អ្វីទៅជាមុខជំនាញគីមីវិទ្យា?

អ្វីទៅជាមុខជំនាញគីមីវិទ្យា?


Posted at: 08 Sep 2020
521 Views
តើអ្នកបានដឹងអ្វីខ្លះពីជំនាញគីមីវិទ្យា? បើខ្ញុំថា មិនខុសទេ អ្នកប្រហែលជាគិតដូចអ្វី ដែលខ្ញុំបានសរសេរនៅក្នុងអត្ថបទលើកមុនម៉ង គឺអំពី

ជំនាញជីវវិទ្យា

។ តែសង្ឃឹមថា លើកនេះ អ្នកមិនគិតចឹងចុះ។ ឥឡូវចូលដល់រឿងអ្នកវិញ ប្រសិនជាអ្នកគិតថា អ្នកចង់រៀនមុខជំនាញនឹងមែន អ្នកគួរតែយល់ដឹងពីរឿងខ្លះៗអំពីវា។ ហើយខ្ញុំសង្ឃឹមថា សំណួរខាងក្រោមនឹងបង្ហាញប្រាប់អ្នកឲ្យដឹងខ្លះៗ ពីជំនាញមួយនេះ។


១. អ្វីទៅជាជំនាញគីមីវិទ្យា?
ជំនាញគីមីវិទ្យា គឺជាជំនាញមួយក្នុងផ្នែកវិទ្យាសាស្រ្ដ ដែលសិក្សាអំពីរូបធាតុ ដែលរាប់បញ្ចូលទាំងសមាសធាតុសរីរាង្គ និងសមាសធាតុអសរីរាង្គ។ ហើយការសិក្សានូវជំនាញនេះ វាទាមទារឲ្យយើងយល់ដឹងខ្លះៗអំពីសម្ព័ន្ធ (Structure), ថាមពល (Energetics), លក្ខណៈ (Property) និងប្រតិកម្ម (Reactivity) របស់សារធាតុទាំងនោះ។ លើសពីនេះទៅទៀត ជំនាញនេះ ក៏បានផ្ដោតសំខាន់ផងដែរ ទៅលើការសិក្សា អំពីបច្ចេកទេសនៅក្នុងមន្ទីរពិសោធ ហើយក៏បានសារភ្ជាប់ទៅនឹងជំនាញផ្សេងៗទៀតជាមួយនឹងវា មានដូចជា ជីវវិទ្យានិងឱសថ (Biology and Medicine), រូបវិទ្យានិងវិស្វកម្ម (Physics and Engineering), ភូគព្ភសាស្រ្ដនិងវិទ្យាសាស្រ្ដផែនដី (Geology and Earth Science)។



២. តើជំនាញគីមីវិទ្យាសិក្សាពីអ្វីខ្លះ?
បើនិយាយទៅ ជំនាញនេះ មានមេរៀនជាច្រើនដែលយើងត្រូវសិក្សា វាមានដូចជា គីមីជីវវិទ្យា (Biochemistry), គីមីកសិវិទ្យា (Agro-Chemistry), គីមីជលជាតិវិទ្យា (Aquatic Chemistry), ឱសថវិទ្យា (Pharmacology), គីមីបរិយាកាសវិទ្យា (Atmospheric Chemistry), អាវុធគីមីវិទ្យា (Chemical Warfare) និងការសិក្សាអំពីទ្រឹស្ដីម៉ូលេគុល (Molecule) ព្រមទាំងមុខវិជ្ជាផ្សេងទៀត។ ហើយក្នុងនោះដែរ ជំនាញនេះ ក៏បានផ្តោតសំខាន់ទៅលើការសិក្សាក្នុងមន្ទីរពិសោធន៍ សម្រាប់មុខវិជ្ជាមួយចំនួន ដូចជា

  • គីមីសរីរាង្គវិទ្យា (Organic Chemistry) គឺជាការសិក្សាអំពីសម្ភារៈ សមាសធាតុ សម្ព័ន្ធ លក្ខណៈ និងប្រតិកម្មរបស់សារធាតុសរីរាង្គ។
  • គីមីអសរីរាង្គវិទ្យា (Inorganic Chemistry) វាក៏ដូចជាការសិក្សាអំពីគីមីសរីរាង្គវិទ្យាដែរ តែគ្រាន់តែវាផ្ដោតលើសារធាតុអសរីរាង្គវិញ។
  • គីមីរូបវិទ្យា (Physical Chemistry) គឺជាការសិក្សាភ្ជាប់គ្នារវាងរូបវិទ្យា និងគីមីវិទ្យា ដើម្បីស្វែងរកនូវសម្ព័ន្ធគីមី ដែលផ្ទុកនៅក្នុងម៉ូលេគុល។

ក្រៅពីនេះ វាក៏មានផ្នែកសំខាន់ទៀតដូចជា ការវិភាគគីមី (Analytical Chemistry), គីមីចំណីអាហារ (Food Chemistry), វិស្វកម្មគីមី (Chemical Engineering), គីមីបរិស្ថាន (Environmental Chemistry) និង គីមីប៉ូលីមែរ (Polymer Chemistry)។


៣. តើជំនាញគីមីវិទ្យាអាចផ្តល់ឱកាសការងារអ្វីខ្លះ ក្រោយពេលបញ្ចប់ការសិក្សា?
មុខជំនាញគីមីវិទ្យា បានផ្តល់ឱកាសការងារជាច្រើនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាឲ្យក្លាយជា៖


  • សាស្ដ្រាចារ្យគីមីវិទ្យា
  • អ្នកបរិស្ថានវិទ្យា
  • អ្នកពិនិត្យផលិតផលចំណីអាហារ
  • អ្នកវិស្វកម្មគីមី (Chemical Engineer)
  • មន្ដ្រីនៅអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល និងក្រសួងកសិកម្ម

ហើយបើអ្នកបានបញ្ចប់ការសិក្សាជំនាញឯកទេសនៅថ្នាក់ឧត្ដមសិក្សាទៀត អ្នកនឹងអាចក្លាយទៅជា៖

  • គីមីវិទូ (Chemist)
  • គីមីជីវវិទូ (Biochemist)
  • វិភាគគីមីវិទូ (Analytical Chemist) ឬ អ្នកវិភាគករណីឧក្រិដ្ឋកម្ម (Forensic Scientist)
  • គីមីស្រាវជ្រាវវិទូ (Research Chemist)
  • អ្នកបង្កើតសម្ព័ន្ធម៉ូលេគុល (Nanotechnologist)
  • អ្នកស្រាវជ្រាវសារធាតុពុល (Toxicologist)
  • អ្នកបង្កើតថ្នាំ ឬវ៉ាក់សាំង (Pharmacologist)។


៤. តើអ្នកអាចសិក្សាជំនាញគីមីវិទ្យា នៅសាកលវិទ្យាល័យណាខ្លះ?
អ្នកអាចសិក្សាជំនាញគីមីវិទ្យានេះ នៅសាកលវិទ្យាល័យជាច្រើនដូចជា


  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
  • សាកលវិទ្យាល័យបាត់ដំបង (បាត់ដំបង)
  • សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ (ព្រៃវែង)
  • សាកលវិទ្យាល័យកម្ពុជាអន្ដរជាតិ (CamIU)
  • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)
  • សាកលវិទ្យាល័យបញ្ញាជាតិ (PCU)
  • សាកលវិទ្យាល័យខេមរៈ (Khemarak University)
  • សាកលវិទ្យាល័យអង្គរខេមរា (កំពត)


ប្រភពបន្ថែម ដើម្បីស្វែងយល់អំពីជំនាញគីមីវិទ្យា៖

http://www.rupp.edu.kh/fs/chemistry/?page=Introduction

https://www.oxford-royale.co.uk/articles/studying-chemistry.html

https://www.prospects.ac.uk/careers-advice/what-can-i-do-with-my-degree/chemistry


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.


Powered by Froala Editor