ប្រការគួរ និងមិនគួរធ្វើកំឡុងពេលប្រលង

ប្រការគួរ និងមិនគួរធ្វើកំឡុងពេលប្រលង


Posted at: 23 Oct 2020
1803 Views

គ្រាន់តែលឺពាក្យថា “ប្រលង” សិស្សភាគច្រើនច្បាស់ជាមានអារម្មណ៍ថា ភ័យព្រួយ។ អ្នកខ្លះខ្លាចធ្លាក់ ឯអ្នកខ្លះស្រវ៉ាចង់បានពិន្ទុខ្ពស់។ យ៉ាងណាមិញ នៅតែមានសិស្សមួយចំនួន មិនដឹងពីគន្លឹះសំខាន់ដែលអាចជួយខ្លួនកំឡុងពេលប្រលងបាន ជាហេតុនាំឲ្យពួកគេទទួលបានលទ្ធផលមិនគាប់ចិត្ត។

ប្រការគួរធ្វើ

១. ត្រៀមសម្ភារៈចាំបាច់

នៅយប់មុនថ្ងៃប្រឡង អ្នកគួរពិនិត្យមើលសម្ភារៈទាំងឡាយដែលអ្នកនឹងត្រូវប្រើកំឡុងពេលប្រឡង ដូចជាប៊ិច បន្ទាត់ ខ្មៅដៃជាដើម។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកផ្តោតអារម្មណ៍បាន។

២. យល់ច្បាស់ថាខ្លួនត្រូវធ្វើអ្វី

នៅពេលបានវិញ្ញាសារប្រឡង រឿងសំខាន់បំផុតដែលអ្នកគួរធ្វើគឺ អានសេចក្តីណែនាំរបស់លំហាត់នីមួយៗដោយប្រុងប្រយ័ត្ន ទោះអ្នកធ្លាប់ធ្វើលំហាត់នោះក្នុងថ្នាក់ហើយពីមុនមកក៏ដោយ។ បន្ទាប់មក អ្នកគួរអានសំណួរឲ្យបានល្អិតល្អន់។

៣. ធ្វើសំណួរណាដែលងាយស្រួលមុនគេ

អ្នកគួរមើលគ្រប់សំណួរ ហើយធ្វើសំណួរណាដែលអ្នកគិតថាស្រួលមុនគេ។ ការធ្វើបែបនេះ ជួយឲ្យអ្នកចំណេញពេលវេលា ដោយចៀសវាងចំណាយពេលអង្គុយគិតធ្វើសំណួរ ដែលអ្នកធ្វើមិនចេញ។

៤. ពិនិត្យមើលពិន្ទុរបស់សំណួរនីមួយៗ

អ្នកក៏គួរតែគិតទៅលើពិន្ទុសំណួរនីមួយៗដែរ។ ចំណាយពេលច្រើនយកចិត្តទុកដាក់ធ្វើសំណួរណាដែលឲ្យពិន្ទុខ្ពស់ ចំណែកឯសំណួរដែលឲ្យពិន្ទុទាប អ្នកគួរចំណាយពេលបន្តិចបន្តួចធ្វើវាបានហើយ។

ប្រការមិនគួរធ្វើ

១. កុំស្លន់ស្លោ

ភាពភ័យខ្លាចស្លន់ស្លោ អាចនាំឲ្យមានផលប៉ះពាល់មិនល្អដល់អ្នក។ ការប្រឡង មានរយៈពេលតែប៉ុន្មានម៉ោងនោះទេ ឯវិស្សមកាលកាន់តែខិតជិតមកដល់ហើយ។ ខ្ញុំដឹងថា ការនិយាយគឺស្រួលជាងការធ្វើ តែអ្នកគួរព្យាយាមកាត់បន្ថយការព្រួយបារម្ភរបស់អ្នកដើម្បីខ្លួនអ្នក។

២. ចៀសវាងបរិភោគអាហារមិនល្អ

អ្នកគួរប្រុងប្រយ័ត្នចំពោះចំនីអាហារ ព្រោះការបរិភោគចំណីខុសមុនប្រឡង អាចធ្វើឲ្យអ្នកមានបញ្ហាសុខភាព នៅពេលការប្រឡងកៀកជិតមកដល់។

៣. កុំញ៉ាំទឹកច្រើនពេក

ប្រាកដណាស់ ការញ៉ាំទឹកច្រើនល្អចំពោះសុខភាព តែវាមិនមែនជាប្រការល្អកំឡុងពេលប្រឡង រឺរៀបប្រឡងនោះទេ ព្រោះការប្រឡងមួយចំនួន ដូចជាការប្រឡងIELTSជាដើម គេមិនអនុញ្ញាតឲ្យអ្នកចូលបន្ទប់ទឹកឡើយ នោះអ្នកនឹងមិនអាចផ្តោតអារម្មណ៍ទៅលើការប្រឡង ហើយអាចនឹងទទួលបានលទ្ធផលមិនគាប់ចិត្តទៀតផង។ ក្នុងករណីដែលអ្នកត្រូវបានអនុញ្ញាតឲ្យចូលបន្ទប់ទឹកវិញ ៣នាទីដ៏មានតំលៃនៃការប្រឡងរបស់អ្នក គឺត្រូវបានខ្ជះខ្ជាយទៅលើការចូលបន្ទប់ទឹកនោះ។

៤. ចៀសវាងទុកសំណួរចោលទទេ

មិនងាយមាននរណាចេះធ្វើគ្រប់សំណួរនោះទេ តែទោះបីជាអ្នកមិនចេះក៏ដោយ ក៏អ្នកពុំគួរទុកសំណួរចោល ដោយមិនសរសេរអ្វីសោះឡើយ។ បើទុកសំណួរចោល មិនឆ្លើយអ្វីសោះនោះ ក៏មិនបានពិន្ទុ អញ្ចឹងសាកសរសេរតាមគំនិតខ្លួនខ្លះទៅ ថាមិនត្រូវអ្នកហេង ស្រាប់តែចម្លើយត្រូវ អាចនឹងទទួលបានពិន្ទុបន្តិចបន្តួចផងក៏ថាបាន។

៥. ចៀសវាងជាប់គាំងអង្គុយគិតតែសំណួរណាមួយ

អ្នក មិនគួរអង្គុយធ្មឹងសំលឹងគិតតែសំណួរដែលអ្នកមិនចេះនោះទេ ធ្វើសំណួរផ្សេងដែលងាយស្រួលមុនទៅ។ ប៉ុន្តែក្នុងករណី អ្នកធ្វើសំណួរដែលអ្នកចេះអស់រលីងហើយ អ្នកអាចអង្គុយពិចារណាសំណួរដែលអ្នកមិនចេះនោះបាន ដោយចងចាំថាអ្នកមិនអាចទុកសំណួរនោះចោល មិនសរសេរអ្វីសោះឡើយ។

ខ្ញុំសង្ឃឹមថា គន្លឹះទាំងនេះនឹងមានសារៈប្រយោជន៍សំរាប់អ្នក និងអាចជួយការប្រឡងរបស់អ្នកបាន។ សូមសំណាងល្អទាំងអស់គ្នាណា ជាពិសេសអ្នកដែលត្រៀមឡើងសមរភូមិខាងមុខនេះ។


***This article is the property of WEduShare Co., Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co., Ltd.

Powered by Froala Editor