តើរបបអាហារអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឬ?

តើរបបអាហារអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឬ?


Posted at: 30 Sep 2020
2239 Views

ម្ហូបអាហារដែលយើងញុំារាល់ថ្ងៃ មិនត្រឹមតែធ្វើឲ្យអ្នកទាំងអស់គ្នាឆ្អែត ឬបាត់ឃ្លាន នៅពេលដែលញុំាហើយតែម្យ៉ាងឯណា ចំពោះអាហារខ្លះដែលអ្នករាល់គ្នាបានញុំានោះ វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអារម្មណ៍មិនល្អ ឬជម្ងឺផ្សេងៗ ជាពិសេសអារម្មណ៍តានតឹង។ ឆ្ងល់ណាស់ថា តើរបបអាហារបែបណា ដែលអាចកាត់បន្ថយអារម្មណ៍តានតឹងបានទៅ? តើអាហារទាំងនោះមានផ្ទុកសារធាតុអ្វី ទើបវាអាចជួយដល់សម្រួលដល់អារម្មណ៍តានតឹងនេះបាន? ខាងក្រោមនេះជាចម្លើយ៖

១. ផ្លែប័រ
វីតាមីន B មានសារៈសំខាន់ណាស់សម្រាប់សុខភាព លើសពីនេះវាជួយសម្រួលទៅដល់ផ្លូវអារម្មណ៍របស់អ្នកទៀតផង។ នៅពេលដែលរាងកាយរបស់អ្នកផ្ទុកវីតាមីនBមិនគ្រប់គ្រាន់ វាគឺជាកត្ដាមួយដែលនាំអោយអ្នកមានជម្ងឺតានតឹងនិងធុញថប់ជាដើម បើយោងតាម MEN’S JOURNAL។ ប៉ុន្ដែអ្នកអាចជ្រើសរើសញាុំផ្លែប័របាន ព្រោះវាសម្បូរទៅដោយវីតាមីន B ដែលអាចជួយបន្ធូរអារម្មណ៍តានតឹងរបស់អ្នក។

២. សូកូឡាខ្មៅ
យោងតាម Medical News Today សូកូឡាខ្មៅ គឺជារបបអាហារមួយក្នុងរបបអាហារទាំងអស់ ដែលអាចកាត់បន្ថយភាពតានតឹងរបស់អ្នកបាន ដោយសារតែវាមានផ្ទុកសារធាតុ Polyphenols ដែលផ្សំឡើងដោយសណ្ដែកខៀវ និងសារធាតុ Tryptophan ដែលជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានល្អ លើសពីនេះវាក៏មានផ្ទុកសារធាតុ ម៉ាញ៉េស្យូម ដែលអាចជួយការបន្ថយអារម្មណ៏តានតឹង ឬ ជម្ងឺបាក់ចិត្ដទៀតផង។

៣. ត្រីសាម៉ុង
ត្រីសាម៉ុងមិនត្រឹមតែឆ្ងាញ់ទេ ប៉ុន្ដែវាក៏ជួយកាត់បន្ថយអារម្មណ៍តានតឹងបានដែរ ពីព្រោះវាមានផ្ទុកនូវសារធាតុ អូមេហ្កា ៣ (Omega-3) ជាអាស៊ីតខ្លាញ់ ដែលវាមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយសុខភាពផ្លូវចិត្ដរបស់មនុស្ស។

៤. ស៊ុត
ស៊ុតក្រហមរបស់ស៊ុតសត្វ វាសម្បូរទៅដោយវីតាមីន D ហើយស៊ុតទាំងមូលក៏សម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយឲ្យរាងកាយរបស់អ្នកលូតលាស់។ ស៊ុតក៏មានផ្ទុកនូវសារធាតុ Tryptophan ដូចទៅនឹងសូកូឡាដែរ ដែលធ្វើឲ្យអ្នកអាចគ្រប់គ្រងអារម្មណ៏ ការគេង និងទម្លាប់របស់អ្នកបាន។ 

៥. គ្រាប់ធុញ្ញជាតិអាល់ម៉ុង
អាល់ម៉ុង (Almond) គឺជាគ្រាប់ធុញ្ញជាតិ ដែលសម្បូរទៅដោយសារធាតុ ម៉ាញ៉េស្យូម និងវីតាមីន B និង E ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹងរបស់អ្នកបាន។ គ្រាប់អាល់ម៉ុង១២គ្រាប់ ផ្ទុកម៉ាញ៉េស្យូមរហូតទៅដល់ ៧៥មីលីក្រាម ដូច្នេះអ្នកជ្រើសរើសញុំាគ្រាប់អាល់ម៉ុងបាន ប្រសិនបើអ្នកមានអារម្មណ៏តានតឹង។ 

ជារួមមក មិនមែនមានតែអាហារដែលបានរៀបរាប់ខាងលើនេះទេ ដែលអាចកាត់បន្ថយភាពតានតឹងរបស់អ្នក គឺនៅមានអាហារជាច្រើនទៀតដូចជា៖ ទឹកដោះគោស្រស់ ទឹកដោះគោជូរ តែបៃតង ប្លូប័រី ខាត់ណា និងក្រូចជាដើម ដែលផ្ទុកទៅដោយសារធាតុសំខាន់ៗ ក្នុងការកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកទាំងអស់គ្នាដែរ។ ដូច្នេះ ការជ្រើសរើសរបបអាហារឲ្យត្រូវទៅនឹងសុខភាពរាងកាយ និងអារម្មណ៍របស់អ្នក គឺមានសារៈសំខាន់ណាស់ ព្រោះសុខភាពគឺជាកត្ដាចម្បង ដែលអ្នករាល់គ្នាត្រូវតែយកចិត្ដទុកដាក់។


Sources:
https://www.everydayhealth.com/anxiety-pictures/anxiety-foods-that-help-foods-that-hurt-0118.aspx
https://www.medicalnewstoday.com/articles/322652.php  
https://www.psycom.net/foods-that-help-with-anxiety-and-stress/

   
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor