ថ្នាក់រៀនពេលល្ងាច ជាថ្នាក់ដែលមានការពេញនិយមបំផុតសម្រាប់និស្សិតដែលគាត់ជាប់ធ្វើការ និងសិស្សវិទ្យាល័យដែលត្រូវមករៀនភាសាបរទេសពេលល្ងាចព្រោះគាត់ជាប់រៀនខ្មែរព្រឹកថ្ងៃ។ តែការមករៀនវេនពេលល្ងាចមិនមែនរឿងងាយទេ ជាពិសេសសិស្សស្រីទាក់ទងនិងរឿងសុវត្ថិភាព។
ខ្ញុំមានមិត្តភក្ដិស្រីៗច្រើនគួរសមដែរ ពួកគេភាគច្រើនរៀនពេលយប់ ដោយសារតែពួកគេសម្រចចិត្តរៀនពីរជំនាញ នៅសាកលវិទ្យាល័យ។ ដោយសារខ្លួនខ្ញុំផ្ទាល់ក៏កំពុងតែមានថ្នាក់រៀនពេលល្ងាចដែរ ខ្ញុំតែងឮមិត្តភក្ដិបោះសម្លេងរអ៊ូររឿយៗ ពីថ្នាក់ពេលល្អាចនោះ។ គឺថា ទាំងស្ងាត់ ទាំងងងឹត កន្លែងខ្លះអត់មានអំពូលទៀត មើលអីមិនឃើញទេ។ មានពេលខ្លះ បើថ្នាក់ចេញយឺតជាងថ្នាក់គេវិញ គឺដើរម្តងៗដូចរត់ប្រណាំង មិនច្បាស់ខ្លាចមនុស្ស ឬខ្មោច។ គិតៗ ទៅដូចរៀងមិនសូវស្រួលប៉ុន្មានដែរ។ រីឯពេលជិះម៉ូតូវិញ បើខូចតាមផ្លូវគឺថា ទុកថាថ្ងៃហ្នឹងជាថ្ងៃដែលសំណាងអាក្រក់ទៅចុះ។ អូសម៉ូតូពេលយប់ម្នាក់ឯងពេលយប់ ដើម្បីរកកន្លែងធ្វើម៉ូតូហើយ នៅត្រូវទៅដល់ផ្ទះយឺតទៀត បើចំអ្នកផ្ទះឆ្ងាយទៀត ស៊យធំតែម្ដង។
ពេលខ្លះខ្ញុំក៏ចេះតែគិតដែរថា តើសិស្សស្រីទាំងអស់ រួមទាំងខ្ញុំនេះ គួរតែបោះបង់ចោលឱកាសរៀននៅពីរជំនាញ ការធ្វើក្រៅម៉ោង ឬការរៀនភាសាបរទេស អស់ហ្នឹង ដោយសារតែភាពភ័យខ្លាច ដែលពួកយើងតែងព្រួយបារម្ភពេលល្ងាចហ្នឹង?
តាមគំនិតខ្ញុំផ្ទាល់ ពួកយើងពុំគួរបោះបង់ចោលឱកាសអស់នោះទេ។ តែពួកគាត់គួរចេះរកវិធីសាស្រ្ដ ដែលធ្វើឲ្យពួកយើងមានអារម្មណ៍សុវត្ថិភាពពេលបញ្ចប់ម៉ោងសិក្សាពេលល្ងាច។ ខាងក្រោមនេះជាគំនិតមួយចំនួនដែលខ្ញុំតែងតែប្រើប្រាស់ ហើយខ្ញុំសង្ឃឹមថា វានឹងអាចជួយសម្រួលបានមួយផ្នែក ដល់អ្នកដែលកំពុងជួបស្ថានភាពនោះដែរ។
១. គួរមានពិលតាមខ្លួន ហើយកុំដើរម្នាក់ឯងពេលចេញពីថ្នាក់
យើងដឹងហើយថានៅតាមសកលវិទ្យាល័យពិតជាមានទីធ្លាធំខ្លាំង ដូចនេះពីថ្នាក់រៀនទៅចំណតយានយន្តអាចនឹងឆ្ងាយបន្តិច។ ជៀសវាងថ្ងៃណាសាលាដាច់អំពូល យើងមានពិលសម្រាប់ប្រើជាពន្លឺ និងដើម្បីឲ្យរថយន្តងាយស្រួលមើលឃើញយើង។ ហើយគួរតែមានអ្នកដើរជាមួយអ្នកជានិច្ច ទោះជាម្នាក់ឬ ពីរនាក់ក៏ដោយពេលដែលដើរពេលមេឃងងឹត។
២. ត្រូវមានលេខជាងជួសជុលកង់ ម៉ូតូ ឬឡាន ក្រែងថ្ងៃណាវាខូចតាមផ្លូវ
ការខូចយានជំនះពេលខ្លះមិនអាចទាយទុកបានទេ ខ្ញុំផ្ទាល់នេះហើយអ្នកជួបរឿងហ្នឹង។ ម៉ូតូអត់បានខូចទេ តែបាត់សោរម៉ូតូ! ពេលម៉ោង ៦:៣០ ល្ងាច មេឃក៏ចាប់ផ្តើមងងឹតទៀត។ តែសំណាងដែរ ដែលអ្នកនៅកន្លែងផ្ងើម៉ូតូ គាត់ស្គាល់លេខជាងធ្វើសោរ ក៏ខ្ញុំបានហៅគាត់ឲ្យមកជួយចំលងឲ្យមួយភ្លាមៗ។ បើគ្មានលេខជាងទេ ប្រហែលបណ្តើរម៉ូតូទៅផ្ទះហើយល្ងាចហ្នឹងតែម្ដង។
៣. ប្រាប់អ្នកផ្ទះពីគោលដៅដែលយើងទៅ
វាជារឿងល្អមួយដែលពេលចេញពីរៀនពេលយប់ ឬក៏ទៅណាមកណាយើងទូរសព្ទទៅប្រាប់អ្នកផ្ទះឲ្យបានដឹង ព្រោះពួកគាត់អាចដឹងថាយើងនៅកន្លែងណាប្រសិនបើយើងមានបញ្ហា។
៤. គួរជិះតាមផ្លូវធំ ជៀសវាងផ្លូវតូច
តែងតែជិះលើផ្លូវណាដែលមានបំពាក់ភ្លើង និងមានមនុស្សច្រើន។ ធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថា មានសុវត្ថិភាពព្រោះ ផ្លូវធំតែងមានស្លាកអ្វីមួយដែលអាចឲ្យយើងចំណាំផ្លូវបាន ហើយបើមានរឿងអ្វីកើតឡើង អ្នកអាចរកជំនួយពីអ្នកដទៃ។ ណាមួយផ្លូវតូចអាចនឹងមានមនុស្សមានបំណងអាក្រក់លាក់ពួនក៏ថាបាន។
៥. កុំឈប់ពេលមនុស្សមិនស្គាល់ហៅ
បើសិនជាករណីដែលឃើញជនមិនស្គាល់មកជិត ត្រូវជិះទៅរកកន្លែងដែលមានមនុស្សច្រើន។ ហើយបើមានអារម្មណ៍ថាគេនៅតែតាម ឆាប់ជិះរក Mart ឬកន្លែងលក់ផ្សេងៗដើម្បីទូរសព្ទប្រាប់អ្នកផ្ទះ។
សរុបមក បន្ទាប់ពីបានចែករំលែកចំណុចមួយចំនួនខាងលើនេះ ខ្ញុំសង្ឈឹមថាវានឹងអាចជួយសម្រួលដល់ការសិក្សារបស់មិត្ដភក្ដិស្រីមួយចំនួនដែលកំពុងជួបនូវបញ្ហានេះ ជាពិសេស ប្អូនស្រីៗដែលមកពីតាមបណ្ដាខេត្ដ ហើយកំពុងបន្ដការសិក្សានៅភ្នំពេញ។ អញ្ជឹងហើយ កុំឲ្យបញ្ហាទាំងនោះក្លាយជាកត្ដាជំរុញទឹកចិត្តអ្នក ឲ្យបោះបង់ចោលឱកាស ដែលអ្នកគួរចាប់យកទាំងអស់នោះនៅពេលនេះ។
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
Powered by Froala Editor