ស្ត្រី និងការងារស្ម័គ្រចិត្ត

ស្ត្រី និងការងារស្ម័គ្រចិត្ត


Posted at: 28 Sep 2020
1987 Views

ការងារស្ម័គ្រចិត្ត គឺជាការងារមួយ ដែលទាមទារឲ្យអ្នកចូលរួមប្រើប្រាស់នូវពេលវេលា និងជំនាញ ដើម្បីបង្កើតជាផលប្រយោជន៍ដល់មនុស្សជុំវិញខ្លួន ឬ បុព្វហេតុណាមួយ ជាជៀសដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភ ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារស្ម័គ្រចិត្ត ត្រូវបានយុវជនចូលរួមជាច្រើន ក្នុងគោលបំណងដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ដែលពួកគេមិនអាចទទួលបាននៅក្នុងសាលា ហើយនឹងដើម្បីចូលរួមចំណែកជាផ្នែកមួយក្នុងការកែលម្អ និងអភិវឌ្ឍន៍សង្គម ។ ចំពោះស្ត្រី ឬកុមារីដែល កំពុងតែសិក្សាក៏ដូចគ្នា ការងារស្ម័គ្រចិត្តមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ជាពិសេសនៅក្នុងសម័យ ដែលគេផ្តោតសំខាន់លើការលើកកម្ពស់ស្ត្រីក្នុងសង្គម ។

ខាងក្រោមនេះគឺជាឥទ្ធិលខ្លះៗនៃការងារស្ម័គ្រចិត្តដែលបានរួមចំណែកក្នុងការលើកកម្ពស់ស្ត្រី៖

១. ការងារស្ម័គ្រចិត្តអនុញ្ញាតឲ្យស្ត្រីអភិវឌ្ឍន៍ខ្លួនឯង

ការងារស្ម័គ្រចិត្តខ្លះ មានគោលបំណងក្នុងការផ្តល់អំណាច និង លើកកំពស់ ដល់ស្ត្រីតែម្តង ។ ការងារស្ម័គ្រចិត្តទាំងនោះ បានរួមចំណែកយ៉ាងខ្លាំង ក្នុងការកែប្រែក្មេងស្រី ឲ្យក្លាយជា មនុស្សពូកែ ឯករាជ្យ និងមានទំនុកចិត្តលើខ្លួនឯង ។ ឧទាហរណ៍ដូចជា កងកាយរិទ្ធនារី បានជួយឲ្យ ក្មេងស្រី ស្វែងរកភាពខ្លាំង និងចំណង់ចំណូលចិត្តរបស់ពួកគេតាំងពីវ័យក្មេង ។ ការងារស្ម័គ្រចិត្ដ គឺជាប្រភពនៃការអភិវឌ្ឍន៍ក្មេងស្ត្រី ឲ្យក្លាយទៅជាមេដឹកនាំ និងអ្នកផ្លាស់ប្តូរ សង្គមជំនាន់ក្រោយ ។

២. ការងារស្ម័គ្រចិត្តអនុញ្ញាតឲ្យស្ត្រីបង្កើតការផ្លាស់ប្តូរក្នុងសង្គម

ដូចបានរៀបរាប់ពីខាងលើ បច្ចុប្បន្ននេះ គេផ្តោតសំខាន់ទៅលើការលើកកម្ពស់ស្ត្រី ។ ស្ត្រី និងកុមារីជុំវិញ ពិភពលោកត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងសង្គមកាន់តែច្រើនឡើងៗ ស្ទើរតែគ្រប់វិស័យ ។ តាមរយៈ ការងារស្ម័គ្រចិត្ត ស្ត្រីត្រូវបានអនុញ្ញាត និងជំរុញឲ្យចូលរួមធ្វើការផ្លាស់ប្តូរសង្គម ទោះបីជាពេលខ្លះ ការផ្លាស់ប្តូរនោះមានលក្ខណៈតិចតួចក្តី ។

៣. ការងារស្ម័គ្រចិត្តអនុញ្ញាតឲ្យស្ត្រីអាចជួយស្ត្រីគ្នាឯង

ការងារស្ម័គ្រចិត្ត ជាការងារមួយដែលអនុញ្ញាតឲ្យអ្នកចូលរួមអាចជួយដល់មនុស្សជុំវិញខ្លួនបាន ។ ហេតុនេះ ប្រសិនបើអ្នកជាស្ត្រី ហើយអ្នកមានគោលបំណងចង់ជួយដល់ស្ត្រីគ្នាឯង ទោះបីជាការងារនោះតិចតួចក្តី ត្រឹមតែជាការដាំដំណាំ ឬបង្រៀនពីបញ្ហាសុខភាព ការងារស្ម័គ្រចិត្តគឺសាកសមបំផុតសម្រាប់អ្នក ។ តាម រយៈការងារទាំងនោះអ្នកអាច ផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រដល់ស្ត្រីគ្នាឯង ហើយពេលខ្លះអាចជួយសង្គ្រោះជីវិតបានទៀតផង ។

៤. ការងារស្ម័គ្រចិត្តបង្ហាញពីភាពខ្លាំងរបស់ស្ត្រី

ការរស់នៅក្នុងសង្គមមួយ ដែលធ្លាប់តែមិនដែលឲ្យតម្លៃ ឬឲ្យតម្លៃតិចតួចលើស្ត្រី នៅពេលបច្ចុប្បន្ននេះ ការងារស្ម័គ្រចិត្តបានរួមចំណែកយ៉ាងខ្លាំងដល់ការបង្ហាញពីភាពខ្លាំងរបស់ស្ត្រី ។ តាមរយៈការងារ ស្ម័គ្រចិត្តជុំវិញពិភពលោកស្ត្រីបានបង្ហាញភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួតប្រជែងជាមួយនឹងបុរស ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកែប្រែសង្គម ដូចជា ការងារស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន លើស្ត្រី ឬ អង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ សុទ្ធតែមានស្ត្រីជាអ្នកដឹកនាំ និងចូលរួម ។

ដូចបានសង្កេតឃើញស្រាប់ ការងារស្ម័គ្រចិត្តបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយលើក កម្ពស់ស្ត្រីជុំវិញពិភពលោក វាមិនត្រឹមតែអនុញ្ញាតឲ្យស្ត្រី ឬក្មេងស្រីអភិវឌ្ឍន៍ខ្លួនឯងឡើយ វាថែមទាំង ដើរតួនាទីជាវេទិកាមួយសម្រាប់ស្ត្រីការពារខ្លួន និងបង្ហាញពីភាពខ្លាំងរបស់ខ្លួន ។ អាស្រ័យហេតុនេះ បើសិនជាអ្នកចង់ចូលរួមក្នុងការងារទាំងនោះ ពួកយើង WEduShare លើកទឹកចិត្តឲ្យអ្នកចូលទៅកាន់ គេហទំព័ររបស់ពួកយើង ឬ តាម Facebook Page ដើម្បីស្វែងរកឱកាសការងារស្ម័គ្រចិត្តណាមួយដែល អ្នកគិតថាសាកសមសម្រាប់អ្នក ។

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor