ដំណើរការសរសេរ Personal Statement ឬសំណេរអាហារូបករណ៍មួយអោយបានល្អ! (Full Version)

ដំណើរការសរសេរ Personal Statement ឬសំណេរអាហារូបករណ៍មួយអោយបានល្អ! (Full Version)


Posted at: 25 Nov 2020
4118 Views
អាហារូបករណ៍ ទាំងរយៈពេលខ្លី ទាំងរយៈពេលវែងសុទ្ធតែត្រូវការ សំណេរដែលនិស្សិតជាទូទៅស្គាល់ថា Personal Statement។ ការសរសេរសំណេររបៀបនេះ គឺជាធម្មតាមិនសូវមាន ទ្រង់ទ្រាយ (Format) ច្បាស់លាស់នោះទេ ដូច្នេះអ្នកសរសេរគឺជាចាំបាច់តម្រូវអោយ បដិរូបកម្ម (Personalize) សំណេររបស់ពួកគេអោយត្រូវនឹងអ្វីដែលពួកគេមាន និងអ្វីដែលកម្មវិធីត្រូវការ។

ដើម្បីអោយងាយស្រួលយល់ ខ្ញុំនឹងបែងចែកវាជាបីវគ្គ គឺមុនពេលចាប់ផ្តើមសរសេរ ចាប់ផ្តើមសរសេរ និងពេលដែលសរសេរចប់។



មុនពេលចាប់ផ្តើមសរសេរ


អ្វីដែលសំខាន់បំផុតមុនពេលដែលចាប់ផ្តើមសរសេរ គឹអ្នកត្រូវអានទម្រង់ពាក្យសុំ (Application form) និងពត៌មានរបស់កម្មវិធីដែលអ្នកនឹងដាក់អោយបានម៉ត់ចត់ ព្រោះថានៅពេលអានចប់ និងយល់ច្បាស់អំពីវា នោះអ្នកនឹងទទួលបានអារម្មណ៍ថា តើគេចង់បានអី? តើគេចង់អោយយើងលក់សណ្តែកដី ឬក៏ចង់អោយយើងសរសេរចេញពីចិត្ត។ (ខ្ញុំគាំទ្រអោយសរសេរចេញពីចិត្ត និងពាក្យពិត ជាជាងការលក់សណ្តែកដី ព្រោះគេអ្នករើសគេគ្រាន់តែមើលគេដឹងថាពិត ឬមិនពិតហើយ)
ពេលដែលយល់អស់ហើយ គួរតែទៅសើុបមើលថាពីណាគេធ្លាប់ជាប់កម្មវិធីហ្នឹងខ្លះ ព្រោះពួកគាត់ដើរមុនយើងដូច្នេះគាត់ដឹងថាតើគេចង់បានអ្វី។ បន្ទាប់មកព្យាយាមទៅទំនាក់ទំនង ពួកគាត់ (ត្រឹមមួយ ឬក៏ពីរបានហើយកុំច្រើនពេល មនុស្សច្រើនអន្សមខ្លោច)។ ហេតុដែលអ្នកគួរមើលឯកសារអោយយល់អស់មុនពេលទៅស្វែងរក និងជួបពួកគាត់ព្រោះ ជៀសវៀងការសួរទាំង មិនបានស្វែងយល់អ្វីសោះ ដូច្នេះធ្វើអោយអ្នកគេចង់ជួយ ក៏មិនមានអារម្មណ៍នឹងជួយ ព្រមទាំងសំនួរដែលសួរទៅគឺមិនសូវស៊ីជម្រៅ។


ចុងក្រោយ បន្ទាប់ពីអ្នកបានអាន និងទទួលបានការណែនាំពីអ្នកដែលធ្លាប់ជាប់ហើយ យើងត្រូវឆ្លុះមកមើលខ្លួនអ្នកវិញ ថាតើចំណុចណាខ្លះដែលគេត្រូវការហើយអ្នកមាន និងចំណុចណាខ្លះដែលអ្នកគិតថាអ្នកលេចធ្លោជាងអ្នកដទៃ។


ពេលចាប់ផ្តើមសរសេរ

កុំគិតថាមួយជំហានដល់មេឃ សរសេរមួយថ្ងៃចប់។ នេះជាមូលហេតុដែលដាក់ច្រើនដងហើយ ក៏នៅតែធ្លាក់ បើជាប់ក៏ដោយសារសំណាង។ ជាទូទៅសេចក្តីផ្តើមគឺពិបាកជាងគេ ចឹងហើយតាមបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំសរសេរផ្នែកណាដែលស្រួលមុន ដើម្បីអោយមានអារម្មណ៍សរសេរតទៀត។ ផ្នែកដែលស្រួលជាងគេ គឹតួសេចក្តី ជាផ្នែកដែលយើងនិយាយអំពីគុណសម្បត្តិ (Qualifications) របស់យើង ឬក៏ចំណាប់អារម្មណ៍ទៅលើកម្មវិធី និងប្រធានបទ។ ដូច្នេះអ្នកគ្រាន់តែសរសេររៀបរាប់អំពីចំណុចដែលអ្នកគិតថាគេចង់ដឹង និងអ្នកគិតថាខុសប្លែកពីអ្នកដាក់ពាក្យដទៃទៀតដែលអាចទាក់ចិត្តអ្នកអានបាន ហើយនិង រៀបចំវាតាមលំដាប់លំដោយ និងពាក្យពេចន៍អោយពិរោះធ្វើអោយស្រួលអានស្រួលយល់ និងស្រួលចាប់បាន។
ពេលដែលសរសេរអាស្រួលៗ ហ្នឹងរួចហើយ យើងគួរចាប់ផ្តើមសរសេរផ្នែកណាដែលចាំបាច់ខ្លាំងបំផុត! សេចក្តីផ្តើម!!! បើអ្នកសរសេរចេញក្បាលមកភ្លាវ គេប្រហែលជាមើលតែ ២ ឬ៣ បន្ទាត់ហើយឈប់ក៏ថាបាន។ ដូច្នេះត្រូវសរសេរបែបណា ដែលទាក់ទាញហើយចាក់ក្នុងអារម្មណ៍អ្នកអាន ធ្វើអោយគេមានអារម្មណ៍អ្នកពិសេសជាងអ្នកដទៃ និងអ្នកយកចិត្តទុកដាក់ទៅលើកម្មវិធី ឬប្រធានបទរបស់ពួកគេ។ អ្នកអាចចាប់ផ្តើមដោយនិទានរឿង (Story-telling) ដែលចាក់ចូលបេះដូង (Emotionally Touch) អ្នកអាន ដោយយកឧបសគ្គដែលអ្នកធ្លាប់ពុះពារ ភាពកំសត់ ឬក៏ភាពជម្នះរបស់អ្នកក៏បាន។ ក្នុងកាលៈទេសៈខ្លះទៀត អ្នកអាចយកបញ្ហាសង្គមនានា ក៏បាន។ អ្នកខ្លះប្រហែលជាអាចមានរបៀបផ្សេងទៀត ប៉ុន្តែចំពោះខ្ញុំ ជាទូទៅគឺខ្ញុំចាប់ផ្តើមបែបនេះ។


ដល់វគ្គចុងបញ្ចប់ ឬក៏គេតែងហៅថាសេចក្តីបញ្ចប់ អ្នកគួរបិទវាដោយបង្ហាញអំពីការប្តេជ្ញាចិត្តរបស់អ្នក និង/ឬ គម្រោងទៅថ្ងៃអនាគតជាដើម ដែលធ្វើអោយគេអានហើយ ចង់ហៅមកសម្តាសន៍។


ពេលសរសេរចប់

មិនមែនគ្រាន់តែសរសេរចប់ គឹដាក់ពាក្យភ្លាមនោះទេ! ពេលដែលសរសេរចប់ហើយ អ្នកត្រូវការចំណុចមួយចំនួនដើម្បីបញ្ចាក់ថា សំណេររបស់អ្នកគឺរួចរាល់ និងអាចដាក់បាន។ចំណុចទី ១៖ អ្នកត្រូវអានសារឡើងវិញ ដើម្បីកែតម្រូវពាក្យពេចន៍ដែលអ្នកបានសរសេរ អោយមានន័យជាងមុន និងជ្រៅជ្រះជាងមុន (Academic words) ក្នុងករណីដែលមានពាក្យកំណត់ អ្នកប្រហែលជាត្រូវបង្រួមផងដែរ។ ការមើលឡើងវិញគឺសំខាន់ព្រោះ វាធ្វើអោយអ្នកដឹងថាតើចំណុចអ្វីខ្លះដែលអ្នកត្រូវបន្ថែម ឬដកចេញ។ចំណុចទី ២៖ អ្នកគួរផ្ញើរអោយអ្នកដែលគាត់ធ្លាប់ជាប់ ជួយមើលនិងកែសម្រួលអត្ថន័យ (Proofread)។ ដោយគាត់ដឹងថាតើគេចង់បានអ្វី និងធ្វើយ៉ាងណាទើបជាប់ គាត់នឹងប្រាប់ថាចំណុចណា ដែលគួរបន្ថែម និងចំណុចណាដែលអ្នកមិនគួរដាក់។ កុំភ្លេចសុំយោបល់គាត់ទៅលើការកែពាក្យពេចន៍មួយចំនួនដើម្បីអោយសំណេរនោះមានភាពទាក់ទាញកាន់តែខ្លាំង។ចំណុចទី៣៖ អ្នកគួរតែផ្ញើរអោយមិត្តភក្តិដែលចេះភាសាអង់គ្លេសជ្រៅជ្រះជាងអ្នក ឬក៏មិត្តភក្តិបរទេសបើមាន ដើម្បីឆែកមើលទៅលើវេយ្យាករណ៍ ព្រមទាំងអារម្មណ៍របស់គេក្នុងសំណេររបស់អ្នក ព្រោះការសរសេរអោយត្រូវភាសាអង់គ្លេស (មិនសំដៅទៅលើភាសាអង់គ្លេសជ្រៅជ្រះ ប៉ុន្តែគឺគ្រាន់តែអោយត្រូវពាក្យ និងវេយ្យករណ៍) គឺជាផ្នែកសំខាន់មួយផងដែរ នៅក្នុងការដាក់អារូបករណ៍។

ជូនពរសំណាងល្អ!

អត្ថបទ៖ WEduShare

រក្សាសិទ្ធិដោយ WEduShare

Powered by Froala Editor