឌុបហើយ មានអារម្មណ៍ថាដូចដកបន្លាមួយចេញពីទ្រូងចឹង។ ប៉ុន្តែវាមិនមែនចប់ត្រឹមហ្នឹងណា នៅមកត្រូវគិតរឿងចូលរៀនសាកលវិទ្យាល័យទៀត។ គិតទៅស្មុគស្មាញណាស់ មិនដឹងទៅសាលាណា អ្នកខ្លះមានសាលា ដែលខ្លួនចង់ទៅរៀនហើយ ក៏ត្រូវគិតថាធ្វើម៉េចប្រឡងចូលអោយជាប់ បានរៀននៅសាលានុង៎។ មានសាកលវិទ្យាល័យមួយចំនួន ដែលតម្រូវអោយសិស្សនិស្សិតប្រឡងចូល ដូចជាវិទ្យាស្ថានភាសាបរទេស ដេប៉ាតាម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ជាដើម។ សំណួរសួរថា តើការរៀនត្រៀមប្រឡងចូលដោយខ្លួនឯង ល្អដែរឬទេ? តោះ! អានពីគុណសម្បត្តិ និងគុណវិបត្តិនៃ ការរៀនត្រៀមខ្លួនឯងទាំងអស់គ្នា។

គុណសម្បត្តិ

ការផ្តោតអារម្មណ៍បានល្អ៖ ការជ្រើសរើសរៀនត្រៀមដោយខ្លួនឯង មិនមែនមានន័យថាត្រូវរៀនម្នាក់ឯងទេ អាចរៀនជាមួយមិត្តភក្ដិជាក្រុម គ្រាន់តែមិនមានគ្រូមកបង្រៀន។ ចឹងហើយបានធ្វើអោយយើងអាច ផ្ដោតអារម្មណ៍លើការសិក្សាបានពេញលេញ ពីព្រោះយើងរៀនតែម្នាក់ឯង ឬនៅក្នុងក្រុមតូច ហើយគ្មានសម្ពាធ ឬការរំខានពីអ្នកនៅជុំវិញខ្លួនទៀត។

ជម្រើសទីកន្លែងនិងពេលវេលា៖ ការរៀនមិនមែនមានតែនៅក្នុងសាលាទេ។ ស្វ័យសិក្សា អាចអោយយើងមានសេរីភាព ក្នុងការជ្រើសរើសកន្លែងដែលអំណោយផលដល់ការរៀនរបស់យើង។ ម្យ៉ាងទៀត មនុស្សយើងមានម៉ោង ដែលខួរក្បាលយើងសកម្ម ចឹងហើយយើងអាចកំណត់ម៉ោងដែលយើងគិតថាល្អចំពោះខ្លួនឯង ដែលខ្លួនឯងរៀនចូល បានច្រើនបំផុត។

សេរីភាពក្នុងការរៀន៖ ពេលទៅរៀនវគ្គត្រៀមប្រឡងចូលសាកលវិទ្យាល័យ ជាទូទៅសាស្ត្រាចារ្យ នឹងបង្រៀនពីមេរៀនជាច្រើន តែមិនបានផ្តោតលើអ្វីមួួយអោយស៊ីជម្រៅនោះទេ។ បើយើងរៀនដោយខ្លួនឯង យើងអាចស្រាវជ្រាវនិងសិក្សាបានស៊ីជម្រៅទៅលើប្រធានបទមួយៗបាន ដោយសារតែឥឡូវ ឯកសារមានច្រើនមិនខ្វះអោយសិស្សទាញយកសិក្សាដោយឥតគិតថ្លៃ។

ចំណេញពេលវេលា និងថវិកា៖ មិនបាច់ចំណាយពេលក្នុងការធ្វើដំណើរទៅមក និង មិនបាច់ចំណាយបង់ថ្លៃសិក្សាវគ្គខ្លី គ្រាន់តែចំណាយលើឯកសារមួយចំនួនប៉ុណ្ណោះ។ ពេលខ្លះយើងអាចមានការរវល់នៅផ្ទះច្រើន ឬក៏ផ្ទះនៅឆ្ងាយជាដើម ចឹងការសិក្សាដោយខ្លួនឯង ក៏បានជួយសម្រួលលើបញ្ហានេះដែរ។

គុណវិបត្តិ

មិនដឹងពីតិចនិកសំខាន់ៗ៖ ប្រសិនបើយើងរៀនវគ្គសិក្សាខ្លី ដើម្បីត្រៀមប្រឡងចូលសាកលនោះ យើងនឹងដឹងពីតិចនិកសំខាន់ៗទាក់ទងនឹងការប្រឡង ព្រោះគ្រូដែលមកបង្ហាត់សុទ្ធតែមានបទពិសោធន៍បង្រៀនរាប់ឆ្នាំ ឬជាសិស្សដែលចេញមកពីសាកលនោះ ចឹងហើយពួកគាត់ដឹងពីតិចនិក និងល្បិចជាច្រើនដែលយើងមិនអាចរកបាននៅក្នុងសៀវភៅ។

ចំនួនឯកសារមានកំណត់៖ ទោះបីជាបច្ចុប្បន្ន ឯកសារនៅលើបណ្ដាញសង្គមមានច្រើនរាប់មិនអស់មែន តែចំពោះឯកសារដែលទាក់ទងនឹងការប្រឡងចូលសលកវិទ្យាល័យមួយចំនួននៅមានកំរិត ព្រោះជាធម្មតា វិញ្ញាសាមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយវាជាការប្រឡងរបស់សាកលវិទ្យាល័យនីមួយៗ មិនមែនជាកំរិតអន្តរជាតិ។

ចំណាយពេលវេលាច្រើនក្នុងការសិក្សាអៅយចំគោលដៅ៖ ការសិក្សាដោយខ្លួនឯង ដូចជាឡានដែលទៅមុខដោយគ្មានអ្នកបើកចឹង។ ដូច្នេះ យើងត្រូវរកផ្លូវ ត្រូវកាច់កុងដោយខ្លួនឯង ព្រោះគ្មានគ្រូណាមកប្រាប់ណែនាំផ្លូវយើងទេ។ វាអាចចំណាយពេលយូរក្នុងការស្វែងរកគន្លឹះ អោយងាយស្រួលក្នុងការចាំ ឬយល់ពីមេរៀនមួយ។

សរុបមក ការរៀនដោយខ្លួនឯង ដើម្បីត្រៀមប្រឡងចូលសាកលវិទ្យាល័យមានគុណសម្បត្តិ និងគុណវិបត្តិប្រហាក់ប្រហែលគ្នា។ តាមពិតទៅ មិនប្រាកដថាទាល់តែទៅរៀនជាមួយគ្រូបានចេះទេ។ យើងអាចរៀនដោយខ្លួនឯងក៏បាន តែបើមានគ្រូជាអ្នកណែនាំទៀតនោះ គឺរឹតតែល្អ។ ការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើអ្នកទាំងអស់គ្នាជាអ្នកសម្រេច តែខ្ញុំសង្ឃឹមថាអត្ថបទមួយនេះ នឹងជួយអ្នកក្នុងការសម្រេចចិត្តអោយបានត្រឹមត្រូវ។

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

Powered by Froala Editor